សង្គមអន្តរជាតិ
អន្តរជាតិ
តើអង្គការសហប្រជាជាតិមានភាសាផ្លូវការចំនួនប៉ុន្មាន ? ទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិនៅទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក (AFP)
× អង្គការសហប្រជាជាតិ (UN) បានប្រសូត្រឡើងក្នុងថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៤៥ ដោយកាលនោះមានប្រទេសជាសមាជិកត្រឹម ៥០ប៉ុណ្ណោះ។ គិតមកទល់បច្ចុប្បន្ននេះ UN មានសមាជិកសរុបរហូតដល់១៩៣ប្រទេសហើយ។ តើអង្គការអន្តររដ្ឋាភិបាលមួយនេះមានភាសាផ្លូវការចំនួនប៉ុន្មាន?
ទោះប្រទេសជាសមាជិក UN សរុបទាំង១៩៣ មានប្រជាជននិយាយខុសៗគ្នាមែន ភាសាផ្លូវការរបស់អង្គការមួយនេះមានតែ៦ប៉ុណ្ណោះ។ យោងតាមវេបសាយផ្លូវការរបស់ UN ភាសាទាំងនោះ មានដូចជា អារ៉ាប់ អង់គ្លេស ចិន បារាំង រុស្ស៊ី និងអេស្ប៉ាញ ។
ភាសាផ្លូវទាំង៦នេះ គឺត្រូវបានប្រើប្រាស់ក្នុងកិច្ចប្រជុំ UN និងសម្រាប់ឯកសារផ្លូវការ។ បើតាម UN ភាសាទាំងនេះ គឺជាភាសាដើម ឬភាសាទី២របស់មនុស្សប្រមាណ ២,៨ពាន់លាននាក់ ឬជិតពាក់កណ្ដាលនៃប្រជាជននៅទូទាំងពិភពលោក។
នៅពេលតំណាងនៃប្រទេសមួយ ឡើងនិយាយនៅអង្គការសហប្រជាជាតិ បុគ្គលរូបនេះ ត្រូវតែនិយាយភាសាមួយក្នុងចំណោមភាសាផ្លូវការទាំង៦ខាងលើ ឬផ្ដល់ការបកប្រែពីភាសាដើមទៅកាន់ភាសាផ្លូវការមួយក្នុងចំណោមភាសាទាំង៦។
ក្រោយមក UN នឹងបកប្រែពីភាសាផ្លូវការដែលត្រូវបានប្រើរួចនេះទៅភាសាផ្លូវការ៥ផ្សេងទៀត។ អង្គការសហប្រជាជាតិ ធ្វើបែបនេះដូចគ្នាទៅនឹងឯកសារផ្លូវការរបស់ខ្លួន។
គោលដៅនៃការប្រើភាសាទាំង៦នេះ ទាំងក្នុងទម្រង់និយាយនិងសរសេរ គឺមានសារសំខាន់សម្រាប់កិច្ចការងាររបស់អង្គការអន្តររដ្ឋាភិបាលមួយនេះ ព្រោះថាវាជួយសម្រួលដល់ការប្រាស្រ័យទាក់ទងក្នុងចំណោមប្រទេសជាសមាជិកពាក់ព័ន្ធបញ្ហាចម្បងៗរបស់សកលលោក។ នេះបើតាមវេបសាយផ្លូវការរបស់ UN ៕
Tag:
អង្គការសហប្រជាជាតិ
UN
ភាសាផ្លូវការ
© រក្សាសិទ្ធិដោយ thmeythmey.com