ពីនេះ ពីនោះ
សុខភាព
កុំ​រំលង​! របៀប​ប្រើប្រាស់ “​ទឹកដោះគោ​ស្រស់​” រក្សា​សម្រស់​ស្បែក​
21, Sep 2020 , 8:59 pm        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់​និង​ឧស្សាហ៍​ទទួលទាន​ទឹកដោះគោ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ដឹង​ពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​នៃ​ភេសជ្ជៈ​នេះ​ចំពោះ​សុខភាព​ស្បែក​ឡើយ​។ ថា​តើ​ទឹកដោះគោ​ស្រស់​ល្អ​យ៉ាងណាខ្លះ​ចំពោះ​សម្រស់​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​របៀប​ងាយៗ​ក្នុងការ​ប្រើប្រាស់​ទឹកដោះគោ​ស្រស់​រក្សា​សម្រស់ ៖

 
១. រូបមន្ត​សម្រាប់​ជួយ​ឱ្យ​ស្បែក​ភ្លឺ​ស្រស់ថ្លា​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​ទឹកដោះគោឆៅ ឬ​ស្រស់​លើ​ស្បែ​កមុខ​និង​ក ហើយ​ទុកចោល​សម្រាប់​រយៈពេល ១០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ អ្នក​ក៏​អាច​លាយ​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ ជាមួយ​ទឹកដោះគោ​ស្រស់ ២ ស្លាបព្រា​បាយ និង​ទឹក​ក្រូចឆ្មារ​ស្រស់ ១ ស្លាបព្រា​បាយ ចូលគ្នា​ឱ្យ​សព្វ សឹម​លាប​ល្បាយ​លើ​ស្បែក​ដែល​សម្អាត​ស្អាត ហើយ​ទុកចោល​សម្រាប់​រយៈពេល ១០ នាទី មុននឹង​លាង​សម្អាត​ចេញ​។​
 
២. រូបមន្ត​សម្រាប់​ផ្ដល់​សំណើម​ដល់​ស្បែក​
 
​ទឹកដោះគោ​មាន​ផ្ទុក​អាស៊ីត lactic ក៏ដូចជា​វីតាមីន A និង​វីតាមីន D ដែល​ទទួលខុសត្រូវ​ក្នុងការ​ធ្វើឱ្យ​ស្បែក​ទន់​រលោង​មាន​សំណើម​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកដោះគោ​ស្រស់​ក្ដៅ​ឧណ្ហៗ ២ ពែង​និង​ទឹកឃ្មុំ​កន្លះ​ពែង​ក្នុង​ទឹក​ធម្មតា​ចំនួន​សមល្មម​ដើម្បី​គេង​ត្រាំ​។​
 
៣. រូបមន្ត​សម្រាប់​សម្អាត​ស្បែក​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ជ្រលក់​ដុំ​សំឡី​ក្នុង​ទឹកដោះគោឆៅ រួច​លាប​វា​លើ​ផ្ទៃមុខ​និង​ក​។ ទុកចោល​សម្រាប់​រយៈពេល ៥ នាទី សឹម​លាង​សម្អាត​ចេញ​។ អនុវត្ត​ជាប្រចាំ​។ អ្នក​ក៏​អាច​លាយ​ទឹកដោះគោ​ស្រស់​ជាមួយ​ល្ហុង​ទុំ​កិន​ម៉ដ្ឋ ហើយ​លាប​ល្បាយ​លើ​ស្បែក រួច​ទុកចោល​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។​
 
៤. រូបមន្ត​សម្រាប់​ព្យាបាល​បញ្ហា​ហើម​ជុំវិញ​ភ្នែក​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ជ្រលក់​បន្ទះ​សំឡី​ក្នុង​ទឹកដោះគោ​ស្រស់​ត្រជាក់ រួច​ដាក់​ស្អំ​លើ​ត្របកភ្នែក​ជាការ​ស្រេច​។​
 
៥. រូបមន្ត​សម្រាប់​កាត់បន្ថយ​ការ​រលាក​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ទឹកដោះគោ​ស្រស់​លើ​តំបន់​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់​ជាការ​ស្រេច​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com