កីឡាជាតិ
ជាតិ
កីឡាការិនី​ហាប់​គី​ដូ ជេស​ស៊ីកា មិន​ជឿ​អ្នកចេះ​ក្បាច់ គ្មាន​អ្នក​ស្រលាញ់​ឡើយ​
17, Sep 2020 , 8:29 pm        
រូបភាព
សកម្មភាពកីឡាករកីឡាការិនីបង្ហាញស្នៀតការពារខ្លួនក្នុងកីឡាហាប់គីដូកន្លងទៅ
សកម្មភាពកីឡាករកីឡាការិនីបង្ហាញស្នៀតការពារខ្លួនក្នុងកីឡាហាប់គីដូកន្លងទៅ
ដោយ:
​កីឡាការិនី គង់​ម៉ូ​ណា ជេស​ស៊ីកា បាន​ចូល​ហ្វឹកហាត់​កីឡា​ហាប់​គី​ដូ​តាំងពី​អាយុ​៦​ឆ្នាំ ដោយ​ផ្តើមចេញពី​ការដើរតាម​ឪពុក​ទៅ​បង្វឹក​សិស្ស​នៅ​វត្ត​បទុម​វ​តី​ជា​រៀងរាល់​ព្រឹក​។ ស្ថិតក្នុង​វ័យ​១៧​ឆ្នាំ ជេស​ស៊ីកា ចង់​ក្លាយជា​កីឡាការិនី​ហាប់​គូ​ដូ​ឆ្នើម​ម្នាក់​ដូច​បងប្រុស​និង​ឪពុក ហើយ​ប្តេជ្ញា​មិន​បោះបង់​កីឡា​មាន​ប្រភព​មកពី​ប្រទេស​កូរ៉េ​នេះឡើយ​។ កីឡាការិនី​ខ្សែក្រវាត់​ខ្មៅ​ពីរ​ដាន់​រូបនេះ អះអាងថា នាង​ធ្លាប់​ត្រូវបាន​មិត្តភក្តិ​សើចចំអក និង​រង​ការរិះគន់​ពី​មនុស្ស​មួយចំនួន តែ​នាង​មិន​ខ្វល់​នឹង​ទង្វើ និង​ពាក្យ​ទាំង​នោះឡើយ​។

 
​ស្ថិតក្នុង​វ័យ​១៧​ឆ្នាំ​កីឡាការិនី គង់​ម៉ូ​ណា ជេស​ស៊ីកា ហាក់​មាន​ប្រជាប្រិយ​ភាពខ្លាំង​ក្នុង​វិស័យ​កីឡា​ហាប់​គី​ដូ ក្រោយ​ប្រឡូក​ក្នុង​វិស័យនេះ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​។ មិន​ត្រឹម​តែមាន​រូប​សម្រស់​ស្រស់ស្អាត​ប៉ុណ្ណោះ​ទេ ជេស​ស៊ីកា ថែមទាំង​អាច​បង្ហាញ​ក្បាច់គុន​ហាប់​គី​ដូ​យ៉ាង​ស្ទាត់ជំនាញ​ទៀតផង ខណៈ​បច្ចុប្បន្ន​រូបគេ​កំពុង​ពាក់​ខ្សែក្រវាត់​ខ្មៅ​កម្រិត​ពីរ​ដាន់​។ 
 
 
​កូន​ទី​ពីរ​ក្នុង​គ្រួសារ​មាន​បងប្អូន​៣​នាក់​នៅ​រាជធានី​ភ្នំពេញ​រូបនេះ​អះអាងថា នាង ធ្លាប់​ត្រូវបាន​មិត្ត​រួម​ថ្នាក់​ប្រុសៗ​សើចចំអក និង​រង​ការរិះគន់​ពី​មហាជន​មួយចំនួន​តូច ក្រោយ​នាង​ចូល​ហ្វឹកហាត់​កីឡា​ហាប់​គី​ដូ​។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​មានការ​រិះគន់ ដោយសារ​អ្នក​រិះគន់​ភាគច្រើន​ប្រកាន់​ភ្ជាប់​នូវ​ការលើកឡើង​របស់​ចាស់ៗ​បុរាណ ដែល​និយាយថា ស្ត្រី​មិនអាច​ហាត់​ក្បាច់គុន​ដូច​បុរស ឬ​ស្ត្រី​ហាត់​ក្បាច់គុន​ខ្លាច​គ្មាន​អ្នក​ស្រលាញ់​ជាដើម​។ 
 
