ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
លោក អឿ ណា​រិ​ទ្ធ ត្រូវ​ចាប់ខ្លួន​ពីបទ​រួមគំនិត​ក្បត់ [​ជាតិ​]
21, Sep 2020 , 11:57 am        
រូបភាព
​​កម្លាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​ចាប់​លោក អឿ ណា​រិ​ទ្ធ សកម្មជន​អតីត​គណបក្សប្រឆាំង កាល​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០ ពីបទ​រួមគំនិត​ក្បត់ [​ជាតិ​] តាម​មាត្រា​៤៥៣​នៃ​ក្រមព្រហ្មទណ្ឌ​។​



​វរសេនីយ៍ឯក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា​នេះ​ថា សមត្ថកិច្ច បាន​ស៊ើប​ដឹង​ពី​សកម្មភាព​របស់លោក អឿ ណា​រិ​ទ្ធ ដែល​បានផ្តល់​ថវិកា ដល់​សកម្មជន​និង​អ្នកគាំទ្រ​អតីត​គណបក្សប្រឆាំង ដើម្បី​ជា​ជំនួយ​ដល់​ពួកគេ ក្នុងការ​ចូលរួម​នឹង​ផែនការ​ក្បត់ជាតិ​និង​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ លោក បញ្ជាក់ថា​៖«​ការចាប់ខ្លួន​ហ្នឹង យើង មាន​ភស្តុតាង​គ្រប់គ្រាន់​»​។ 
 
​លោក បន្តថា ការចាប់​លោក អឿ ណា​រិ​ទ្ធ គឺ​ធ្វើតាម​ដីកា​របស់​ព្រះរាជអាជ្ញា​។ លោក បន្ថែមថា កម្លាំង​សមត្ថកិច្ច បាន​បញ្ជូន​លោក អឿ ណា​រិទ្ធ ទៅកាន់​ព្រះរាជអាជ្ញា​ហើយ​។ 
​អ្នកនាំពាក្យ​នគរបាល​ភ្នំពេញ មិនទាន់​អាច​ផ្តល់ព័ត៌មាន​បន្ថែម​នោះទេ​ថា កម្លាំង​សមត្ថកិច្ច នឹង​បន្ត​ស៊ើប​និង​តាម​ចាប់​អ្នក​ផ្សេងទៀត ដែល​សង្ស័យ​ពី​ការចូលរួម​ក្នុង​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល ឬ​យ៉ាងណា​។ 
 
​ការចាប់​លោក អឿ ណា​រិ​ទ្ធ គឺ​ស្រប​ពេលដែល​លោក សម រង្ស៊ី មេដឹកនាំ​ក្រុមប្រឆាំង បានប្រកាស​ផែនការ​លើក​ទី​២ ថា លោក នឹង​វិល​មក​កម្ពុជា​វិញ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ តែ​លោក ពុំបាន​បញ្ជាក់​ពី​ពេលវេលា​ជាក់លាក់ ដូច​កាលពី​ប្រកាស​ផែនការ​លើក​ទី​១​ឡើយ​។ ក្នុង​វីដេអូ​ឃ្លី​ប ដែល​បង្ហោះ​ចេញពី​ប្រទេស​បារាំង លោក សម រង្ស៊ី និយាយថា​៖«​ខ្ញុំ បានឃើញ​សារ​របស់​បងប្អូន​ថា ចាំតែ​សម រង្ស៊ី ចាំតែ​លោក​ប្រធាន​មក [​កម្ពុជា​] ទេ ប្រជារាស្ត្រ នឹង​ងើប​ហើយ ព្រោះ​ចង់​ងើប​យូរហើយ ចាំតែ​ឱកាស ចាំតែ​មេ​មកដល់​...»​។ 
​ផែនការ​លើក​ទី​១ លោក ប្រកាសថា ចូល​ស្រុក នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ តែ​ត្រូវ​បរាជ័យ​។ 
 
​លោក អឿ ណា​រិ​ទ្ធ ដែល​ធ្លាប់ជា​ជំនួយការ​របស់​អ្នកស្រី មូរ សុខ​ហួរ អនុប្រធាន​អតីត​គណបក្សប្រឆាំង ធ្លាប់​ត្រូវ​ចាប់ខ្លួន​ម្តង​រួចមកហើយ ពាក់ព័ន្ធ​នឹង​ការប៉ះទង្គិច​គ្នា​រវាង​ក្រុម​អ្នកគាំទ្រ​អតីត​គណបក្សប្រឆាំង​និង​កម្លាំង​សមត្ថកិច្ច កាល​អំឡុង​ឆ្នាំ​២០១៤​។ កាលនោះ លោក ត្រូវ​ចាប់ខ្លួន​ជាមួយនឹង​អ្នកស្រី មូរ សុខ​ហួរ រួមទាំង​តំណាងរាស្ត្រ​ផ្សេងទៀត​នៃ​អតីត​គណបក្សប្រឆាំង ដូចជា លោក ហូរ វ៉ាន់ លោក ម៉ែន សុថា​វរិ​ន្ទ្រ លោក កែវ ភី​រម្យ និង លោក រៀល ខេ​ម​រិ​ន្ទ្រ ជាដើម​។ 
 
