កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ប្រាប់ Son ឲ្យ​និយាយ​ក្នុង​បទ​សម្ភាស​ថា Kane ជា man of the match
21, Sep 2020 , 4:26 pm        
រូបភាព
Son Heung-min បានបង្ហាញ​ពី​ការដឹងគុណ​ចំពោះ​មិត្ត​រួម​ក្រុម Harry Kane នៅពេល​ពន្យល់​ទៅកាន់​អ្នកគាំទ្រ អំពី​មូល​ហេតុដែល​ធ្វើ​ឲ្យ​រូបគេ​អាច​រកបាន​ដល់​ទៅ​៤​គ្រាប់​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដើម្បី​ជួយ Tottenham Hotspur យកឈ្នះ Southampton ៥-២​។ Jose Mourinho ផ្តាំ Son ឲ្យ​និយាយថា Kane ជា Man of the match នៅពេល​ផ្តល់​បទ​សម្ភាស​ទៀតផង​។


​ក្នុងការ​ប្រកួត​ក្របខណ្ឌ Premier League នៅ​កីឡដ្ឋាន St Mary's ខ្សែប្រយុទ្ធ​អន្តរជាតិ​កូរ៉េខាងត្បូង​រក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ចំនួន​៤​គ្រាប់​ម្នាក់ឯង តាមរយៈ​ការបញ្ជូន​បាល់​ដ៏​ល្អ (assist) ពី​សំណាក់​មិត្ត​រួម​ក្រុម Kane ទាំង​៤​លើក​។​
 
​ការចាប់​ដៃគូ​ដ៏​អស្ចារ្យ​នេះ មានន័យថា​នេះ​ជា​លើក​ទី​១​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ Premier League ដែលមាន​កីឡាករ​ម្នាក់​អាច​បញ្ជូន​បាល់​ដល់​ទៅ​៤​ដង​ទៅ​ឲ្យ​កីឡាករ​ម្នាក់ទៀត​សម្រេច​ទី​៤​គ្រាប់ ក្នុងការ​ប្រកួត​តែមួយ​។​


 
​នៅក្នុង​សារ​មួយ​ផ្ញើ​ទៅកាន់​អ្នកគាំទ្រ Spurs នៅលើ​បណ្តាញ​សង្គម Twitter Son បាន​សរសេរ​អរគុណ​ចំពោះ​អ្នកគាំទ្រ និង​សរសើរ Kane មិន​ដាច់​ពី​មាត់​ឡើយ​។ « ខ្ញុំ​រក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ចំនួន​៤​គ្រាប់​នៅក្នុង​ក្របខណ្ឌ Premier League ជា​លើកដំបូង​។ ប៉ុន្តែ​ខ្ញុំ​ពិតជា​អរគុណ​ខ្លាំងណាស់ ជាពិសេស​ចំពោះ​មិត្ត​រួម​ក្រុម​របស់ខ្ញុំ​ដែល​បានផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​អាច​រក​គ្រាប់​បាល់ គឺ Harry Kane​។ ទាំង​៤​គ្រាប់​នោះ ពិតជា​ការបញ្ជូន​ដ៏​អស្ចារ្យ​ពី Kane»​។​
 
Son បន្ថែមថា ការធ្វើ​បាន Hat-trick លើកដំបូង​នៅ​លី​គ​កំពូល​អង់គ្លេស​ជាមួយ​មាន់​ខ្នាយ​មាស គឺជា​កិត្តិយស​ដ៏​ធំធេង​សម្រាប់​ខ្លួន ហើយ​រូបគេ​ពិត​ជាមាន​មោទកភាព​ណាស់​។​
 
​មិន​ត្រឹមតែ Son ឡើយ​ដែល​សរសើរ Kane សូម្បីតែ​អ្នកចាត់ការ​ទូទៅ Spurs លោក Jose Mourinho ក៏​បង្ហាញ​ការគោរព​ដល់​ខ្សែប្រយុទ្ធ​ឆ្នើម​របស់ខ្លួន​ផងដែរ​។ អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ បាន​ទៅ​រំខាន Son ពេល​ផ្តល់​បទ​សម្ភាស​ក្រោយ​ចប់​ការប្រកួត ដោយ​ប្រាប់​ខ្សែប្រយុទ្ធ​កូរ៉េ​ខាង​ត្បូ ឲ្យ​និយាយថា​ប្រធាន​ក្រុម Harry Kane ជា Man of the match ក្នុងជំនួប​នេះ​។​
 
​អតីត​អ្នកចាត់ការ​ទូទៅ Manchester United ក៏បាន​កោតសរសើរ​ខ្សែប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស Kane បន្ថែមទៀត​នៅក្នុង​សន្និសីទ​សារព័ត៌មាន ដោយ​អះអាងថា នៅ​តង់​ទី​២ Harry Kane បាន​ផ្លាស់ប្តូរ​ស្ថានភាព​ការប្រកួត​ទាំងមូល​របស់ Spurs តែម្តង​។ «​ចលនា​របស់គាត់ [Kane] គឺ​អស្ចារ្យ​ណាស់ របៀប​លេង​របស់គាត់​ពិតជា​មិនគួរ​ឲ្យ​ជឿ ហើយ​គាត់​បានអនុញ្ញាត​ឲ្យ Son លេង​នៅ​តំបន់​របស់ខ្លួន ដែលជា​ទីតាំង​ផ្សេង​នៅលើ​ទីលាន​។ វា​ពិតជា​អស្ចារ្យ​ណាស់​»៕
 

Tag:
 Son Heung-min
  Tottenham Hotspur
  Harry Kane
© រក្សាសិទ្ធិដោយ thmeythmey.com