ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
កម្ពុជា តប​នឹង​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ថា កម្ពុជា មិន​ចាប់​មនុស្ស​តាម​អំពើ​ចិត្ត​ឡើយ
14, Sep 2020 , 5:59 pm        
រូបភាព
យុវជន ហ៊ុន វណ្ណៈ (ដើរមុខគេ) ចូលរួមទាមទារឲ្យដោះលែងលោក រ៉ុង ឈុន។ ក្រោយមក យុវជនរូបនេះ ក៏ត្រូវចាប់ខ្លួនដែរ។ រូបពីទំព័រហ្វេសប៊ុក N1M
យុវជន ហ៊ុន វណ្ណៈ (ដើរមុខគេ) ចូលរួមទាមទារឲ្យដោះលែងលោក រ៉ុង ឈុន។ ក្រោយមក យុវជនរូបនេះ ក៏ត្រូវចាប់ខ្លួនដែរ។ រូបពីទំព័រហ្វេសប៊ុក N1M
​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ ក្នុងទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស បានចេញ​សេចក្តីថ្លែងការណ៍ តប​មក​អ្នកនាំពាក្យ​នៃ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា (OHCHR) ដែល​បានចេញ​កំណត់ហេតុ​សង្ខេប ស្តីពី​ការចាប់​ក្រុមយុវជន​និង​ក្រុម​សកម្មជន​ជា​ហូរហែ ក្នុង​មួយរយៈ​កាល​ចុងក្រោយ​នេះ​។


​តំណាង​កម្ពុជា ចាត់ទុក​ការវាយតម្លៃ​ក្នុង​កំណត់​ហេតុនេះ ដែល​រិះគន់​រដ្ឋាភិបាល​កម្ពុជា ថា​ជាការ​សន្និដ្ឋាន​ខុសឆ្គង​និង​នាំ​ឲ្យ​មានការ​ភាន់ច្រឡំ មកលើ​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​។ តំណាង​កម្ពុជា និយាយ​ល្អ​ពី​កម្ពុជា​ថា​៖«​ប្រទេស​កម្ពុជា ពុំ​អនុញ្ញាត​ឲ្យ​មានការ​ចាប់ខ្លួន​តាម​អំ​ពើ​ចិត្ត​នោះឡើយ​។ មន្ត្រី​អនុវត្ត​ច្បាប់​រូប​ណា ដែលមាន​កំហុសឆ្គង​និង​បំពាន​ច្បាប់ ត្រូវតែ​ទទួល​ទណ្ឌកម្ម​។ មាន​ឧទាហរណ៍​ជាច្រើន អំពី​ការដាក់ទោសទណ្ឌ​លើ​មន្ត្រី ប្រព្រឹត្ត​ខុស នាពេល​កន្លងមក​»​។ 
 
​តំណាង​កម្ពុជា រំលេច​ទិដ្ឋភាព​វិជ្ជមាន​ទៀតថា អង្គការក្រៅរដ្ឋាភិបាល​និង​អ្នកការពារ​សិទ្ធិមនុស្ស កំពុងដំណើរការ​ដោយ​សេរី​នៅ​កម្ពុជា និង​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ចូលរួម​អភិវឌ្ឍ​ជាតិ​។ តំណាង​កម្ពុជា បន្ថែមថា មានតែ​អង្គការ​និង​បុគ្គលបំពាន​ច្បាប់​ប៉ុណ្ណោះ ដែល​ត្រូវ​ហាមឃាត់​។ 
 
​បរិយាយ​ពី​ចំណុច​ល្អៗ​របស់​រដ្ឋាភិបាល​កម្ពុ​ជា​រួចហើយ តំណាង​កម្ពុជា ក៏​ក្រើន​រំលឹកថា ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ មាន​កាតព្វកិច្ច​គោរព​អធិបតេយ្យ​និង​ដែន​សមត្ថកិច្ច​របស់រ​ដ្ឋ​ជា​ម្ចាស់ផ្ទះ​។ 
 
​តាមរយៈ​កំណត់ហេតុ កាលពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២០ អ្នកនាំពាក្យ​នៃ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ បាន​វាយតម្លៃ​ក្នុងន័យ​អវិជ្ជមាន​ដូច្នេះ​ថា​៖«​ស្ថានភាព​នាពេល​បច្ចុប្បន្ននេះ បង្ហាញ​ឲ្យ​យើង​កាន់តែ​ឃើញ​នូវ​ការមិន​អត់ឱន​របស់​រដ្ឋាភិបាល ចំពោះ​គំនិត​ផ្ទុយ​ពី​ខ្លួន និង​ការគាបសង្កត់​ទៅលើ​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ ការជួបជុំ​ដោយ​សន្តិវិធី និង​ការ​ចងក្រង​សមាគម​...»​។​
 
