យុវជន៤នាក់ រួមគ្នាបង្កើតសិប្បកម្មធ្វើនំអន្សម នំគម នំបត់ ដើម្បីអភិរក្សអត្តសញ្ញាណ
ជាតិ
សង្គមជាតិ
យុវជន៤នាក់ រួមគ្នាបង្កើតសិប្បកម្មធ្វើនំអន្សម នំគម នំបត់ ដើម្បីអភិរក្សអត្តសញ្ញាណ
16, Sep 2020 , 10:59 pm        
រូបភាព
ព្រោះតែឆន្ទៈ ក្តីស្រលាញ់ និងក្តីស្រម៉ៃតែមួយ ក្នុងការអភិរក្ស និងលើកស្ទួយអត្តសញ្ញាណនំខ្មែរ យុវជន៤នាក់ បានសហការគ្នាបង្កើតសិប្បកម្មធ្វើនំអន្សម នំគម នំបត់  និងនំខ្មែរនានា ដែលដំណើរការអស់រយៈពេលជិត២ឆ្នាំមកហើយ។ យុវជនទាំងនោះ អះអាងថា ការបង្កើតសិប្បកម្មធ្វើនំខ្មែរឡើង គឺដើម្បីចង់រួមចំណែកការពារគុណតម្លៃរបស់នំប្រពៃណីខ្មែរ កុំឱ្យបាត់បង់សម្រាប់ក្មេងៗឬមនុស្សជំនាន់ក្រោយ។

 
យុវជនទាំង៤នាក់ មកពីខេត្តព្រៃវែងនិងស្វាយរៀង ហើយបានបង្កើតសិប្បកម្មធ្វើនំខ្មែរគ្រប់ប្រភេទនេះឡើងឈ្មោះ«ដូនតា» ដែលមានអាសយដ្ឋាននៅភូមិត្រពាំងថ្លឹង រាជធានីភ្នំពេញ។ លោក សេង ហុកលី ស្ថាបនិកសិប្បកម្មផលិតនំខ្មែរគ្រប់ប្រភេទ«ដូនតា» បាននិយាយប្រាប់សារព័ត៌មានថ្មីៗថា លោកចង់ឱ្យនំខ្មែរមានស្តង់ដារ មានស្ថាប័ន មានយីហោមួយត្រឹមត្រូវ ដោយផ្តោតលើរសជាតិ អនាម័យ សោភណ្ឌភាព និងសេវាកម្ម ដូចនំបរទេសដែរ។
 
 
បច្ចុប្បន្ន នំខ្មែរមានដូចជាអន្សម(ជ្រូក,ចេក,ខ្នុរ)នំគម នំបត់ នំស្លឹកស្រស់...ជាដើមនោះ ហាក់មិនសូវទទួលបានការគាំទ្រពីប្រជាពលរដ្ឋក្នុងស្រុក។ ជាពិសេសពីសំណាក់យុវជនមួយចំនួនធំ ដែលមិនត្រឹមតែមិនចេះធ្វើនំខ្មែរនោះទេ សូម្បីតែស្គាល់ និងបរិភោគ ក៏នៅមានកម្រិតតិចតួចដែរ ខណៈវត្តមាននំបរទេសនៅកម្ពុជាមានកាន់តែច្រើន ហើយថែមទាំងទទួលបានការគាំទ្រច្រើនជាងនំខ្មែរទៅវិញ។ នេះជាការមើលឃើញរបស់លោក ហុកលី ក៏ដូចសមាជិក៣នាក់ទៀត ក្នុងការឈានសម្រេចរួមគ្នានៃការបង្កើតសិប្បម្មផលិតនំនេះឡើង ។
 
