ជាតិ
សង្គមជាតិ
ចាស់ទុំ បារម្ភ​បាត់​អត្តសញ្ញាណ​«​នំ​ខ្មែរ​» ខណៈ​យុវជន​កំពុង​និយម​«​នំ​បរទេស​»
17, Sep 2020 , 9:19 am        
រូបភាព
 នំអន្សមជ្រូក​ដែល​អ្នកស្រី ច វេច​រួច ដាក់​នៅលើ​កញ្ច្រែង​ជ័រ​។​
នំអន្សមជ្រូក​ដែល​អ្នកស្រី ច វេច​រួច ដាក់​នៅលើ​កញ្ច្រែង​ជ័រ​។​
​​អន្សមជ្រូក​-​ចេក នំគម នំ​បត​ជាដើម​...​ជា​នំ​ប្រពៃណី​និង​ជា​នំ​អត្តសញ្ញាណ​នៃ​ពលរដ្ឋ​កម្ពុជា​។ ប៉ុន្តែ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ចលនា​គាំ​ទ្រនំ​ប្រពៃណី​ទាំងនេះ ទាំង​ការ​ទទួលទាន និង​ការធ្វើ​នំ​ខ្មែរ ពី​សំណាក់​យុវជន បាន​ធា្ល​ក់​ចុះ​ជា​លំដាប់​។ ចាស់ទុំ​ដែលមាន​បទពិសោធន៍ ចេះ​ធ្វើ​នំ​ប្រពៃណី​ខ្មែរ បានបង្ហាញ​នូវ​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង ពី​ការបាត់បង់​នំ​ខ្មែរ​នាពេល​អនាគត​។​

 
«​អនាគត​ទៅ ខ្ញុំ​ខ្លាច​បាត់បង់​នំ​ខ្មែរ​យើង​មួយចំនួន​ដែរ​។ ព្រោះ​សព្វថ្ងៃ ក្មេង​ខ្លះ​មាន​វ័យ​ជាង​២០​ឆ្នាំ​ហើយ​មក​ទិញ​នំ​ខ្ញុំ​ហ្នឹង អត់​ស្គាល់​នំ​ណា​នំគម នំ​ណា​ជា​នំ​បត នំអន្សមខ្នុរ​ទេ គឺ​អត់​ដឹង​ទេ​ម្តង​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី ញឹក សុខ​ងួន ដែល​កំពុង​ឈរ​លក់​នំអន្សមជ្រូក អន្សមចេក អន្សមខ្នុរ នំគម នំ​បត់ និង​នំ​ខ្មែរ​ជាច្រើន​មុខ​ទៀត នៅក្នុង​ផ្សារ​ទួល​ទំពូង រាជធានី​ភ្នំពេញ​។ 


​អ្នកស្រី ញឹក សុខ​ងួន ឈរ​លក់​នំ​ឱ្យ​អតិថិជន នៅ​ច្រកចូល​ផ្សារ​ទួល​ទំពូង​រាជធានី​ភ្នំពេញ​។  

​អ្នកស្រី សុខ​ងួន ដែល​ធ្វើ​នំ​ប្រពៃណី​ខ្មែរ​លក់​ជា​រៀងរាល់ថ្ងៃ អស់​រយៈពេល​២៣​ឆ្នាំនេះ បាន​សង្កេតឃើញថា សន្ទុះ​អ្នកបញ្ជា​ទិញ​នំ​ខ្មែរ ធា្ល​ក់​ចុះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ខណៈ​អ្នក​ដែល​ស្គាល់ និង​ចេះ​ធ្វើ​នំ​ខ្មែរ ក៏មាន​ការធ្លាក់ចុះ​ដែរ​។ ថ្វី​ដ្បិត​អ្នកស្រី​មានកូន​ស្រី​៤​នាក់ ចេះ​ធ្វើ​នំ​ប្រពៃណី​ទាំងអស់នេះ​ក៏ពិតមែន ប៉ុន្តែ​កូនៗ​អ្នកស្រី គ្មាន​បំណង​ចង់​ស្នង​មុខរបរ​នេះ​ពី​ខ្លួន​ឡើយ​។ 
 
