ជាតិ
បុណ្យភ្ជុំបិណ្ឌ
សាសនា / ធម៌
​ភ្ជុំបិណ្ឌ​៖ ពលរដ្ឋ​ខ្វះខាត​ជីវភាព ត្រេកអរ​ដែល​ទទួលបាន​អាហារ​ពី​វត្ត ខណៈ​កូ​វីដ​-១៩ កំពុង​រាតត្បាត​
15, Sep 2020 , 7:59 am        
រូបភាព
​ដោយ​៖ ប៉ូ សុភា 
 
​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត​មួយចំនួន ទទួលបាន​អាហារ​គ្រប់គ្រាន់ ពី​វត្ត​អារាម​ដែល​នៅ​ជិត​ផ្ទះ​ពួកគេ នា​ថ្ងៃ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ រយៈពេល​១៥​ថ្ងៃ ។ ពួកគេ​ថា ម្ហូបអាហារ​ដែល​ទទួល​បាន​ក្រោយ ចង្ហាន់​ព្រះសង្ឃ រយៈពេល​១៥​ថ្ងៃ ក្នុងអំឡុង​ភ្ជុំបិណ្ឌ​នេះ អាចជា​ផ្នែក​មួយ​ជួយ​កាត់បន្ថយ​ការចំណាយ និង​សម្រួល​ដល់​ជីវភាព​មួយ​ភាគ​ធំ​។​


 
​ក្រោយ​ចង្ហាន់​ព្រះសង្ឃ​ថ្ងៃត្រង់​ក្នុង​វត្ត​នាគ​វន្ត នា​ម៉ោង​ប្រមាណ​ជា ១១៖៣០​នាទី​នោះ មាន​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​នាំគ្នា ទៅយក​អាហារ​ពី​វត្ត មក​បរិភោគ​តាម​ផ្ទះ​រៀងខ្លួន​។ យុវជន ពេ​ជ សាវុធ ដែលមាន​ផ្ទះ​នៅ​ជិត​វត្ត​នាគ​វ័​ន្ត តែងតែ​ទៅ​ទទួល​ម្ហូបអាហារ​ពី​វត្ត ជា​រៀងរាល់ឆ្នាំ​។ យុវជន​រូបនេះ ហាក់​មាន​ភាព​រីករាយ​ណាស់ ដែល​ទទួលបាន​អាហារ​ពី​វត្ត​ដ៏​ច្រើន​បែបនេះ​។​
 
​នៅក្នុង​ដៃ​មាន​យួរ​សម្លរ ឆាសណ្តែក ស្ងោរជ្រក់ សម្ល​រខ និង​ម្ហូប​បី​មុខ​បន្ថែមទៀត​នេះ យុវជន ពេ​ជ សាវុធ ដែល​មក​ទទួល​អាហារ​ពី​វត្ត​នាគ​វន្ត ក្នុង​ថ្ងៃ​កាន់បិណ្ឌ បាន​និយាយថា​៖« ឱ្យតែ​ដល់​ថ្ងៃបុណ្យ​ម្តងៗ​អ្នកផ្ទះ​របស់ខ្ញុំ​តែងតែ​ប្រាប់​ខ្ញុំ​ឱ្យមក​យក​អាហារ​ពី​វត្ត ដើម្បី​យក​ចែកគ្នា​ហូប​និង​នៅសល់​ខ្លះ​ពួកយើង​ចែករំលែក​ឱ្យ​អ្នកជិតខាង​បន្តទៀត​នៅក្នុង​ភូមិ » ។​
 
​យុវជន​រូបនេះ ហាក់​មិនមាន​ភាព​អៀនខ្មាស ក្នុង​ការយក​អាហារ​ពី​វត្ត​នោះទេ ព្រោះតែ​ជីវភាព​ខ្វះខាត​។ សាវុធ បន្ត​និយាយ​ដោយ​មិន​លាក់លៀម​ថា​៖ « មិនមែន​មានតែ​រូបខ្ញុំ​ទេ  មាន​អ្នកភូមិ​ច្រើន​ទៀត ដែល​ធ្វើបែបនេះ ដោយសារ​ក្នុង​ថ្ងៃបុណ្យ​មាន​អាហារ​ឆ្ងាញ់ៗ​ច្រើន ដែល​នៅសល់​បន្ទាប់ពី​ចង្ហាន់​ត្រង់​របស់​ព្រះសង្ឃ ។ នេះ​ជា​ពេលវេលា​ដ៏​រីករាយ​ដែល​យើង​អាច​ទទួលបាន​អាហារ​ដោយ​មិនបាច់​ចំណាយ​ប្រាក់​ទិញ​ឡើយ ហើយ​មាន​សម្ល​ច្រើន​យើង​ចង់​ជ្រើស​យក​មួយណា​ក៏បាន  »​។​
 
