ជាតិ
សង្គមជាតិ
ភ្ជុំបិណ្ឌ​៖ វត្ត​នាគ​វន្ត និង​វត្ត​សំពៅ​មាស ចែក​អាហារ​ដល់​អ្នក​ខ្សត់ខ្សោយ
14, Sep 2020 , 10:39 pm        
រូបភាព
​ដោយ​៖ ប៉ូ សុភា 
​ថ្ងៃ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ព្រះសង្ឃ​និង​អាចារ្យ វត្ត​នាគ​វន្ត និង​វត្ត​សំពៅ​មាស បានរៀបចំ​អាហារ​ចែក​ឱ្យ​ពុទ្ធបរិស័ទ​ដែលមាន​ជីវភាព​ខ្វះខាត​នៅ​ជិតៗ​វត្ត តាម​មន្ទី​ពេទ្យ និង​មណ្ឌល​កុមារកំព្រា​ជាដើម ។ ព្រះចៅអធិការ វត្ត មាន​សង្ឃ​ដិ​ការ​ថា ការបែងចែក​អាហារ​របស់​វត្ត​ដល់​អ្នក​ខ្សត់ខ្សោយ​ជីវភាព​នេះ ក្នុង​គោលបំណង​ជួយ​ដល់​ដោះស្រាយ​ការលំបាក​ពួកគេ​។ ជាពិសេស​មិនឱ្យ​មាន​ករណី​ខ្ជះខ្ជាយ​អាហារ​នៅ​វត្ត ក្នុង​ថ្ងៃបុណ្យ​ភ្ជុំ​។​


​នៅ​ម៉ោង​ប្រមាណ​ជា ១២​ថ្ងៃត្រង់ ក្រុម​គណៈកម្មការ​វត្ត​នាគ​វន្ត រួមជាមួយ​ចៅសង្កាត់​ខណ្ឌទួលគោក​បាន​រៀបចំ​វេច​ខ្ចប់​បាយ សម្ល (​ស្ងោរ ឆា ចៀន អាំង​) និង​បង្អែម​ជា​កញ្ចប់ៗ​ដើម្បី​យកទៅ​ចែកជូន​ចាស់ជរា ក្មេងៗ ជនអនាថា​តាម​ដងផ្លូវ និង​មណ្ឌល​កុមារកំព្រា​កុលាប​ទី​៤​នៅក្នុង​ខណ្ឌទួលគោក​។  
 
​ព្រះ​បវរ​មុនី ងិន យី​ម អនុគណ​ខណ្ឌទួលគោក និង​ជា​ព្រះចៅអធិការ​វត្ត​នាគ​វន្ត មាន​សង្ឃ​ដិ​ការ​ថា នៅក្នុង​វត្ត​ពេល​ថ្ងៃ​បុណ្យទាន​តែង​អាហារ​សម្បូរ​ជាង​ថ្ងៃ​ធម្មតា ដូច្នេះ​សង្ឃ និង​គណៈកម្មការ​បាន​រៀបចំ​រួចជាស្រេច ដើម្បី​បែងចែក​តាម​គោលដៅ​។ « ក្នុង​ថ្ងៃបុណ្យ​អាហារ​សម្បូរ​ណាស់ ដូច្នេះ​អាចារ្យ​បាន​ចែក​ឱ្យ​ក្មេងៗ និង​ចាស់ជរា​ចំណុះជើងវត្ត នឹង​នៅសល់​ប៉ុន្មាន​គណៈកម្មការ​បាន​សហ​ការ​ជាមួយ​ចៅសង្កាត់​ចាត់ចែង​បន្ត​ចែក​ដល់​ក្រុម​សន្តិសុខ អ្នក​អនាម័យ និង​មួយចំនួនទៀត ឆ្លៀត​យក​ចែក​ទៅ​មណ្ឌលកុមា​កំព្រា​ដែល​ត្រូវការ​ជំនួយ​អាហារ »​។​
 