​ស្ត្រី​វ័យ​៦១​ឆ្នាំ​រូបនេះ​បាន​និយាយថា​៖«​ក្មេងៗ​សម័យ​ឥឡូវ មិន​ត្រឹមតែ​មិន​ចង់​រៀន​ធ្វើ​នំ​ខ្មែរ​ទេ សូម្បីតែ​ហូប​នំ​ខ្មែរ​នានា​ក៏​មិន​ចង់​ហូប​ដែរ​។ ដូច​កូន​ខ្ញុំ​អី មួយឆ្នាំ​មិនទាន់​ឃើញ​ហូប​នំ​ខ្មែរ​ម្តង​ផង​»​។ អ្នកស្រី សុខ​ងួន បន្ត​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ជាមួយ​ទឹកមុខ​មិនសូវ​រីករាយ​ដូច្នេះ​៖«​មិន​ថា​កូន​ខ្ញុំ មិន​ថា​កូន​គេ​ទេ ឱ្យមាន​ជំហរ​ចង់​រៀន​ធ្វើ​នំ​ខ្មែរ គឺមាន​អត់​មាន​ទេ​។ តែ​បែរជា​ចូលចិត្ត​ហូប​នំ​បរទេស ហើយ​ក្មេង​ខ្លះទៀត​ចំណាយ​ប្រាក់​រាប់រយ​ដុល្លារ ដើម្បី​រៀន​ធ្វើ​នំ​បរទេស​ទៅវិញ​»​។​
 
​ចាប់តាំងពី​អ្នកស្រី សុខ​ងួន ចេះ​ធ្វើ​នំ​ខ្មែរ​លក់​មក គឺ​មិន​ដែលមាន​ក្មេងៗ ឬ​យុវ​ជនណាម្នាក់​មកសុំ​រៀន​ធ្វើ​នំ​ខ្មែរ​ពី​អ្នកស្រី​ឡើយ​។ ដោយ​មើលឃើញ​ពី​សញ្ញាណ​នៃ​ការបាត់បង់​នំ​ខ្មែរ អ្នកលក់​នំ​ខ្មែរ​២៣​ឆ្នាំ​រូបនេះ ប្រកាស​ទទួល​បង្រៀន​ធ្វើ​នំ ដោយ​ឥត​យក​កម្រៃ បើសិនជា​យុវជន​ណា មានបំណង​ចង់​រៀន​ធ្វើ​នំ​ប្រពៃណី​ខ្មែរ​ទាំងនេះ ។​


 ​អ្នកស្រី ឈាង សេង​អ៊ុន បុគ្គលិក​ធ្វើ​នំ​ខ្មែរ​គ្រប់​ប្រភេទ​នៅក្នុង​សិប្បកម្ម​«​ដូនតា​»​។​

​ជាមួយគ្នានេះ អ្នកស្រី ឈាង សេង​អ៊ុន ក៏​ព្រួយចិត្ត​ខ្លាច​បាត់បង់​នំ​ប្រពៃណី​ខ្មែរ មិន​ខុសពី​ស្ត្រី​ខាងលើ និង​អ្នក​ផ្សេងទៀត​ប៉ុន្មាន​ផងដែរ​។ «​កូន​ខ្មែរ​យើង​បើ​ចាប់អារម្មណ៍​តែ​នំ​ខាងក្រៅ​[​នំ​បរទេស​]​ជាង នោះ​នំ​ប្រពៃណី​ខ្មែរ​យើង​នឹង​អាច​បាត់បង់​»​។ នេះ​ជាស​ម្តី​របស់​អ្នកស្រី សេង​អ៊ុន ដោយ​ដៃ​ទាំង​គូ​កំពុង​ចាប់​កាន់​ស្លឹកចេក ដើម្បី​វេច​នំអន្សមជ្រូក​សម្រាប់​លក់​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។​
 
​ក្នុង​រយៈពេល​៤-៥​ឆ្នាំ​ចុង​ក្រោយនេះ  កុំថាឡើយ​អ្នករស់នៅ​ទីក្រុង សូម្បីតែ​រស់នៅ​តាម​ជនបទ ក៏​មិនសូវ​នាំគ្នា​ធ្វើ​នំ ឬ​វេច​នំ​ខ្មែរ​នានា​ដែល​បង្ហាញ​អត្តសញ្ញាណ​នៅក្នុង​ពិធីបុណ្យ​ប្រពៃណីជាតិ​ប៉ុន្មាន​ដែរ​។ បើតាម​អ្នក​ស្ត្រី​វ័យ​៥៣​ឆ្នាំ​រូបនេះ នៅតាម​ផ្ទះ​ជនបទ​មួយចំនួន ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មិនបាន​នាំគ្នា​ធ្វើ​ខ្មែរ​ទេ តែ​បែរជា​នាំគ្នា​ទិញ​នំអន្សម នំ​បត់ នំគម នៅលើ​ទីផ្សារ​ទៅវិញ ហើយ​ផ្ទះ​ខ្លះទៀត បែរជា​នំ​ធុង នំ​កញ្ចប់ និង​ប្រភេទ​នំ​បរទេស​ផ្សេងៗ​យកមកប្រើ​ជំនួស​ឱ្យ​នំ​ខ្មែរ ។  
 
