វត្តជាលំនៅអ្នកប្រាជ្ញ ប្រមូលផ្ដុំវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ
ជាតិ
សង្គមជាតិ
វត្តជាលំនៅអ្នកប្រាជ្ញ ប្រមូលផ្ដុំវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ
16, Sep 2020 , 11:10 am        
រូបភាព
ភ្នំពេញ៖ តាំងពីបុរាណមក ទីវត្តអារាមត្រូវបានប្រជាជនខ្មែរ ចាត់ទុកជាលំនៅរបស់អ្នកប្រាជ្ញ។ ជាឃ្លាំងរក្សាទុកនូវពុទ្ធឱវាទដ៏វិសេស ភ្ជាប់ជាមួយនឹង វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរ វត្តអារាម សក្ដិសមបំផុតសម្រាប់កុមារតូចៗ បានចូលទៅប្រាស្រ័យ។


បើទោះបីជាបច្ចុប្បន្ន មានសាលាបណ្ដុះបណ្ដាលចំណេះដឹងទូទៅច្រើន និងសម្បូរបែបក៏ដោយ ក៏វត្តអារាមនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអប់រំកូនចៅអ្នកស្រុក។ មិនត្រឹមជាកន្លែងអប់រំចិត្តសន្ដាន ឱ្យស្អាតផូរផង់ វត្តអារាម ក៏ជាសាលាបង្រៀនពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរដែរ។ 
 
មូលហេតុដែលថា វត្តជាលំនៅរបស់អ្នកប្រាជ្ញ ក៏ដោយហេតុថា អារាមជាកន្លែងរក្សាទុកនូវគម្ពីរដីការបស់ព្រះពុទ្ធ និងច្បាប់ប្រៀនប្រដៅទាំងឡាយ អាចឱ្យជនានុជនបានសិក្សាស្វែងយល់ ជាប្រទីបបំភ្លឺផ្លូវកំចាត់បង់នូវអវិជ្ជាទាំងពួង។ សូមលើកយកតែ សម្ដេចព្រះមហាសុមេធាធិបតី ជោតញ្ញាណោ ជួន ណាត សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយមកបង្ហាញ។ ព្រះអង្គបានចូលជ្រកក្នុងម្លប់ព្រះពុទ្ធសាសនា ដោយការបួសជាព្រះសង្ឃ។ 
 
ព្រះអង្គមានស្នាព្រះហស្តជាច្រើនក្នុងវិស័យពុទ្ធិចក្រនិងអាណាចក្រដូចជា ព្រះអង្គបានសរសេរសៀវភៅកច្ខាយនូបត្ថម្ភកៈ (វេយ្យាករណ៍បាលី) គហិបដិបត្តិ សាមណេរវិន័យ បាតិមោក្ខសំវរសង្ខេប កាព្យលោកធម៌ នាគោបមាទិកថា បព្វជ្ជាខន្ធកៈពិស្ដារ ចីវរក្ខន្ធៈពិស្ដារ រួមទាំងស្នាព្រះហស្តមួយចំនួនទៀត។ រីឯស្នាព្រះហស្តដែលជាកេរដំណែលដ៏ធំធេងនិងល្បីល្បាញ គឺវចនានុក្រមខ្មែរ ដែលប្រជាជនខ្មែរនៅទូទាំងប្រទេសប្រើរហូតដល់សព្វថ្ងៃ។ 
 
ចំណែកឯថាវត្តអារាមគឺជា សាលាបង្រៀនពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរនោះ គឺរាប់តាំងពីរបៀបរបបនៃការរាក់ទាក់រកគ្នាតាមទម្លាប់ខ្មែរ ការរៀបចំគ្រឿងរណ្ដាប់នានាសម្រាប់ពីធីបុណ្យផ្សេងៗ ម្ហូបអាហារ ការស្លៀកពាក់តាមប្រពៃណីខ្មែរជាដើម។ បន្ថែមពីនោះសំណងអគារក្នុងវត្តអារាម ដូចជាព្រះវិហារជាដើម  សុទ្ធសឹងតែជារចនាប័ទ្មខ្មែរ បង្ហាញពីអរិយធម៌ដ៏រុងរឿងដែលបន្ថល់ទុកតាំងពីបុរាណមក។
 
ព្រឹត្តិការណ៍ទាំងឡាយដែលក្មេងៗបានឃើញហើយ នោះពួកគេនឹងថតទុកក្នុងអារម្មណ៍ ដូច្នោះហើយមាតាបិតា ឬអាណាព្យាបាល គួរតែពន្យល់ណែនាំពួកគេបន្ថែមពីហេតុនិងផលទាំងនោះ៕
 
 
 

Tag:
 កូនតូច
 បង្រៀន
  បុណ្យ
 ភ្ជុំបិណ្ឌ
 
© រក្សាសិទ្ធិដោយ thmeythmey.com