វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ប្រវត្តិនៃការបង្កើតនាវាដឹកយន្តហោះចម្បាំង
16, Sep 2020 , 11:19 am        
រូបភាព
ជារួម ការហោះហើរ និងចុះចតរបស់យន្តហោះសឹងតែគ្រប់ប្រភេទត្រូវបានរារាំងយ៉ាងខ្លាំងដោយវត្តមាននៃចំនួនអាកាសយានដ្ឋានដែលមាននៅក្នុងតំបន់នោះ។ យន្តហោះជាគ្រឿងយន្តទំនើបដែលត្រូវការផ្ទៃដីធំ និងវែងក្នុងការបង្កើតល្បឿនដើម្បីហោះហើរ និងបន្ថយល្បឿនដើម្បីចុះចតដោយសុវត្តិភាព។ ហេតុដូចនេះហើយទើបកាលពីសម័យបុរាណនៃបច្ចេកវិទ្យាហោះហើរ យន្តហោះ (ជាពិសេសយន្តហោះចម្បាំង) មិនអាចធ្វើដំណើរបានឆ្ងាយពីដែនដីរបស់ខ្លួនក្នុងការធ្វើសមយុទ្ធនោះឡើយ។ ចុះបើគេអាចបង្កើតកូនអាកាសយាន្តដ្ឋានតូចមួយដែលអាចអណ្តែត និងធ្វើដំណើរលើសមុទ្របាន? នេះគឺជាគំនិតនៃការចាប់ផ្តើមដំបូងនៃវត្តមានរបស់ក្រុមនាវាផ្ទុកយន្តហោះ ឬ «Aircraft Carrier» ។

 
អ្នកបើកបរយន្តហោះស៊ីវិលជនជាតិអាមេរិកាំងម្នាក់ លោក Eugene Ely បានធ្វើការហោះហើរយន្តហោះចេញពីនាវាលើកដំបូងគេនៅក្នុងប្រវត្តិសាស្រ្តកត់ត្រា ដែលនាវានោះជានាវាកែច្នៃ មានកូនផ្លូវហោះហើរតូចមួយមានឈ្មោះថានាវា Birmingham តាំងពីឆ្នាំ១៩១០មកម្ល៉េះ។ ក្នុងឆ្នាំ១៩១១ បុរសដដែលនេះបានធ្វើការចុះចតយន្តហោះរបស់លោកលើនាវាចម្បាំងមួយទៀតដែលមានឈ្មោះថា នាវា Pennsylvania ដោយមានការជួយបង្អាក់ល្បឿនយន្តហោះពីខ្សែចង់ភ្ជាប់ជាមួយនឹងបាវខ្សាច់ បន្ទាក់គ្នាជាមួយនឹងកង់របស់យន្តហោះនៅពេលយន្តហោះចុះចត។ ដោយបកស្រាយចេញពីគេហទំព័រ Britannica ទាំងអស់នេះជាជំហានដំបូងនៃការពិសោធន៍សមត្ថភាពនៃនាវាដឹកយន្តហោះ។ 
 
ក្នុងដំណាក់កាលនៃសង្រ្គាមលោកលើកទីមួយ ចក្រភពអង់គ្លេសបានកែច្នៃនាវាដឹកយន្តហោះច្បាស់លាស់លើកដំបូងគេដែលមានផ្លូវហោះហើរ និងចុះចតធំទូលាយចេញពីនាវាដឹកទំនិញមួយ។ នាវានេះមានឈ្មោះថា HMS Argus ។ ប៉ុន្តែ HMS Argus ត្រូវបានគេសង់រួចរាល់នៅពេលដែលសង្គ្រាមលោកលើកទីមួយត្រូវបានបញ្ចប់រួចទៅហើយ។ 
 
សហរដ្ឋអាមេរិក និងប្រទេសជប៉ុនក៏បានចាប់ផ្តើមកែច្នៃនាវាដឹកយន្តហោះរបស់ខ្លួនផងដែរ។ សហរដ្ឋអាមេរិកបានបង្កើតនាវាដឹកយន្តហោះលើកទីមួយរបស់ខ្លួនក្នុងឆ្នាំ១៩២២ ក្រោមឈ្មោះថា USS Langley ។ ចំណែកឯ Hosyo ជានាវាដឹកយន្តហោះដំបូងរបស់ជប៉ុន ចូលបម្រើការក្នុងឆ្នាំ១៩២២ដូចគ្នា។ នាវាដឹកយន្តហោះដំណើរការលើលំនាំសំខាន់ៗមួយចំនួន ដូចជាសមត្ថភាពក្នុងការផ្ទុកចំនួន និងប្រភេទយន្តហោះ។ 
 
ទោះបីជាផ្លូវហោះហើរមានលក្ខណៈខ្លីជាអាកាសយន្តដ្ឋានលើដីមែនក្តី តែក្នុងការចាប់ផ្តើមហោះហើរ នាវាដឹកយន្តហោះបែរមុខទៅរកទិសបញ្ច្រាស់ខ្យល់ និងមានប្រព័ន្ធរ៉កទំនើបក្នុងការជួយរុញសន្ទុះនៃល្បឿនយន្តហោះ។ នៅពេលចុះចត រ៉កទំនើបទាំងនោះក៏មាននាទីក្នុងការបន្ទាក់យន្តហោះ និងកាត់បន្ថយល្បឿនយន្តហោះយ៉ាងឆាប់រហ័យក្នុងរយៈពេលខ្លី។ ទាំងអស់នេះទាមទារការហ្វឹកហាត់ពិសេសទៅលើក្រុមពីលុត។ 
 
នាវាដឹកយន្តហោះជាច្រើនត្រូវបានគេប្រើប្រាស់ក្នុងខ្នាតធំនៅក្នុងសង្គ្រាមលោកលើកទី២ ជាពិសេសនៅក្នុងឆាកប៉ាស៊ីហ្វិក កំពង់ផែផើលឯកោះហាវ៉ៃ (Pearl Harbor) និងកោះមីតវ៉េ (Midway) ជាដើម។ នៅក្នុងឆ្នាំ១៩៦០ សហរដ្ឋអាមេរិកបានបង្កើតនាវាដឹកយន្តហោះ Enterprise ដំបូងគេដែលដើរដោយថាមពលនុយក្លេអ៊ែរ។ 
 
នាវាដឹកយន្តហោះភាគច្រើនត្រូវបានហ៊ុមព័ន្ធការពារដោយក្រុមនាវាជាច្រើនទៀតក្នុងទម្រង់យុទ្ធសាស្រ្ត ដើម្បីធានាសុវត្តិភាព និងសមត្ថភាពប្រយុទ្ធ។ នាវាដឹកយន្តហោះគឺជារូបភាពអំណាចនៃឥទ្ធិពលយោធាលើដែនសមុទ្រ និងដែនអាកាសរួមគ្នា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com