​ពី​ដើម ក្នុង​ពិធី​ប្រពៃណី​ខ្មែរ​នីមួយៗ​ពិសេស​ភ្ជុំបិណ្ឌ ពលរដ្ឋ​តាម​ផ្ទះ​នីមួយៗ​នាំគ្នា​ដើរកាត់​ស្លឹកចេក រក​ខ្សែ​ចង​នំ រក​អុស អង្ករ សណ្តែក ដើម្បី​ធ្វើ​នំ​ខ្មែរ ពិសេស​គឺ​នំអន្សម​តែម្តង​។ នេះ​ជា​លើកឡើង​របស់​អ្នកស្រី សេង អ៊ុន ដោយ​បន្ត​និយាយប្រាប់​សារព័ត៌មាន​ថ្មីៗ​ទាំង​ក្តីបារម្ភ​ដូច្នេះ​៖«​កាលណា​ពួកយើង​ដែល​អ្នកចេះ​ធ្វើ នំ​ខ្មែរ​ត​ពី​ជីដូន​ជីតា​យើង បែរជា​អត់​នាំគ្នា​ធ្វើ អត់​នាំ​គា្ន​បង្ហាញ​ទេ នោះ​កូន​របស់​យើង​ជំនាន់​ក្រោយ​នីមួយៗ​នឹងមិន​ចេះ​ធ្វើ​នំ​ប្រពៃណី​ខ្មែរ​យើង​ឡើយ​»​។​
 
​អ្វីដែល​ធ្វើឱ្យ​អ្នកស្រី សេង​អ៊ុន រឹតតែ​ព្រួយបារម្ភ​ខ្លាំង​នោះ គឺ​ខ្លាច​កូន​ខ្មែរ​ជំនាន់​ក្រោយ​មិន​ស្គាល់​នំ​ខ្មែរ មិន​ស្គាល់​នំ​ប្រពៃណី​ខ្មែរ មិន​ស្គាល់​នំ​អត្តសញ្ញាណ​ខ្មែរ  ហើយ​បែរជា​ស្គាល់​តែ​នំ​បរទេស​ទៅវិញ​។ 
 
​យុវជន លី យុ​ត្ថា មិនសូវ​ស្គាល់ឈ្មោះ និង​រូបរាង​ប្រភេទ​ខ្មែរ​ផ្សេងៗ​ទៀត ក្រៅពី​នំអន្សម នំ​បត នំគម​ឡើយ​។ យុវជន​វ័យ​១៣​ឆ្នាំ​រស់នៅ​រាជធានី​ភ្នំពេញ​រូបនេះ បាន​បញ្ជាក់ថា​៖«​ខ្ញុំ​ស្គាល់​នំ​នេះ​នៅពេលដែល​យាយ​របស់ខ្ញុំ​នៅ​ស្រុក​យកមក​ឱ្យ​ញាំ​ម្តងម្កាល ហើយ​ឃើញ​វា​(​នំ​ខ្មែរ​)​នៅពេល​គេ​រៀប​ជំនូន​ការ​បងស្រី​ខ្ញុំ​កាលពី​ឆ្នាំមុន​(​ឆ្នាំ​២០១៩)​។ ប៉ុន្តែ​ខ្ញុំ​មិនសូវ​ចូលចិត្ត​ញាំ​ទេ ព្រោះ​ញាំ​ទៅ​ស្អិត​ដៃ ពិបាក​ញុំ​ា​ណាស់​»​។​
 
​មាន​វ័យ​២៨​ឆ្នាំ អ្នកស្រី​ចាន់ ស្រី​នី​ន បាន​ចំណាយ​ថវិកា​អស់​ជាង​១​ពាន់​ដុល្លារ បង់ថ្លៃ​សាលា​សម្រាប់​រយៈពេល​មួយឆ្នាំ ដើម្បី​ចូលរៀន​ធ្វើ​នំ​ខេ​ក​(Cake)​និង​នំ​បរទេស​ផ្សេងៗ នៅ​រាជធានី​ភ្នំពេញ​។ ការសម្រេចចិត្ត​ចូលរៀន​ធ្វើ​នំ​បរទេស​ទាំងនេះ គឺ​កើតចេញពី​សេចក្តីស្រលាញ់​ផ្ទាល់ខ្លួន និង​មើលឃើញ​ពី​សន្ទុះ​នៃ​ការគាំទ្រ​នំ​បរទេស​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន គ្រប់​វ័យ ពិសេស​ពី​យុវជន និង​កុមារ​តូចៗ​តែម្តង​។ នេះ​បើតាម​អ្នកស្រី នី​ន​។​
 