​មុខ​នឹង​សមត្ថកិច្ច ចាប់​លោក អឿ ណា​រិទ្ធ មាន​មន្ត្រី​អតីត​គណបក្សប្រឆាំង​ម្នាក់​ហើយ គឺ​អ្នកស្រី ប៉ែន មុំ ត្រូវ​កាត់ទោស​ពីបទ​រួមគំនិត​ក្បត់ [​ជាតិ​] នេះ​។ អ្នកស្រី ប៉ែន មុំ ជា​អតីត​សមាជិកា​នៃ​ក្រុមប្រឹក្សាឃុំ​ខាង​គណបក្សប្រឆាំង នៅ​ឃុំ​កណ្តាល ស្រុក​ទឹកឈូ ខេត្តកំពត​។ នៅ​ដើមខែ​កញ្ញា ឆ្នាំ​២០២០​នេះ តុលាការ​ខេត្តកំពត បានប្រកាស​សាលក្រម​ផ្តន្ទាទោស​អ្នកស្រី ឲ្យ​ជាប់ពន្ធនាគារ​៥​ឆ្នាំ ពីបទ​រួមគំនិត​ក្បត់ [​ជាតិ​]​។ 
 
​តាមពិត​រឿងក្តី​របស់​អ្នកស្រី មិនមែន​ទើប​កើតឡើង​នាពេល​ថ្មីៗ​នេះ​ទេ គឺ​កើតឡើង​តាំង​ចុងឆ្នាំ​២០១៩​មកម្ល៉េះ ដោយ​កាលនោះ ជា​ពេលដែល​លោក សម រង្ស៊ី ប្រកាស​ចូល​ស្រុក​លើក​ទី​១​។  ក្នុងអំឡុងពេលនោះ អ្នកស្រី និង​សកម្មជន​អតីត​គណបក្សប្រឆាំង​ប្រមាណ​៧០​ទៅ​៨០​នាក់​ទៀត ត្រូវ​ចាប់ខ្លួន​ពីបទ​រួមគំនិត​ក្បត់ [​ជាតិ​] ហើយ​ត្រូវបាន​ដោះលែង​វិញ តាម​ការស្នើសុំ​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែ​ត្រូវ​ស្ថិតក្រោម​ការឃ្លាំមើល​រប​ស់​តុលាការ​។ ទីបំផុត រឿងក្តី​របស់​អ្នកស្រី ត្រូវបាន​តុលាការ សើរើ​ឡើងវិញ និង​ឈានដល់​កាត់ទោស​អ្នកស្រី​ឲ្យ​ជាប់ពន្ធនាគារ​៥​ឆ្នាំ​។ 
 
​ក្រៅពី​អ្នកស្រី ប៉ែន មុំ និង លោក អឿ ណា​រិ​ទ្ធ មាន​សកម្មជន​និង​យុវជន​ជាង​១០​នាក់​ផ្សេងទៀត ទើបនឹង​ត្រូវ​ចាប់ខ្លួន​។ អ្នក​ទាំងនោះ ​មានដូចជា អតីត​ព្រះសង្ឃ កើត សារាយ យុវជន មាន ព្រហ្ម​មុនី យុវជន ហ៊ុន វណ្ណៈ យុវជន ថា ឡា​វី យុវជន ថុ​ន រដ្ឋា យុវជន មួង សុភ័ក្ត្រ យុវតី ឈឿ ដា​រាវី យុវតី សូ មេត្តា យុវតី ស កន្និកា យុវតី ឡុង គ​ន្ធា និង យុវតី ភួ​ន កែវ​រស្មី ជាដើម​។ អតីត​ព្រះសង្ឃ និង​យុវជន​យុវតី​ទាំងនោះ ភាគច្រើន​ជា​សមាជិក​នៃ​ក្រុមយុវជន​ខ្មែរ​ថាវរៈ​និង​ក្រុមយុវជន​ចលនា​មាតា​ធម្មជាតិ​។​
 
​ចំណែក លោក រ៉ុង ឈុន មេ​សហជីព និង លោក សួង សុ​ភ័​ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ត្រូវ​ចាប់ខ្លួន​មុន​យុវជន​យុវតី​ខាងលើ​។ អ្នក​ទាំង​២ ត្រូវ​ចាប់ខ្លួន ក្រោម​ការសង្ស័យថា បាន​បំភ្លៃ​ខុស​ការពិត​ពី​រឿង​ព្រំដែន​។ ឯ​យុ​វជ​យុវតី ត្រូវ​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ការចេញ​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទាំង​២ និង​ទាមទារ​ឲ្យ​មាន​យុត្តិធម៌​សង្គម​។ នៅមាន​មនុស្ស​មួយចំនួនទៀត ដែល​ត្រូវ​ចាប់ខ្លួន ដូចជា យុវជន​ជា​អ្នកចម្រៀង​រ៉េ​ប ជា គ​ន្ធា រួមទាំង​មន្ត្រី​អតីត​គណបក្សប្រឆាំង​២​រូប គឺ លោក ជុំ វុទ្ធី និង លោក ឈួ ផេង​។​
 
​ភាគច្រើន​ក្នុងចំណោម​ពួកគេ ត្រូវ​ចោទ​ពីបទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម​។ 
 
​អង្គការ​ជាតិ​-​អន្តរជាតិ រិះគន់​រដ្ឋាភិបាល​ថា បិទ​សិទ្ធិសេរីភាព និង​ស្នើ​ឲ្យ​ដោះលែង​អ្នក​ទាំងនោះ​វិញ​។ យ៉ាងណា មន្ត្រី​រដ្ឋាភិបាល បកស្រាយ​ថា វិធានការ​លើ​អ្នក​ទាំងនោះ គឺ​ធ្វើទៅ​តាមច្បាប់​៕ 

Tag:
 តុលាការ​
  អតីត​បក្សប្រឆាំង​
  ចាប់ខ្លួន​
  អឿ ណា​រិ​ទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com