​កីឡាការិនី​រូបនេះ​បាន​ឆ្លើយតប​នឹង​ការលើកឡើង​របស់​ចាស់ៗ​សម័យមុន​យ៉ាង​ដូច្នេះ​ថា​៖«​ភាគច្រើន​ចាស់ៗ​សម័យមុន​អាច​ថា គាត់​មិនសូវ​ឲ្យ​តម្លៃ​លើ​ស្ត្រី​ទេ ដូច​គាត់​ថា ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំ​។ ស្ត្រី​កាល​មុនគេ​ចាត់ទុក សម្រាប់​ឲ្យ​នៅតែ​ផ្ទះ​ដាំបាយ​ធ្វើ​ម្ហូប​ទុក​ឲ្យ​ប្តី អត់​អាច​ចេញទៅ​ធ្វើការ ឬ​ទៅ​រៀន​នោះទេ​។ ប៉ុន្តែ​សម័យ​បច្ចុប្បន្ន​គេ​លើក​ស្ត្រី​ជាធំ ដូច​មាន​ពាក្យ​មួយ​គេ​លើកឡើងថា ស្ត្រី​ជា​មាតា​នៃ​ពិភពលោក ស្ត្រី​ក៏​អាច​ធ្វើជា​អ្នកដឹកនាំ​គេ និង​អាច​ហាត់​ក្បាច់គុន​ការពារ​ខ្លួន​ដូច​បុរស​ដែរ​»​។ 
 
​ប៉ុន្តែ ជេស​ស៊ីកា មិន​ខ្វល់​ជាមួយ​ការរិះគន់ និង​ការលើកឡើង​ទាំង​នោះឡើយ ដ្បិត​នាង​យល់ថា ស្ត្រី​ចេះ​ក្បាច់គុន​មិនមែនជា​រឿង​អាក្រក់​នោះទេ តែ​វា​ងាយស្រួល​ក្នុង​ការដើរ​យប់​ព្រលប់​ម្នាក់ឯង និង​អាច​ការពារ​ពី​បៀតបៀន​របស់​បុរស ពិសេស​ជួយ​ឲ្យ​ស្ត្រី​មាន​រាងកាយ និង​ស្មារតី​រឹងមាំ​មិន​ចាញ់​បុរស និង​អាច​ចៀស​ផុតពី​ជំងឺ​មួយចំនួន​ថែម​ទៀតផង​។​
 
«​អ្នកខ្លះ​គិតថា ស្រីៗ​ចូល​ហាត់​កីឡា​អត់​បានទេ អាច​ប៉ះពាល់ តែ​សម្រាប់​ខ្ញុំ​ធម្មតា បើ​ស្រីៗ​មាន​ក្បាច់គុន គឺ​ល្អ​ព្រោះ​អាច​ការពារ​ខ្លួន​បាន​។ ខ្ញុំ​សូម​សំណូមពរ​ដល់​មិត្តស្រីៗ​ទាំងអស់​យក​ពេល​ចូលរួម​ហាត់​កីឡា​ទាំងអស់គ្នា ពិសេស​កីឡា​ហាប់​គី​ដូ​។ ព្រោះ​ពេល​យើង​មាន​អារម្មណ៍​តានតឹង ហើយ​ចូល​ហាត់​កីឡា​អាចមាន​អារម្មណ៍​ធូរ​»​។ នេះ​ជាការ​លើកឡើង​របស់ ជេស​ស៊ីកា​។​
 
​នាង បាន​ចូល​ហ្វឹកហាត់​កីឡា​ហាប់​គី​ដូ​តាំងពី​អាយុ​៦​ឆ្នាំ ដោយ​ផ្តើមចេញពី​ការ​តាម​ឪពុក​ទៅ​បង្ហាត់​សិស្ស​ជា​រៀងរាល់​ព្រឹក​នៅមុខ​វត្ត​បទុម​វ​តី​។ ក្រៅពី​រូបនាង បងប្អូន​ពីរ​នាក់​ផ្សេងទៀត ក៏​ជា​កីឡាករ​ហាប់​គី​ដូ​ដែរ​។ នាង​រៀបរាប់ថា​៖«​ប៉ា​ខ្ញុំ​គឺជា​គ្រូបង្វឹក​កីឡា​ហាប់​គី​ដូ​។ ហើយ​កាល​ខ្ញុំ​នៅ​តូច ពេល​ឃើញ​គាត់​ក្រោក​ម៉ោង​៥​ព្រឹក​ទៅ​បង្ហាត់​សិស្ស​នៅ​វត្ត​បទុម​វ​តី ខ្ញុំ​តែងតែ​យំ​តាម​គាត់​ទៅ​ដែរ​។ ដូច្នេះ​គាត់ ក៏​ឲ្យ​ខ្ញុំ​ចូល​ហ្វឹកហាត់​ជាមួយ​គេ​ដែរ តាំងពី​ខ្ញុំ​អាយុ​៦​ឆ្នាំ​រហូតមកដល់​បច្ចុប្បន្ន​»​។ 
 
