សង្គមអន្តរជាតិ​
អន្តរជាតិ
អាមេរិក ជម្នះ​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​តែឯង ទោះ UN និង​សម្ព័ន្ធមិត្ត​មិន​គាំទ្រ​
22, Sep 2020 , 11:52 am        
រូបភាព
រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ។រូបភាព៖  AFP
រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ។រូបភាព៖ AFP
ដោយ:
​អាមេរិក នៅ​ថ្ងៃទី​២១ ខែកញ្ញា បានប្រកាស​ដាក់ទណ្ឌកម្ម​ក្រោម​ក្របខណ្ឌ​អង្គការសហប្រជាជាតិ (UN) លើ​អ៊ឺ​រ៉ង់ ទោះជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន និង​ប្រទេស​ជាច្រើន​មិន​យល់ស្រប​ក្ដី​។ អាមេរិក​អះអាងថា ទណ្ឌកម្ម​ដែល​ខ្លួន​ដាក់​នេះ​ស្របតាម​សេចក្តីសម្រេច​របស់ UN ។ នៅ​ថ្ងៃ​ដដែល អាមេរិក​ក៏​ប្រកាស​ទណ្ឌកម្ម​លើ​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ។​


​រដ្ឋបាល​របស់លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ សម្រេច​ដាក់ទណ្ឌកម្ម​លើ​បុគ្គល និង​ស្ថាប័ន​ចំនួន​២៧​របស់​អ៊ីរ៉ង់​ក្នុងនោះ​មាន​ក្រសួងការពារជាតិ និង​ទីភ្នាក់ងារ​នុយ​ក្លែ​អ៊ែរ​ផង ដោយ​អះអាងថា​បុគ្គល និង​ស្ថាប័ន​ទាំងនេះ​ស្ថិតក្រោម​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​។ ប៉ុន្តែ​អង្គការសហប្រជាជាតិ ចេញមក​បដិសេធ​វិញ​ថា ការដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ មិន​អាស្រ័យទៅលើ​អាមេរិក​ឡើយ​។​
 
​មុន​សម្រេចចិត្ត​ដាក់ទណ្ឌកម្ម​ពេលនេះ អាមេរិក បាន​បញ្ចុះបញ្ចូល​ប្រទេស​នានា ពិសេស​ហត្ថលេខី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ឲ្យ​អនុវត្ត​វិធានការ​ទណ្ឌកម្ម​ដែល​មានចែង​ក្នុង​កិច្ចព្រមព្រៀង​នេះ​។ អង់គ្លេស បារាំង អាល្លឺម៉ង់ រុស្ស៊ី ចិន រួមទាំង​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ឯទៀត​មិន​គាំទ្រ​ឡើយ​។ យ៉ាងណា រដ្ឋបាល​លោក ត្រាំ នៅតែ​ជម្នះ​ចាត់វិធានការ​លើ​អ៊ីរ៉ង់​ដដែល​។ 
 
​ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​២១ ខែកញ្ញា រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ លើកឡើងថា អាមេរិក​អាចអនុវត្ត​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​បាន ដោយសារតែ​អ៊ីរ៉ង់​បាន​រំលោភ​បម្រាម​នាំចូល​អាវុធ​របស់​អង្គការសហប្រជាជាតិ ក៏ដូចជា​ការវាយប្រហា​រលើ​ទៅ​តាំង​ផលិត​ប្រេង​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​។ ក្នុងការ​ដាក់ទណ្ឌកម្ម​នេះ អាមេរិក​បែ​ជា​ប្រើ​សេចក្តីសម្រេចចិត្ត​របស់​អង្គការសហប្រជាជាតិ ដែល​គាំទ្រ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥ ទៅវិញ​។​
 
