Hamilton ឈ្នះការប្រណាំង F1 លើកទី៦រដូវកាលនេះ និងលើកទី៩០ក្នុងអាជីព
កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
Hamilton ឈ្នះការប្រណាំង F1 លើកទី៦រដូវកាលនេះ និងលើកទី៩០ក្នុងអាជីព
14, Sep 2020 , 7:39 pm        
រូបភាព
Lewis Hamilton ឈ្នះការប្រណាំងរថយន្ត Formula One លើកទី៦ រដូវកាលនេះនៅទីលាន Tuscan Grand Prix ប្រទេសអ៊ីតាលី។ នេះក៏ជាជ័យជម្នះលើកទី៩០ ក្នុងអាជីពរបស់អ្នកប្រណាំងអង់គ្លេស តាមរយៈការប្រជែងឈ្នះមិត្តរួមក្រុម Mercedes កីឡាករ Valtteri Bottas ដើម្បីឆ្ពោះទៅបំបែកកំណត់ត្រាឈ្នះការប្រណាំងច្រើនជាងគេលើលោករបស់លោក Michael Schumacher។


 
ម្ចាស់ការពារតំណែងជើងឯកដែលបើកបរឲ្យក្រុម Mercedes បានបញ្ចប់ទីមុនគេ ដោយប្រើថេរវេលា ២ម៉ោង ១៩នាទី និង៣៥វិនាទី ដែលជាពេលវេលាយូរបំផុត នាការប្រណាំងលើទីលានទី៩ នៅថ្ងៃទី១៣ ខែកញ្ញា។ មិត្តរួមក្រុម Mercedes កីឡាករ Valtteri Bottas ទទួលបានចំណាត់ថ្នាក់ទីពីរ ខណៈលេខ៣ ធ្វើបានដោយកីឡាករថៃ Alex Albon ដែលបើកបរឲ្យក្រុម Red Bull។
 
នេះជាជ័យជម្នះទី៦ របស់ Hamilton ក្នុងចំណោមការប្រណាំងទាំង៩លើកនៅឆ្នាំ២០២០នេះ។ ការឈ្នះការប្រណាំងបែបនេះ នឹងធ្វើឲ្យអ្នកប្រណាំងសញ្ជាតិអង់គ្លេស វ័យ៣៥ឆ្នាំ ឆ្ពោះទៅគ្រងតំណែងជើងឯកលើកទី៧ របស់ខ្លួនយ៉ាងឆាប់រហ័ស។ ជាមួយជ័យជម្នះទី៩០ក្នុងអាជីព Hamilton ក៏កំពុងឆ្ពោះទៅរកការបំបែកកំណត់ត្រាឈ្នះការប្រណាំងច្រើនជាងគេរបស់អតីតអ្នកប្រណាំងសញ្ជាតិអាល្លឺម៉ង់ Michael Schumacher ដែលបានឈ្នះចំនួន ៩១ដង។
 
ឆ្លងកាត់ការប្រណាំង៩លើក Hamilton រកបាន១៩០ពិន្ទុ ដោយនាំមុខមិត្តរួមក្រុម Mercedes កីឡាករហ្វាំងឡង់ Bottas ចំនួន៥៥ពិន្ទុ។ Max Verstappen អ្នកប្រណាំងសញ្ជាតិហូឡង់ដែលបើកឲ្យក្រុម Red Bull ឈរលេខ៣ មាន១១០ពិន្ទុ ខណៈ Albon នៅលេខរៀងទី៥មាន៦៣ពិន្ទុ។
 
ជំនួបបន្ទាប់នឹងធ្វើនៅប្រទេសរុស្ស៊ី ក្នុងកម្មវិធី Russian Grand Prix នៅថ្ងៃទី២៧ ខែកញ្ញា ខណៈការប្រណាំងនៅសល់ចំនួន៨លើកទៀតនឹងបញ្ចប់រដូវកាលឆ្នាំ២០២០នេះ៕
 


Tag:
 Formula One
  Lewis Hamilton
© រក្សាសិទ្ធិដោយ thmeythmey.com