​ក្រៅពី​ការរិះគន់ ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ តាមរយៈ​អ្នកនាំពាក្យ​របស់ខ្លួន បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង​សកម្មជន​និង​យុវជន ដែល​ត្រូវបាន​ឃុំខ្លួន ជាបន្ទាន់​និង​គ្មាន​លក្ខខណ្ឌ និង​ស្នើ​ឲ្យ​បញ្ចប់​ការបំភិតបំភ័យ​ទៅលើ​អង្គការ​សង្គម​ស៊ីវិល​។ បន្ថែម​ពីនេះ ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ អំពាវនាវ​ដល់ក​ម្លាំ​សន្តិសុខ បញ្ឈប់​ការប្រើ​កម្លាំង​ហួសប្រមាណ​លើ​អ្នក​តវ៉ា​។​
 
​អ្នកស្រី រ៉ូ ណា​ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា បានបង្ហាញ​ក្តីបារម្ភ​ចំពោះ​ការចាប់​យុវជន​និង​សកម្ម​ទាំងនោះ​។ អ្នកស្រី  លើកទឹកចិត្ត​ដល់​អាជ្ញាធរ​កម្ពុជា ឲ្យ​គោរព​សិទ្ធិ​បញ្ចេញមតិ​និង​ការជួបជុំ​។ អ្នកស្រី សរសេរ​លើ​បណ្តាញ​សង្គម​ថា​៖«​ខ្ញុំ កំពុង​តាមដាន​ព្រឹត្តិការណ៍​ទាំងនេះ​យ៉ាង​ដិតដល់ នៅក្នុង​ប្រទេស​កម្ពុជា​»​។​
 
​អង្គការ​ជាតិ​-​អន្តរជាតិ​នានា ក៏​ចូលរួម​ស្នើ​ឲ្យ​ដោះលែង​យុវជន​និង​សកម្មជន ដែល​ត្រូវ​ចាប់ខ្លួន​ទាំងនោះ​ដែរ​។ ប៉ុន្តែ ការ​ឈឺឆ្អាល​របស់​អង្គការ​ជាតិ​-​អន្តរជាតិ​ទាំងនោះ ហាក់​គ្មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​កម្ពុជា​ឡើយ ដោយ​អ្នក​ជាប់ឃុំ នៅតែ​បន្ត​ជាប់ឃុំ​ដដែល​។ 
 
​យុវជន​យុវតី​ជាង​១០​នាក់​ហើយ ដែល​ត្រូវ​ចាប់ខ្លួន​ជា​បន្តបន្ទាប់ រួមមាន អតីត​ព្រះសង្ឃ កើត សារាយ យុវជន មាន ព្រហ្ម​មុនី យុវជន ហ៊ុន វណ្ណៈ យុវជន ថា ឡា​វី យុវជន ថុ​ន រដ្ឋា យុវជន មួង សុភ័ក្ត្រ យុវតី ឈឿ ដា​រាវី យុវតី សូ មេត្តា យុវតី ស កន្និកា យុវតី ឡុង គ​ន្ធា និង យុវតី ភួ​ន កែវ​រស្មី ជាដើម​។ អតីត​ព្រះសង្ឃ និង​យុវជន​យុវតី​ទាំងនោះ ភាគច្រើន​ជា​សមាជិក​នៃ​ក្រុមយុវជន​ខ្មែរ​ថាវរៈ​និង​ក្រុមយុវជន​ចលនា​មាតា​ធម្មជាតិ​។​
 
​លោក រ៉ុង ឈុន មេ​សហជីព និង លោក សួង សុ​ភ័​ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ត្រូវ​ចាប់ខ្លួន​មុន​យុវជន​យុវតី​ខាងលើ​។ អ្នក​ទាំង​២ ត្រូវ​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​រឿង​ព្រំដែន​។ ឯ​យុ​វជ​យុវតី ត្រូវ​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ការចេញ​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទាំង​២ និង​ទាមទារ​ឲ្យ​មាន​យុត្តិធម៌​សង្គម​។ នៅមាន​មនុស្ស​មួយទៀត ដែល​ត្រូវ​ចាប់ខ្លួន ដូចជា យុវជន​ជា​អ្នកចម្រៀង​រ៉េ​ប ជា គ​ន្ធា រួមទាំង​មន្ត្រី​អតីត​គណបក្សប្រឆាំង​២​រូប គឺ លោក ជុំ វុទ្ធី និង លោក ឈួ ផេង​៕ 

Tag:
 សិទ្ធិមនុស្ស​
  OHCHR
  តំណាង​កម្ពុជា​នៅ UN
  រ៉ុង ឈុន
© រក្សាសិទ្ធិដោយ thmeythmey.com