​អ្នកស្រី ហេង ស្រី​ពៅ ក៏​កំពុង​ប្រមូល​អាហារ​ច្រកចូល​ក្នុង​ថង​ប្លា​ស្ទិ​ក​ហៀបនឹង​យកទៅ​ផ្ទះ​ដែរ​។ ស្ត្រី​វ័យ​៥១​ឆ្នាំ​រូបនេះ អះអាងថា ខ្លួន​ប្រមូលយក​អាហារ​ពី​វត្ត​នេះ ទាំង​មាន​ភាព​អៀនខ្មាស​។​ប៉ុន្តែ​ដោយសារតែ​បញ្ហា​វិបត្តិ​កូ​វីដ​-១៩ ដែល​ធ្វើ​ឲ្យ​គ្រួសារ​ខ្លួន​ធ្លាក់ចុះ​ចំណូល​នោះ ទើប​អ្នកស្រី​បង្ខំចិត្ត​យក​អាហារ​ពី​វត្ត​នេះ ដើម្បី​កាត់បន្ថយ​ការចំណាយ​ខ្លះ​។​
 
​ជា​អ្នក​រស់នៅក្នុង​សង្កាត់​បឹងកក់​II ខណ្ឌទួលគោក រាជធានី​ភ្នំពេញ អ្នកស្រី ពៅ បាន​និយាយថា​៖« រៀងរាល់ឆ្នាំ​គ្រួសារ​របស់ខ្ញុំ​មិន​បានធ្វើ​ដូច្នេះ​ទេ តែ​ឆ្នាំនេះ​ដោយសារតែ​រក​ចំណូល​មិនបាន ទើប​ធ្វើឱ្យ​ខ្ញុំ​និង​គ្រួសារ​សម្រេចចិត្ត​ធ្វើបែបនេះ​»​។​
 



​បើតាម​ស្ត្រី​វ័យ​៥១​ឆ្នាំនេះ ការយក​អាហារ​ពី​វត្ត​ក្នុង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​នេះ បានធ្វើ​គ្រួសារ​របស់​អ្នកស្រី​អាច​កាត់បន្ថយ​ការចំណាយ​បាន​មួយ​ភាគ​ធំ​។​«​ជាធម្មតា​គ្រួសារ​របស់ខ្ញុំ​ត្រូវ​ចំណាយ​ប្រាក់​៣​ម៉ឺន​រៀល​ថ្លៃ​អាហារ​ប្រចាំថ្ងៃ​។  បើ​ខ្ញុំ​យក​ចំនួន​នេះ​គុណ​នឹង​រយៈពេល​កន្លះ​ខែ​(១៥​ថ្ងៃ​)​ទៅ​ខ្ញុំ​អាច​សន្សំ​បាន​ប្រា​ក់ជាង​១០០​ម៉ឺន​រៀល​។ នេះ​ជា​ដំណោះស្រាយ​ល្អ​បំផុត​របស់ខ្ញុំ​ក្នុងពេល​ចំណូល​កំពុង​ធ្លាក់ចុះ »​។​នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី ពៅ​។​
 

មិនមែន​តែ​ពលរដ្ឋ​ទេ សូម្បី​រដ្ឋបាល​ខណ្ឌទួលគោក ក៏​ទទួលយក​អាហារ​ពី​វត្ត​ដែរ​។ លោក ថា ចាន់ថន ជា​មន្ត្រី​ជំនួយការ​សាធារណៈ​ក្នុង​ខណ្ឌទួលគោក បាន​បញ្ជាក់ថា សាលាខណ្ឌ​រីករាយ​ដែល​បានទទួល​អាហារ​ពី​វត្ត ព្រោះ​អាហារ​ទាំងនេះ​អាច​យកទៅ​ចែក​ដល់​ក្រុម​កងសន្តិសុខ​ការពារ​ភូមិ និង​ជនអនាថា​មួយចំនួនទៀត ។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ចាន់ថន បានបញ្ជាក់​ដូច្នេះ​៖ « ខ្ញុំ​គិតថា អាហារ​ទាំងនេះ​សុទ្ធ​ជា​អាហារ​ដែល​ល្អ ព្រោះ​វត្ត​បានរៀបចំ​ទុកដាក់​ដោយ​រក្សា​អនាម័យ មុននឹង​យកមក​ចែកជូន​ពុទ្ធ​បរិ​ស័​ទ្ធ​ក្នុង​ខណ្ឌ ។​នេះ​ជា​សញ្ញា​បង្ហាញថា ព្រះសង្ឃ​ក្នុង​វត្ត​មិន​ខ្ជះខ្ជាយ​អាហារ ហើយ​ក្រុម​ប្រជា​កា​ពារ​របស់ខ្ញុំ​ក៏​រីករាយ​ក្នុងការ​ទទួលយក​អាហារ​ទាំងនេះ មក​បរិភោគ​ដែរ​»​។​
 