​សូមបញ្ជាក់ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ អនុញ្ញាត​ឲ្យ​ប្រទេស​ភាគី​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​វិញ បើសិនជា​រកឃើញថា​រំលោភ​នឹង​កិច្ចព្រមព្រៀង​នេះ​។ ប៉ុន្តែ​អាមេរិក ក្រោម​ការដឹកនាំ​របស់​លោក​ត្រាំ បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង កាលពី​ឆ្នាំ​២០១៨​ទៅហើយ​។ ត្រង់នេះ អាមេរិក​ប្រកែក​ថា ខ្លួន​មាន​សិទ្ធិ​ដាក់ទណ្ឌកម្ម​ដដែល ព្រោះ​សេចក្ដីសម្រេច​របស់​អង្គការសហប្រជាជាតិ​ដែល​គាំទ្រ​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ មានឈ្មោះ​អាមេរិក​ដែរ​។ 
 
​ទោះជា​អាមេរិក ខំ​លើក​ហេតុផល​យ៉ាងនេះ​ក្តី សម្ព័ន្ធមិត្ត​អឺរ៉ុប ក៏ដូចជា​ចិន និង​រុស្ស៊ី​ចេញមុខ​ជំទាស់​។ ចំណែក​បណ្តា​ប្រទេស​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ និយាយថា អាទិភាព​នៅពេលនេះ គឺ​ស្វែងរក​ដំណោះស្រាយ​សន្តិវិធី​ជាមួយនឹង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។​
 
​ក្រៅពី​ដាក់ទណ្ឌកម្ម​ដោយ​ទទឹងទិស​ដោយ​ខ្លួនឯង ប្រមុខ​ការបរទេស​អា​មេ​រិ​ក បាន​សង្កត់ធ្ងន់ថា សមាជិក​អង្គការសហប្រជាជាតិ​ទាំងអស់ ក៏មាន​ការទទួលខុសត្រូវ​ក្នុងការ​អនុវត្ត​ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់​ដែរ​។ លោក​បញ្ជាក់ទៀតថា ក្នុងនោះ​ក៏​រួមបញ្ចូល​អង់គ្លេស បារាំង និង​អាល្លឺម៉ង់ ដែល​អាមេរិក​រំពឹងថា នឹង​អនុវត្ត​ទណ្ឌកម្ម​ខាងលើ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ 
 
​ក្រៅពី​ទណ្ឌកម្ម​ទាក់ទង​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ អាមេរិក ក៏​នៅតែ​ចចេស ចង់​ពន្យារ​បម្រាម​ជួញដូរ​អាវុធ​ជាមួយ​អ៊ីរ៉ង់ ដែល​នឹង​ផុតរលត់​ទៅ​នៅ​ថ្ងៃទី​១៨ ខែតុលា​ខាងមុខ បើទោះបីជា​ក្រុមប្រឹក្សាសន្តិសុខ​បោះឆ្នោត​ជំទាស់​លើ​ការពន្យារពេល​ក្តី​។ គេ​រំពឹងថា​អាមេរិក នឹងដាក់​ទណ្ឌកម្ម​ឯកតោភាគី លើ​ប្រទេស​ដែល​រកស៊ី​អាវុធ​ជាមួយ​អ៊ីរ៉ង់​។​
 
​ក្រៅពី​អ៊ីរ៉ង់ អាមេរិក ក៏​ដាក់ទណ្ឌកម្ម​បន្ថែម​ទៅលើ​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ផងដែរ​។ ក្រសួងការបរទេស​អា​មេ​រិ​ក លើកឡើងថា លោក ម៉ា​ឌុយ​រ៉ូ កំពុង​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​អ៊ីរ៉ង់​ក្នុង​វិស័យ​ប្រេង ក៏ដូចជា​វិស័យ​ការពារជាតិ​។ បើតាម​លោក ប៉ុ​ម​ប៉េ​អូ ជិត​២​ឆ្នាំ​មកហើយ​ដែល​មន្ត្រី​ពុករលួយ​របស់​អ៊ីរ៉ង់ បានធ្វើការ​ជាមួយ​របប​មិន​ស្របច្បាប់​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា ដោយ​មិន​អើពើ​ពី​បម្រាម​នាំចូល​អាវុធ​របស់​អង្គការសហប្រជាជាតិ​៕
 

Tag:
 អាមេរិក​
  អ៊ីរ៉ង់​
  វ៉េ​ណេ​ស៊ុយ​អេ​ឡា​
© រក្សាសិទ្ធិដោយ thmeythmey.com