កីឡាជាតិ
ជាតិ
បញ្ហាច្រមុះ បង្ខំឱ្យ វិទិនី បញ្ចប់អាជីពពីជម្រើសជាតិកីឡាហែលទឹក ត្រឹមវ័យ២៧ឆ្នាំ
× ហែមថុន វិទិនី ដែលគេស្គាល់ថាជាកីឡាការិនី ពោរពេញដោយសមត្ថភាព និងសម្រស់ បានលាឈប់ពីក្រុមជម្រើសជាតិកីឡាហែលទឹកកម្ពុជានៅត្រឹមវ័យ២៧ឆ្នាំ។ ជំងឺរលាកច្រមុះ ជាបញ្ហាចម្បងតែមួយគត់ ដែលបង្ខំឱ្យ វិទិនី សម្រេចចិត្តបញ្ចប់អាជីពនេះ។ ចូលនិវត្តន៍ក៏ពិតមែន ប៉ុន្តែវិទិនីបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗក្នុងបទសម្ភាសថា ខ្លួនមិនទៅណាឆ្ងាយពីអាងហែលទឹកនោះទេ។
ជារឿងគួរឲ្យសោកស្តាយបំផុតរបស់កម្ពុជា សម្រាប់ការចាកចេញរបស់ វិទិនី ពីក្រុមជម្រើសជាតិកីឡាហែលទឹក។ កីឡាការិនីរូបនេះ បើទោះជាមិនទាន់បានសាងស្នាដៃអ្វីជាដុំកំភួនតំណាងជាតិលើឆាកអន្តរជាតិក្តី ប៉ុន្តែសម្រាប់ការប្រកួតក្នុងស្រុក កញ្ញា បានសាងកេរ្តិ៍ឈ្មោះដ៏អស្ចារ្យតាមរយៈការដណ្តើមបានមេដាយស្ទើរាល់ឆ្នាំ ពោលចាប់តាំងពីជាប់ជម្រើសជាតិឆ្នាំ២០០៥ ដែលមិនទាន់មានកីឡាការិនីរូបណាអាចធ្វើបានឡើយ។ វិទិនី ជាប់ជម្រើសជាតិយ៉ាងឆាប់រហ័សនៅត្រឹមវ័យ១២ឆ្នាំ ក្រោយចូលហ្វឹកហាត់នៅអាយុ៥ឆ្នាំ ។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកធ្លាប់បានប្រាប់សារព័ត៌មានថ្មីៗថា វិទិនី បានសុំលាលែងពីក្រុមជម្រើជាតិហែលទឹកតាំងពីដើមខែតុលា ឆ្នាំ២០១៩ម្លេះ ពោលគឺនៅពេលប្រកាសសមាសភាពកីឡាការិនីហែលទឹកដើម្បីទៅចូលរួមស៊ីហ្គេម (SEA Games) នៅហ្វីលីពីន។
ជុំវិញការលាឈប់ពីជម្រើសជាតិនេះ ក្នុងកិច្ចសម្ភាសជាមួយយសារព័ត៌មានថ្មីៗ អតីតកីឡាការិនីដ៏ស្រស់ស្អាតរបស់កម្ពុជា ថាមូលហេតុតែមួយគត់គឺមកពីបញ្ហាសុខភាព។ វិទិនីដែលធ្លាប់ចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកតំណាងកម្ពុជាដល់ទៅ៣លើក មានដុះសាច់ច្រមុះធ្ងន់ធ្ងរ ហើយអាចឈានដល់ប៉ះពាល់ប្រ័ន្ធប្រសាទផង ដែលតម្រូវឲ្យទទួលការព្យាបាលរយៈពេលវែង ឬមួយជីវិតតែម្តង។
«ខ្ញុំមានបញ្ហាដក់ទឹកដក់ក្នុងច្រមុះ ដែលធ្វើឲ្យខ្ញុំមិនអាចចុះទឹកបាន។ ក្រោយពេលខ្ញុំចុះទឹក វានឹងធ្វើឲ្យសាច់ក្នុងច្រមុះខ្ញុំរីក ដែលបណ្តាលឲ្យពិបាកក្នុងការដកដង្ហើម និងពិបាកគេង។ គ្រូពេទ្យប្រាប់ថា ខ្ញុំអាលាក់ស៊ីជាមួយក្លដែលដាក់ក្នុងអាងទឹកផង»។ នេះជាការរៀបរាប់ទាំងសោកស្តាយរបស់វិទិនី ដោយបន្ថែមថានេះជាការបញ្ចប់អាជីពទាំងមិនទាន់បានសម្រេចគោលដៅរបស់ខ្លួននៅឡើយ។
យ៉ាងណាក៏ដោយ អតីតកីឡាការិនីមានឈាមជ័រក្នុងត្រកូលអ្នកកីឡាហែលទឹក ដែលជាចៅបង្កើតរបស់ព្រឹទ្ធាចារ្យ ហែម ថុន នឹងមិនទៅណាឆ្ងាយពីវិស័យដែលខ្លួនស្រឡាញ់តាំងពីតូចនេះឡើយ ដោយយកគោលដៅជីវិតក្នុងកីឡាហែលទឹករបស់ខ្លួននេះ ទៅកាន់ក្មេងជំនាន់ក្រោយ។
បច្ចុប្បន្នជាគ្រូអប់រំកាយ និងកីឡាផង វិទិនីប្តេជ្ញាជួយជ្រមជ្រែងកីឡាករកីឡាការិនីក្មេងៗ តាមរយៈការចែករំលែកបទពិសោធដែលខ្លួនមានសម្រាប់ជាការត្រួសត្រាយផ្លូវពួកគេឈានទៅកាន់ជម្រើសជាតិ និងដើម្បីដណ្តើមមេដាយជូនជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ក៏ដូចជាព្រឹត្តិការណ៍ធំៗដទៃទៀត៕
Tag:
កីឡាហែលទឹក
SEA Games
ហែម ថុនវិទិនី
© រក្សាសិទ្ធិដោយ thmeythmey.com