បើតាមស្ថាបនិកសិប្បកម្មដូនតាដែលជាអតីតពលករធ្វើការងារនៅប្រទេសប្រទេសកូរ៉េរូបនេះ គោលបំណងតែមួយគត់នៃការបង្កើតសិប្បកម្មធ្វើនំខ្មែរគ្រប់ប្រភេទ«ដូនតា»នេះឡើង គឺដើម្បីចង់ឱ្យប្រជាជនខ្មែរទាំងអស់ ងាកមកចាប់អារម្មណ៍  គាំទ្រ និងប្រើប្រាស់អ្វីដែលជារបស់ខ្លួនឡើងវិញ។ យុវជនវ័យ២៨ មានដើមកំណើតនៅខេត្តព្រៃវែងរូបនេះ បាននិយាយដូច្នេះ៖«ខ្ញុំជាអតីតពលករប្រទេសកូរ៉េ ហើយពេលខ្ញុំរស់នៅកូរ៉េជិត៥ឆ្នាំកន្លងមកហ្នឹង ខ្ញុំឃើញគេព្យាយាមលើកតម្កើង និងអភិរក្សប្រពៃណីរបស់គេណាស់»។ បើយើងយកមកប្រៀបធៀបជាមួយនំខ្មែររបស់យើងវិញ បើនិយាយពីរសជាតិក៏ឆ្ងាញ់មិនខុសគ្នាប៉ុន្មានដែរ។ អ៊ីចឹងខ្ញុំគិតថា ប្រទេសខ្មែរយើងគួរតែមានអ្នកជួយលើកតម្កើង និងអភិរក្សនំខ្មែរដូចគ្នា»។ 
 
 
ជាមួយគ្នានេះ លោក ឈួន ឈៀកលី ជាសហស្ថាបនិកសិប្បកម្មដូនតានិងអតីតពលករធ្វើការនៅប្រទេសកូរ៉េដែរនោះ បានកត់សម្គាល់ថា ជាទូទៅនំខ្មែរភាគច្រើនមនុស្សមានតម្រូវការ នៅក្នុងពិធីមង្គលការ និងពិធីបុណ្យប្រពៃណីធំៗប៉ុណ្ណោះ ដូចជា បុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំជាដើម។  ដោយឡែកនៅថ្ងៃធម្មតាដែលគ្មានពិធីទាំងនេះ គឺមិនសូវអ្នកមានតម្រូវការ ឬមិនសូវអ្នកមានហូបនោះទេ ដែលធ្វើឱ្យគុណតម្លៃរបស់នំខ្មែរ បានបាត់បង់ និងធ្លាក់ចុះបន្តិចម្តងៗ។ 
 
«នំខ្មែរ ជានំប្រពៃណី វប្បធម៌របស់ដូនតាខ្មែរតាំងពីដើមមក។ អ៊ីចឹង! ពួកយើងគិតថា ការធ្វើអាជីវកម្មនេះ ក្រៅពីបានប្រាក់ចំណូល និងប្រាក់ចំណេញហើយ  គឺបានជួយដល់ប្រទេសយើងទៀត»។ នេះលើកឡើងរបស់លោក ឈៀកលី ដោយបានបន្តថា ៖«ការស្រលាញ់ និងតាំងចិត្តចូលរួមអភិរក្សនំខ្មែរនេះ គឺពួកខ្ញុំបានមើលឃើញពីគុណតម្លៃនៃនំខ្មែរយើង»។
 
 
បើតាមយុវជនវ័យ២៧ឆ្នាំរូបនេះ គុណតម្លៃនៃនំខ្មែរដែលក្រុមលោកមើលឃើញនោះ គឺការផលិតនំខ្មែរគ្រប់ប្រភេទបានរួមចំណែកជួយដល់ប្រជាពលរដ្ឋបានច្រើន។ ជាពិសេសគឺប្រជាកសិករតែម្តង តាមរយៈការប្រើប្រាសស់វត្ថុធាតុដើមក្នុងស្រុកសម្រាប់ផលិត មានដូចជា អង្ករដំណែប, សណ្តែកបាយ, ដូង, ល្ង, ស្លឹកចេក, ចំណងឬខ្សែចងនំជាដើម...។  លោក ឈួន ឈៀកលី បានអះអាងដូច្នេះ៖«កាលណានំខ្មែរយើងមានតម្រូវការ និងការគាំទ្រកាន់តែច្រើន នឹងជួយដល់ជីវភាពកសិករបានកាន់តែច្រើនទៅតាមហ្នឹងផងដែរ»។  
 