​ព្រះ​បវរ​មុនី ងិន យី​ម ព្រះជន្ម ៥៨​ព្រះវស្សា មាន​សង្ឃ​ដិ​ការ​បន្តថា អាហារ​ដែល​ពុទ្ធបរិស័ទ​យកមក​ប្រគេន​ព្រះសង្ឃ​ក្នុង​ថ្ងៃបុណ្យ​មិន​សល់​ទេ ព្រោះ​វត្ត​បានរៀបចំ​បែងចែក​អាហារ​ទាំងនេះ មិនឱ្យ​នៅសល់​ខូច​នោះឡើយ​។ « ចង្ហាន់​ញាតិ​ញោម​ប្រគេន​មក​អាត្មា មិនដែល​នៅសល់ ដោយសារ​ក្រោយ​ការប្រើប្រាស់​ក្នុង​វត្ត ព្រះសង្ឃ​និង​អាចារ្យ​រួម​នឹង​ចៅសង្កាត់​ខណ្ឌទួលគោក បានរួម​សហការគ្នា​បែងចែក​អាហារ​ទាំង​នោះបាន​យ៉ាង​ល្អ​តាម​គោលដៅ​ដូចជា អាចារ្យ​ចែក​អាហារ​នៅ​នឹង​វត្ត រីឯ​ខាង​ចៅសង្កាត់​ចែក​ក្នុង​ខណ្ឌ​និង​នៅតាម​មណ្ឌលកុមារ​កំព្រា​ជាដើម »​។ នេះ​ជាការ​បញ្ជាក់​របស់រប​ស់​ព្រះចៅអធិការ​វត្ត​នាគ​វន្ត​។​
 
​ឈរ​នៅមុខ​សាលាឆាន់​ក្នុង​វត្ត​នាគ​វន្ត​អ្នកស្រី ហេង វ៉ា​នី មាន​វ័យ​៣១​ឆ្នាំ​ជា​អ្នក​ជួល​ផ្ទះ​ជាប់​របង​វត្ត​នាគ​វន្ត បានទទួល​អាហារ​ពី​វត្ត​នាគ​វ័​ន្ត មិនដែល​អាក់ខាន​ឡើយ​។ « ឱ្យតែ​ថ្ងៃបុណ្យ​ខ្ញុំ​និង​ក្មេងៗ​ដទៃទៀត​តែង​មកឈរ​ចាំ​យក​អាហារ​នៅទីនេះ ព្រោះ​ក្រោយពី​ចង្ហាន់​ថ្ងៃត្រង់​ព្រះសង្ឃ​និង​គណៈកម្មការ​នឹង​ចែក​អាហារ​ឱ្យ​ពួកយើង​យកទៅ​បរិភោគ​ហើយ  »​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី វ៉ា​នី​។​
 
​លោក ថា ចាន់ថន ជា​មន្ត្រី​ជំនួយ​ការណ៍​សាធារណៈ ក្នុង​ខណ្ឌទួលគោក​មាន​ប្រសាសន៍ថា ក្នុង​វត្ត​នាគ​វន្ត​ចៅអធិការ និង​អាចារ្យវត្ត​នេះ​រៀបចំ​បាន​យ៉ាង​ល្អ នៅក្នុង​ថ្ងៃបុណ្យ​មិន​ដែលមាន​អាហារ​សល់​ទេ​។ លោក បានបញ្ជាក់​ដូច្នេះ​៖« នៅក្នុង​ថ្ងៃ​មានបុណ្យ​ទាន​នៅ​វត្ត​នេះ មិនចាំបាច់​ភ័យ​ថា​មាន​អាហារ​សល់​ទេ ព្រោះ​ឱ្យតែ​ដល់​ម៉ោង​មាន​អ្នកភូមិ​នៅក្បែរ​នេះ​នាំគ្នា​មក​យក​ហើយ​។ ម្យ៉ាងវិញទៀត​បើ​មាន​អាហារ​ច្រើន​ដូចជា​ថ្ងៃ​កាន់បិណ្ឌ ព្រះចៅអធិការ​វត្ត​នេះ​បានរៀបចំ​ធុង​ជ័រ​ធំៗ​ទុកដាក់​ម្ហូបអាហារ​បន្ថែម យកទៅ​ចែក​បន្ត​ដល់​មណ្ឌល​កុមារកំព្រា​នៅក្នុង​ខណ្ឌ »​។​
​ព្រះចៅអធិការ ងិន យី​ម​មាន​សង្ឃ​ដិ​ការ​បន្តថា​គណៈកម្មការ​វត្ត​រៀប​បង្កើត​គណៈកម្មការ​បែងចែក​អាហារ​នេះ​ឡើង​ក្នុង​គោលបំណង​រក្សា​ឱ្យបាន​នូវ​អនាម័យ និង​មិនឱ្យ​កើតមាន​ករណី​ខ្ជៈ​ខ្ជាយ​អាហារ​ក្នុង​បរិវេណ​វត្ត​»​។​
 