​នៅ​មណ្ឌល​កុមារកំព្រា​កុលាប​ទី​៤ ដែល​ស្ថិតក្នុង​ក្រុមទី​១១ សង្កាត់​ទឹកល្អក់​៣ ក្នុង​ខ័​ណ្ឌ​ទួលគោក​វិញ មាន​កុមារ និង​យុវវ័យ​ប្រមាណ​ជា ៣០​នាក់​កំពុងតែ​បរិភោគ​អាហារ​ថ្ងៃត្រង់ ដែល​ទទួលបាន​ពី​វត្ត​ដោយ​រីករាយ​។​
 
​អ្នកស្រី ឡាយ ចន្ទី ជា​ប្រធាន​មណ្ឌល​កុលាប​ទី​៤​មានប្រសាសន៍ថា ៖«​ក្មេងៗ​និង​ខ្ញុំ​ថ្ងៃ​គ្មាន​បុណ្យ ពួក​បរិភោគ​តាម​ធម្មតា តែ​នៅពេលនេះ​ពួក​យើ​ត​ពិតជា​រីករាយ​ដែល​បានទទួល​អាហារ​ពី​វត្ត​នាគ​វន្ត ព្រោះនេះ​ជា​ផ្នែក​មួយ​ដែល​អាចជួយ​ឱ្យ​ក្មេង​បានទទួល​អាហារ​បរិភោគ​បន្ថែម ។ ដ្បិតថា​ពួកយើង​បាន​ត្រឹម​ទទួលបាន​អាហារ​មួយចំនួន​ក្នុង​ថ្ងៃបុណ្យ​ក្តី ក៏​ខ្ញុំ​និង​ក្មេងៗ​សប្បាយរីករាយ ដែល​បាន​ហូប​អាហារ​បាន​ច្រើន និង​បរិបូរ​ជាង​ថ្ងៃ​ធម្មតា​»​។​
 
​វត្ត​នាគ​វ័​ន្ត ក៏ដូចជា​វត្ត​ផ្សេងៗ​ទៀត តែងតែ​បរិច្ចាគ​អាហារ​បុណ្យ​ដល់​ពលរដ្ឋ​ជា​រៀងរាល់ឆ្នាំ​។ ព្រះ​បវរ​មុនី ងិន យី​ម អនុគណ​ខណ្ឌទួលគោក និង​ជា​ព្រះចៅអធិការ​វត្ត​នាគ​វន្ត មាន​សង្ឃ​ដិ​ការ​ថា  រាល់​បុណ្យ​ប្រពៃណីជាតិ​រៀងរាល់ឆ្នាំ វត្ត​នាគ​វន្ត​មិន​ខ្វះខាត​អាហារ​ទេ ព្រោះ​មាន​ពុទ្ធបរិស័ទ​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ច្រើន​។ ក្រោយ​ព្រះសង្ឃ​ឆាន់​រួច នៅ​ម៉ោង​១១៖៣០​នាទី គឺមាន​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត និង​អ្នក​ពី​ចម្ងាយ មក​ចាំ​ទទួល​អាហារ ដោយ​ឈរ​នៅ​មាត់ទ្វារ​សាលា និង​មាន​កាន់​ថង​ប្លា​ស្ទិ​ក​ទុកដាក់​អាហារ​រៀងខ្លួន​ជាស្រេច​។ « នៅ​ជិត​វត្ត​នេះ​មាន​ក្មេងៗ​ច្រើនណាស់​រងចាំ​យក​អាហារ​ក្រោយ​ចង្ហាន់​ត្រង់ ហើយ​ពេល​បុណ្យ​មាន​អាហារ​ច្រើន គណៈកម្មការ​និង​អាចារ្យ​ក៏បាន​រៀបចំ​មួយចំណែក​ទុក​ចែក​ដល់​កុមារកំព្រា ដែល​ត្រូវការ​ជំនួយ​ផងដែរ​»​។​នេះ​បើតាម​សង្ឃ​ដិ​ការ​ព្រះ​បវរ​មុនី ងិន យី​ម​៕


 
 
 

Tag:
 អាហារ​
  កាន់បិណ្ឌ​
  ភ្ជុំបិណ្ឌ​
  ខ្វះខាត​
  បុព្វការី​ជន​
 
© រក្សាសិទ្ធិដោយ thmeythmey.com