ឥណ្ឌូណេស៊ី បញ្ជាក់ជាថ្មីថាខ្លួនគ្មានតំបន់ត្រួតស៊ីគ្នានឹងចិននៅសមុទ្រចិនខាងត្បូងឡើយ
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឥណ្ឌូណេស៊ី បញ្ជាក់ជាថ្មីថាខ្លួនគ្មានតំបន់ត្រួតស៊ីគ្នានឹងចិននៅសមុទ្រចិនខាងត្បូងឡើយ
16, Sep 2020 , 9:59 am        
រូបភាព
 
រដ្ឋាភិបាលឥណ្ឌូណេស៊ី បានផ្ទុះការតវ៉ាប្រឆាំងរដ្ឋាភិបាលចិន បន្ទាប់ពីមានវត្តមាននាវាល្បាតរបស់ចិនមួយគ្រឿងចូលទៅក្នុងតំបន់ប្រជុំកោះ ណាទុណា (Natuna) ដែលឥណ្ឌូណេស៊ី ការពារដាច់ខាតជាតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។ ឥណ្ឌូណេស៊ី បានទាមទារឲ្យចិន គោរពអធិបតេយ្យរបស់ខ្លួន និងកុំព្យាយាមទាញតំបន់នេះ ជាតំបន់ត្រួតស៊ីគ្នាជាមួយនឹងខ្លួន។

តាមរយៈបណ្តឹងការទូតនៅថ្ងៃ១៤ កញ្ញា អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ី បានអះអាងថា ក្រុងហ្សាការតា បានជំទាស់ដាច់ខាតចំពោះសកម្មភាពកងល្បាតជើងទឹករបស់ក្រុងប៉េកាំង ដែលបានចូលទៅក្បែរតំបន់មានប្រជាជនរស់នៅ ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ ណាទុណា របស់ឥណ្ឌូណេស៊ី តាំងពីថ្ងៃទី១២ កញ្ញា និងចាកចេញទៅវិញនៅថ្ងៃ១៤ កញ្ញា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូណេស៊ី Benar News។
 
តាមប្រភពព័ត៌មានដដែល ក្នុងកំណត់ទូតនោះដែរ ក្រុងហ្សាការតា ក៏បានបញ្ជាក់ជាថ្មីពីការមិនទទួលស្គាល់ផែនទីប្រាំបួនគំនូស ដែលក្រុងប៉េកាំង តែងតែប្រើប្រាស់សម្រាប់កំណត់ព្រំដែនរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង។ ក្រុងហ្សាការតា ក៏សង្កត់ធ្ងន់ផងដែរថា តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ឥណ្ឌូណេស៊ីនៅប្រជុំកោះណាទុណា ដែលផ្នែកមួយនៃសមុទ្រចិនខាងត្បូងផងនោះ មិនមានត្រួតស៊ីគ្នាជាមួយនឹងចិនឡើយ។ 
 
គួរជម្រាបបន្តិចថា តំបន់ប្រជុំកោះណាទុណា  មានទីតាំងភាគខាងត្បូងនៃសមុទ្រចិនខាងត្បូង។ សម្រាប់ឥណ្ឌូណេស៊ី អនុលោមតាមអនុសញ្ញាស្តីពីច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិឆ្នាំ១៩៨២ តំបន់នេះ គឺជាតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ឥណ្ឌូណេស៊ី។ ក៏ប៉ុន្តែសម្រាប់ចិន ដែលយកផែនទីប្រាំបួនគំនូស ដែលគូសវាសតំបន់ទាមទារស្ទើរតែទាំងស្រុងនៃសមុទ្រចិនខាងត្បូងជារបស់ខ្លួន និងអះអាងថាមានសិទ្ធិប្រវត្តិសាស្ត្រផងនោះ បានចាត់ទុកប្រជុំណាទុណា ថាស្ថិតក្នុងដែនអធិបតេយ្យរបស់ខ្លួនដូចគ្នាផងដែរ។
 
យ៉ាងណាក៏ដោយ ឥណ្ឌូណេស៊ី ក្រៅពីអះអាងថាខ្លួនមិនមែនជាភាគីជម្លោះសមុទ្រចិនខាងត្បូង បានប្រកាសជាច្រើនលើកច្រើនសារមកហើយថាឥណ្ឌូណេស៊ី គ្មានអធិបតេយ្យត្រួតស៊ីគ្នាជាមួយនឹងចិននោះទេ ហើយឥណ្ឌូណេស៊ី ក៏គ្មានលក្ខខណ្ឌណាមួយ ដែលត្រូវចរចា និងដោះស្រាយជាមួយនឹងចិនផងដែរ។ 
 
កន្លងមកប្រទេសទាំងពីរធ្លាប់មានរឿងប្រទាំងប្រទើសគ្នាច្រើនករណីមកហើយ រាប់បញ្ចូលទាំងការលួចនេសាទដោយខុសច្បាប់របស់ពលរដ្ឋចិន និងការចូលទៅក្បែរតំបន់ប្រជុំកោះរបស់ទាហានល្បាតរបស់ចិន។ ក៏ដោយសារតែបញ្ហាទាំងនេះហើយ បានជំរុញឲ្យឥណ្ឌូណេស៊ី សម្រេចដាក់មូលដ្ឋានទ័ពនៅប្រជុំកោះណាទុណា ដែលលោកប្រធានាធិបតីឥណ្ឌូណេស៊ី បានប្រកាសថា ដើម្បីការពារអធិបតេយ្យរបស់ខ្លួនមិនឲ្យបាត់បង់សូម្បី ១មីលីម៉ែត្រ៕ 
 

Tag:
 ចិន
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com