COVID-19
អន្តរជាតិ
លោក ត្រាំ ឲ្យ​ពិន្ទុ​ខ្លួនឯង «A+» ចំពោះ​វិធានការ​ប្រឆាំង COVID-19
22, Sep 2020 , 2:29 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (AFP)
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (AFP)
ដោយ:
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ជាថ្មី​ម្ដងទៀត បាន​វាយតម្លៃ​ខ្ពស់​លើ​វិធានការ​គ្រប់គ្រង​វិបត្តិ​ជំងឺ COVID-19 ដែល​បច្ចុប្បន្ន​ប្រជាជន​អាមេរិក​២០​ម៉ឺន​នាក់​អស់​ជីវិត​ដោយសារ​ជំងឺ​នេះ​។ លោក​ក៏បាន​ព្យាករ​ថា វ៉ាក់សាំង​ប្រឆាំង​ជំងឺ COVID-19 នឹងមាន​ឲ្យ​ប្រើប្រាស់​ក្នុងពេល​ប៉ុន្មាន​សប្ដាហ៍​ខាងមុខនេះ​។

 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍​អាមេរិក Fox នៅ​ថ្ងៃទី ២១ ខែកញ្ញា លោក ដូ​ណា​ល់ ត្រាំ គូសបញ្ជាក់ថា សហរដ្ឋអាមេរិក នឹង​ទទួលជោគជ័យ​ឆាប់ៗ​នេះ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​រាតត្បាត​សកល COVID-19 ទោះជា​មាន ឬ​គ្មាន​វ៉ាក់សាំង​ក៏ដោយ​ក្តី​។ 
 
​លោក​ប្រធានាធិបតី អះអាង​បន្តថា​៖«​ពួកគេ​ស្អប់​នៅពេល​ខ្ញុំ​និយាយ​បែបនេះ តែ​នេះ​ជា​រឿង​ដែល​នឹង​កើតឡើង​ចៀស​មិន​ផុត​។ យើង​បានធ្វើ​ការងារ​យ៉ាង​ល្អ​អស្ចារ្យ​»​។ សម្រាប់​លោក​ត្រាំ សម្រាប់​កិច្ចការ​ទំនាក់ទំនង​សាធារណៈ លោក​ឲ្យ​ពិន្ទុ​ខ្លួនឯង «D» តែ​សម្រាប់​កិច្ចការ​ប្រឆាំង COVID-19 លោក​ឲ្យ​ពិន្ទុ​ខ្លួនឯង​ដល់​ទៅ «A+» ឯណោះ​។​
 
​និយាយ​ដល់​រឿង​វ៉ាក់សាំង​ប្រឆាំង COVID-19 វិញ ប្រធានាធិបតី​វ័យ​៧៤​ឆ្នាំ​រូបនេះ បាន​ព្យាករ​ទុក​ថា​នឹងមាន​ឲ្យ​ប្រើប្រាស់​ក្នុងពេល​ឆាប់ៗ​ខាងមុខ ពោលគឺ​ប្រហែលជា​ចុងខែ​តុលា​នេះឯង​។ យ៉ាងណាមិញ ការអះអាង​របស់លោក​ត្រាំ​នេះ គឺ​ផ្ទុយ​ពី​ការវាយតម្លៃ​របស់​មន្ត្រី​សុខភាព​សាធារណៈ​កំពូល​របស់រ​ដ្ឋ​បាល​លោក ដែល​ទទួលបន្ទុក​ការអភិវឌ្ឍ​វ៉ាក់សាំង លោក Moncef Slaoui ។ លោក Slaoui ធ្លាប់បាន​អះអាងថា វ៉ាក់សាំង COVID-19 មិន​ទំនងជា​ត្រូវអនុម័ត​បានឡើយ​នា​ដើមខែ​វិច្ឆិកា​ខាងមុខ​។  
 
​នេះ​ពុំមែន​ជា​លើកទីមួយ​ឡើយ​ដែល​លោក​ប្រធានាធិបតី​និយាយ​លើកសរសើរ​ចំពោះ​ការដឹកនាំ​របស់លោក​ក្នុងពេល​មាន​វិបត្តិ​សុខភាព​សាធារណៈ​នេះ​។ កាលពី​ខែមីនា​កន្លងទៅ លោក ក៏​ធ្លាប់​ឲ្យ​ពិន្ទុ​ខ្លួនឯង ១០/១០ ចំពោះ​ការឆ្លើយតប​របស់​រដ្ឋ​បាល​លោក​ប្រឆាំង​ជំងឺ COVID-19 ផងដែរ ដោយ​កាលនោះ​ជំងឺ​នេះ កំពុង​រាតត្បាត​យ៉ាង​លឿន​រហ័ស​ក្នុង​សហរដ្ឋអាមេរិក​៕ 

Tag:
 សហរដ្ឋអាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com