ជាតិ
ពីថ្ងៃ​១៨-២០​កញ្ញា កម្ពុជា នឹង​ទទួលរង​ព្យុះ​ទី​១១ ហៅថា «​នូ​ល​»
17, Sep 2020 , 10:19 am        
រូបភាព
ដោយ:
​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បានចេញ​សេចក្ដីជូនដំណឹង ស្ដីពី​ស្ថានភាព​ព្យុះ​ទី​១១ ឈ្មោះ នូ​ល ដែល​នឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៨​កញ្ញា ដល់​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០​។​

 
​តាមរយៈ​សេចក្ដីជូនដំណឹង​នៅ​ថ្ងៃទី​១៦ ខែកញ្ញា ក្រសួង​ធនធានទឹក ផ្តល់ព័ត៌មាន​ថា បាតុភូត​មួយ បានកើត​ឡើង​នៅលើ​សមុទ្រ​ប៉ាស៊ីហ្វិក នៅ​ថ្ងៃទី​១៥ ខែកញ្ញា បាន​វិ​វត្ត​ខ្លួន​យ៉ាង​ឆាប់​ទៅជា​សម្ពាធ​ទាប ហើយ​បាន​បង្កើន​ឥទ្ធិពល​របស់ខ្លួន​ទៅជា​ព្យុះ​ទី​១១ ឈ្មោះ នូ​ល​។ ព្យុះ​ទី​១១ នេះ​បាន​ឆ្លងកាត់​ប្រទេស ហ្វីលីពីន នៅ​ថ្ងៃទី ១៦ ខែកញ្ញា​។ បើតាម​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក ព្យុះ​នេះ​នឹងធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​វៀតណាម នៅ​ថ្ងៃទី ១៨ ខែកញ្ញា រួច​បន្តដំណើរ​ចូល​ប្រទេស​ឡាវ និង​ថៃ​។​
 
​តាម​ប្រភព​ដដែល លក្ខណៈ​បែបនេះហើយ នឹងធ្វើ​ឲ្យ​អាកាសធាតុ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៨-២០ កញ្ញា អាចមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន នៅតាម​ណ្ដា​ខេត្ត ក្នុង​តំបន់​ទំនាប​កណ្ដាល និង​តំបន់​ជួរ​ភ្នំ​ដងរែក ហើយ​នៅ​តំបន់​មាត់សមុទ្រ អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង រួម​នឹង​ខ្យល់​បក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់​។​
 
​ក្រសួង បាន​ក្រើនរម្លឹក​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់ ពិសេស​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ​ទាំងអស់ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕

© រក្សាសិទ្ធិដោយ thmeythmey.com