លោក Mark Esper រដ្ឋមន្ត្រីការពារជាតិអាមេរិក នៅថ្ងៃទី១៦ ខែកញ្ញាបានប្រកាសពីផែនការពង្រីកកងទ័ពជើងទឹក ដែលក្នុងនោះរួមមាន នាវាចម្បាំងស្វ័យប្រវត្តិ និងគ្មានមនុស្សបើក នាវាមុជទឹក ក៏ដូចជានាវាផ្ទុកយន្តហោះ ដើម្បីទប់នឹងបញ្ហាប្រឈមសន្តិសុខបណ្តាលមកពីកងទ័ពជើងទឹកចិន។ នេះយោង តាមទីភ្នាក់ងារព័ត៌មាន AFP។
រដ្ឋមន្ត្រីការពារជាតិ លោក Mark Esper ក្នុងពេលពិនិត្យផែនការពង្រីកកងទ័ពជើងទឹក ដែលមានឈ្មោះថា« Future Forward» បានលើកឡើងថា អាមេរិក នឹងពង្រីកចំនួននាវារបស់ខ្លួនពីចំនួន ២៩៣ នាពេលបច្ចុប្បន្ន ឲ្យកើនដល់ច្រើនជាង៣៥៥នាវា នាពេលអនាគត។
ផែនការពង្រីកកងទ័ពជើងទឹកនេះ តម្រូវឲ្យអាមេរិកចាយលុយ១០ពាន់លានដុល្លារ រៀងរាល់ឆ្នាំពីឆ្នាំ២០២០ ដល់២០៤៥ ដើម្បីធានាថា កងទ័ពជើងទឹកអាមេរិក នឹងបន្តមានប្រៀបលើកងទ័ពជើងទឹកចិន។ កងទ័ពជើងទឹកចិន ដែលប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្វើទំនើបកម្មយ៉ាងរហ័ស ដែលបណ្តាលឲ្យអាមេរិកចាត់ទុកជាការគំរាមចម្បងមកលើអាមេរិក។
«នាវា នៅពេលអនាគត និងមានសមត្ថភាពជាងមុន ក្នុងការវាយប្រហារតាមរយៈអាកាស ពីផ្ទៃទឹក និងពីក្រោមទឹក» នេះជាការថ្លែងរបស់លោក Esper នៅស្ថាប័នស្រាវជ្រាវគោលនយោបាយ Rand Corp ក្នុងរដ្ឋកាលីហ្វ័រញ៉ា។
ការពង្រីកកងទ័ពជើងទឹកនេះ នឹងបន្ថែមនាវាប្រយុទ្ធ នាវាមុជទឹក នាវាដែលមិនចាំបាច់មានមនុស្សបើក នាវាដែលបើកបរស្វ័យប្រវត្តិ និងគ្មានមនុស្សបើក ក៏ដូចជានាវាផ្ទុកយន្តហោះដែលគ្មានមនុស្សបើក ដែលតូចជាងមុន។បន្ថែមពីនេះ កងនាវាខាងលើ នឹងត្រូវបង្កើនសមត្ថភាពក្នុងការប្រយុទ្ធដែលមានស្ថានការណ៍គ្រោះថ្នាក់ខ្លាំង ក៏ដូចជាវាយប្រហារពីចំងាយឆ្ងាយដែលមានសុក្រឹត្យភាពខ្ពស់ជាងមុន។
លោកថានាពេលនេះ អាមេរិកកំពុងធ្វើតេស្តមីស៊ីល ក៏ដូចជាដ្រូនក្នុងទឹកដែលមានសមត្ថភាពស្វ័យប្រវត្តិក្នុងការស្វែងរកនាវាមុជទឹករបស់សត្រូវក្នុងបាតសមុទ្រ និងដែលអាចស្ថិតនៅក្រោមទឹកជាង២ខែ។
លោក Esper ក៏បានបន្ថែមថា ចិន គឺជាការគំរាមចម្បងលើសន្តិសុខអាមេរិក ហើយតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកជាទីតាំងគំរាមចម្បងដល់កងទ័ពអាមេរិក។លោកថា តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មិនត្រឹមតែជាបណ្តុំនៃជំនួញនិងពាណិជ្ជកម្មប៉ុណ្ណោះទេ តែក៏ជាកន្លែងប្រឈមមុខគ្នារវាងមហាអំណាចផងដែរ។
កាលពីដើមខែកញ្ញាកន្លងទៅ របាយការណ៍របស់មន្ទីរបញ្ចកោណអាមេរិក បានបង្ហាញថាចិន ជាប្រទេសដែលមានកម្លាំងកងទ័ពជើងទឹកច្រើនបំផុត ដោយមាននាវា និងនាវាមុជទឹកសរុបចំនួន៣៥០។ រដ្ឋមន្ត្រីការពារជាតិអាមេរិក ក៏បានលើកឡើងដែរថា បើទោះបីជាអាមេរិក មិនសង់នាវាបន្ថែម ក៏ចិនត្រូវការពេលវេលាជាច្រើនឆ្នាំដើម្បីតាមទាន់សមត្ថភាពអាមេរិក នៅក្នុងសមុទ្រអន្តរជាតិ។ លោកសង្កត់បន្ថែមថា កងទ័ពជើងទឹកចិន ខ្វះទាំងកម្លាំង និងសមត្ថភាព។
ការពង្រីកកងទ័ពជើងទឹកដែលមាននាវារហូតដល់ទៅ ៣៥៥នេះ តម្រូវឲ្យមន្ទីរបញ្ជកោណអាមេរិកចំណាយប្រាក់មួយភាគធំក្នុងវិស័យកងទ័ពជើងទឹក មិនតែប៉ុណ្ណោះអាមេរិកត្រូវចំណាយប្រាក់បន្ថែមដើម្បីពង្រីក និងធ្វើទំនើបកម្មកន្លែងសង់នាវា ដើម្បីតាមឲ្យទាន់ចិនដែលមានប្រៀបក្នុងការសាងសង់៕