​មិន​ខុសពី​វត្ត​នាគ​វ័​ន្ត​ឡើយ វត្ត​សំពៅ​មាស ឯណេះ​វិញ ក៏​រៀបចំ​បែងចែក​អាហារ​ក្នុង​ថ្ងៃ​កាន់បិណ្ឌ​ចែក​ដល់​ពុទ្ធបរិស័ទ​ផងដែរ​។ ចាប់ផ្តើម​ពី​បិណ្ឌ​ទី​១ មក ព្រះសង្ឃ​នឹង​គណៈកម្មការ​វត្ត បាន​រៀប​អាហារ​ជា​កញ្ចប់​ចែក​ទៅ​អ្នក​ខ្វះខាត​នៅ​ជិត​វត្ត អ្នកធាក់ស៊ីក្លូរ  និង​ពលរដ្ឋ​មួយចំនួន ដែល​សម្រាក​ព្យាបាល​តាម​មន្ទី​ពេទ្យ​សម្តេចឪ និង​មន្ទី​ពេទ្យ​គន្ធបុប្ផា​ជាដើម​។​
 
​ព្រះចៅអធិការ​វត្ត​សំពៅ​មាស​ព្រះនាម ព្រះ​មង្គល​ស​ត្ថា កង ណា​ម៉ា​នី មាន​សង្ឃ​ដិ​ការ​ថា ការបែងចែក​អាហារ​នេះ ដើម្បី​គ្រប់គ្រង​ម្ហូបអាហារ​ដែលមាន​លើស​សេចក្តីត្រូវការ​រប​ស់វ​ត្ត ព្រមទាំង​ឆ្លៀតឱកាស​បាន​ចែកទាន​បន្ត​ផង​។ « ដ្បិត​ពួកគាត់​ទទួលបាន​អាហារ​ពី​វត្ត​បន្តិចបន្តួច​ក្តី ប៉ុន្តែ​អាហារ​ទាំងនោះ​ពិត​ជាមាន​អត្ថន័យ​ណាស់​សម្រាប់​អ្នក​ចែកទាន​។ ម្យ៉ាងវិញទៀត​ក្នុងនាម​អាត្មា​ជា​ព្រះចៅអធិការ​វត្ត ពិតជា​មិន​ចង់ឱ្យមាន​អាហារ​សល់​ក្នុង​ថ្ងៃបុណ្យ  ដោយសារ​សង្ឃ​និង​គណៈកម្មការ​វត្ត​គ្មាន​លទ្ធភាព​គ្រប់គ្រង​នោះទេ​។ នេះ​ជាស​ង្ឃ​ដិ​ការ​របស់​ព្រះចៅអធិការ​វត្ត​សំពៅ​៕
 

Tag:
 អាហារ​
  ជរា​
  មណ្ឌល​
  កុមារកំព្រា​
 
© រក្សាសិទ្ធិដោយ thmeythmey.com