ថ្វីដ្បិតមានបញ្ហាប្រឈមច្រើននៃការដំណើរការអាជីវកម្មបែបអភិរក្សនំប្រពៃណីខ្មែរនេះ ដោយសារតែប្រជាពលរដ្ឋខ្មែរ។ ជាពិសេសពីសំណាក់យុវជនដែលមានសន្ទុះខ្លាំងក្នុងការគាំទ្រនំបរទេសជាងនំខ្មែរក៏ដោយ ក៏យុវជនមួយក្រុមនេះ នៅតែព្យាយាមសិក្សារៀនសូត្របន្ថែមពីនំខ្មែរ ហើយកែច្នៃនំប្រពៃណីនេះឱ្យមានលក្ខណៈងាយស្រួលក្នុងការទទួលទាន និងរក្សាទុកបានយូរដូចបរទេសដែរ។
 
 
«សព្វថ្ងៃ ពួកខ្ញុំកំពុងសិក្សាអំពីរបៀបរក្សាទុកដាក់នំខ្មែរ ធ្វើដោយធ្វើយ៉ាងវេចខ្ចប់ឱ្យបានស្អាត បានល្អ រក្សាគុណភាពបានល្អ ហើយនិងទុកហូបបានយូរដូចនំបរទេសដែរ»។ នេះជាអ្វីដែលលោក ឈៀកលី រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey)។ 
 
បើតាមលោក ម៉ៅ សីហា ជាសហស្ថាបនិកសិប្បកម្មផលិតនំខ្មែរគ្រប់ប្រភេទនេះ ដែលទទួលបន្ទុកផ្នែកទីផ្សារ សិប្បកម្មដូនតាអាចលក់នំខ្មែរគ្រប់ប្រភេទបាន១០០០នំ ក្នុងមួយថ្ងៃៗ ដោយភាគច្រើនគឺទទួលបានការបញ្ជាទិញពីអតិថិជនតាមរយៈអនឡាញ(Page Facebook) និងការបញ្ជាទិញតាមទូរសព្ទ។ 
 
 
ដើម្បីឱ្យនំខ្មែររបស់សិប្បកម្មដូនតាកាន់តែខិតជិតដល់ដៃអតិថិជន សិប្បកម្មដូនតានឹងបង្កើតកន្លែងលក់នំខ្មែរចំនួន៣ទីតាំងក្នុងគោលដៅផ្សេងៗពីគ្នានៅរាជធានីភ្នំពេញ នាខែកញ្ញា ឆ្នាំ២០២០ ដែលទីតាំងនីមួយៗនឹងផ្តល់ឱកាសការងារដល់ពលរដ្ឋខ្មែរបានយ៉ាងហោច២នាក់។ ហើយនាពេលអនាគតសិប្បកម្មដូនតា មានមហិច្ឆតាលក់យីហោ(Brand name) ដូចទៅនឹងផលិតផលនិងនំបរទេសផងដែរ។ នេះបើតាមលោក សីហា។
 
យុវជនដែលកំពុងសិក្សាបរិញ្ញាបត្រជាន់ខ្ពស់(អនុបណ្ឌិត)លើជំនាញសេដ្ឋកិច្ច ក្នុងមហាវិទ្យាល័យមួយកន្លែងនៅរាជធានីភ្នំពេញ បានអះអាងថា៖«អ្វីដែលពួកខ្ញុំកំពុងធ្វើនេះ គឺកើតចេញពីក្តីស្រលាញ់ និងឆន្ទៈពិតប្រាកដរួមគ្នាមួយ ក្នុងការលើកស្ទួយនំខ្មែរ។ ពិសេសគឺចង់ឱ្យពលរដ្ឋខ្មែរងាកមកឱ្យតម្លៃ និងចូលរួមអភិរក្សនូវអ្វីជាអត្តសញ្ញាណរបស់ខ្លួនពិតប្រាកដ»៕ 
  

Tag:
 នំអន្សម
  ភ្ជុំបិណ្ឌ
  ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com