​ក្លាយជា​កីឡាការិនី​ហាប់​គី​ដូ​ឆ្នើម វា​ជា​ក្តី​ស្រមៃ​របស់ ជេស​ស៊ីកា ដែល​បាន​តាំងចិត្ត​ក្រោយ​ចូលប្រឡូក​ក្នុង​វិស័យនេះ​។ ស៊ីកា បាន​ប្តេជ្ញាចិត្ត​ថា នាង​នឹង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​ក្លាយជា​កីឡាការិនី និង​គ្រូបង្វឹក​ឆ្នើម​ដូច​ឪពុក និង​បងប្រុស​របស់​នាង ដែល​បច្ចុប្បន្ន​ជា​គ្រូបង្វឹក​ថ្នាល​កីឡា​ហាប់​គី​ដូ​ក្នុង​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ​។ 
 
៖«​ខ្ញុំ​ឃើញ​គាត់​(​ឪពុក​)​ហាត់​ខ្លាំងពូកែ ខ្ញុំ​ក៏​ចង់​ហាត់​ឲ្យ​ដូច​គាត់​ដែរ​។ ហើយ​ខ្ញុំ​ក៏បាន​តាំងចិត្ត​ពី​តូច​ថា ខ្ញុំ​ត្រូវ​ហាត់​ឲ្យ​ដូច​គាត់ និង​ខ្លាំង​ដូច​គាត់ ទោះបី​ខ្ញុំ​ជា​ស្រី​ក៏ដោយ​។ ការចូល​ហ្វឹកហាត់​កីឡា​នេះ វា​គឺជា​ចំណង់​ចំណូលចិត្ត​របស់ខ្ញុំ ព្រោះ​វា​មានគុណ​សម្បត្តិ​ច្រើន ដូចជា​ធ្វើ​ឲ្យ​យើង​មាន​សុខ​ភាពល្អ និង​ចៀស​ផុតពី​ជំងឺ​ផ្សេងៗ ពិសេស​អាច​ការពារ​ខ្លួន​បាន​»​។​
 
​ជាមួយ​ការ​ត្អូញត្អែរ​ពី​ការលំបាក​ពេល​ចូល​ហ្វឹកហាត់​ដំបូង​ដោយសារ​ខ្លួន​នៅ​ក្មេង ជេស​ស៊ីកា ដែល​មិន​តម្លើង​ខ្លួន​បាន​អះអាងថា បច្ចុប្បន្ន​សមត្ថភាព​នាង​មិន​ខ្លាំង​នោះទេ គឺ​ស្ថិតក្នុង​កម្រិត​មធ្យម​បើ​ធៀប​នឹង​កីឡាការិនី​មាន​សមត្ថ​ភាពខ្លាំងៗ​។ ប៉ុន្តែ​កីឡាការិនី​រូបនេះ​បាន​បញ្ជាក់ថា នាង​អាច​វាយ​ទប់ទល់​បាន​ពីរ​នាក់​ក្នុងករណី​មានការ​បៀត​បៀត​ពី​ប្រុសៗ ដែល​មិនចេះ​ក្បាច់គុន​។  
 
​កីឡាការិនី​ខ្សែក្រវាត់​ខ្មៅ​២​ដាន់​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ហាប់​គី​ដូ​គឺមាន​ស្នៀត​ត្រូវ​ហក់លោត ត្រូវ​បោក ដូច្នេះ​ខ្លួន​ខ្ញុំ​ជា​ស្រី​មានពេលខ្លះ​អាច​ពិបាក​ខ្លះ​ដែរ​។ តែ​បើសិនជា​យើង​ព្យាយាម​ធ្វើ​ម្តង​ហើយ​ម្តងទៀត យូរៗ​ទៅលេង​អី​ហើយ ព្រោះ​វា​ស៊ាំ តែបើ​នៅ​ឈឺ គឺ​ឈឺ​។ ឪពុកម្តាយ​របស់ខ្ញុំ ក៏​ចង់​ឲ្យ​ខ្ញុំ​ហ្វឹកហាត់​កីឡា​នេះដែរ និយាយ​ជារួម​ទៅ​គ្រួសារ​ខ្ញុំ គឺ​ហាត់​កីឡា​នេះ​ទាំងអស់​»៕ 

Tag:
 ហាប់​គី​ដូ​
  គង់​ម៉ូ​ណា ជេ​ស៊ីកា
© រក្សាសិទ្ធិដោយ thmeythmey.com