​នំ​ប្រពៃណី​ខ្មែរ​ដូចជា អន្សមជ្រូក អន្សមចេក​..​ជាដើម​នោះ នាង​មិនដែល​គិត និង​ចាប់អារម្មណ៍​ចង់​រៀន ចង់​ធ្វើ​ឡើយ​។ នេះ​ជាការ​លើកឡើង​របស់​ស្ត្រី​ជា​ម្តាយ​វ័យ​២៨​ឆ្នាំ​រូបនេះ ដោយ​បន្ត​និយាយ​ដូច្នេះ​៖«​នំ​ខ្មែរ​យើង​ភាគច្រើន គេ​នាំគ្នា​តែ​ធ្វើ​តែ​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ បុណ្យ​ភ្ជុំបិណ្ឌ និង​ពិធី​អាពាហ៍ពិពាហ៍ អី​ជាដើម​។ នំ​ទាំងនេះ ទំរាំ​តែ​ធ្វើបាន​សម្រេច គឺ​រវល់​ច្រើន ហត់នឿយ​ច្រើន ហើយ​គ្មាន​អ្នក​ហូប​ទៀត​។ បើ​ចាស់ៗ​នៅតាម​ផ្ទះ​នីមួយៗ​ធ្វើ​នំ​ទាំង​ហ្នឹងហើយ​នៅក្នុង​ពិធី​ប្រពៃណី​អ្វីមួយ កុំថាឡើយ​គេ សូម្បីតែ​ខ្ញុំ ក៏​មិនសូវ​ហូប​ដែរ​»​។​


  នំអន្សមជ្រូក អន្សមចេក  អន្សមខ្នុរ និង​នំចាំង ដាក់​នៅលើ​ថាស​។​

​លោក នី សុខា ដែលជា​ធ្វើ​នំអន្សម​លក់​អស់​ជាង​១០​ឆ្នាំ​នៅ​ផ្សារ​អូរ​ឬ​ស្សី ចង់ឃើញ​ពលរដ្ឋ​ខ្មែរ ពិសេស​យុវជន ងាក​មក​ចាប់អារម្មណ៍ ឱ្យ​តម្លៃ និង​គាំ​ទ្រនំ​ខ្មែរ​ឱ្យ​ច្រើន​ដូច​អ្វីដែល​ពួកគេ​កំពុង​ឱ្យ​តម្លៃ​នំ​បរទេស​ខ្ពស់​ផងដែរ ។ លោក សុខា មិន​ហាមឃាត់​ក្មេងៗ ឬ​យុវជន​ខ្មែរ ឱ្យ​ស្គាល់​នូវ​អ្វីដែល​ថ្មី ទាន់សម័យ និង​និន្នាការ​ពិភពលោក​នោះទេ​។ ប៉ុន្តែ​យុវជន​ខ្មែរ​ក៏​មិនត្រូវ​ស្គាល់​តែ​របស់គេ ហើយ​ព្យាយាម​បំភ្លេច​និង​មិន​ព្រម​រៀន​អ្វី​ជា​របស់ខ្លួន ដែលជា​កេ​រ្ត៍​ដំណែល​បន្សល់ទុក​ដោ​យម​នុស្ស​ជំនាន់​ដើម ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​នោះដែរ​។ 
 
​លោក សុខា និយាយ​ប្រាក់​សារព័ត៌មាន​ថ្មីៗ​ទាំង​ហួសចិត្ត​ដូច្នេះ​៖«​ក្មេង​ខ្លះ យុវជន​ខ្លះ​ស្គាល់​នំ​ខេ​ក​(Cake) ស្គាល់​ភី​ហ្សា​(Pizza)​តាំងពី​មាន​អាយុ​បាន​១​ឆ្នាំ តែ​ពេល​ខ្ញុំ​ស្គាល់​ថា​ស្គាល់​នំគម​ទេ ស្គាល់​នំ​បត់​ទេ ស្គាល់​នំត្នោត​ទេ គឺ​ក្រវីក្បាល ហើយ​និយាយថា​អត់​ស្គាល់​ទេ​»​។ នេះ​ជា​អ្វីដែល​ឮ​ហើយ​ហួសចិត្ត និង​ឈឺចាប់​សម្រាប់​ខ្ញុំ ពេលឮ​ពួកគាត់​និយាយ​បែបនេះ​»​។  
 
​អ្នកលក់​អន្សម​ខ្មែរ​មកពី​ខេត្តកណ្តាល​ដែលមាន​វ័យ​៥៣​ឆ្នាំ​រូបនេះ បានលើកឡើង​យ៉ាងខ្លី​ថា នំ​ប្រពៃណី​ខ្មែរ នឹង​អាច​បាត់បង់​មួយចំនួន ប្រសិនបើ​គ្រប់គ្នា​មិនឱ្យ​តម្លៃ មិន​លើកតម្កើង និង​នាំគ្នា​ចូលរួម​អភិរក្ស​នំ​ខ្មែរ​នីមួយៗ​៕
 

Tag:
 នំ​ប្រពៃណី​
  អត្តសញ្ញាណ​
  ភ្ជុំបិណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com