ជាតិ
​គណៈកម្មាធិការ​ជាតិ​បណ្តុះបណ្តាល អនុម័ត​កញ្ចប់​ស្តង់ដា ៦​វិស័យ​ដែលមាន​ជាង​៣០​មុខរបរ​
22, Sep 2020 , 9:59 pm        
រូបភាព
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ  និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​បណ្តុះបណ្តាល ថ្លែង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​បណ្តុះបណ្តាល​លើ​ទី​១០ នៅ​ថ្ងៃទី​២២​កញ្ញា ឆ្នាំ​២០២០​។ រូបថត​៖ ហ្វេ​ស​ប៊ុ​ក​ក្រសួង​ការងារ​
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​បណ្តុះបណ្តាល ថ្លែង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​បណ្តុះបណ្តាល​លើ​ទី​១០ នៅ​ថ្ងៃទី​២២​កញ្ញា ឆ្នាំ​២០២០​។ រូបថត​៖ ហ្វេ​ស​ប៊ុ​ក​ក្រសួង​ការងារ​
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​បណ្តុះបណ្តាល (National Training Board, NTB) បានអនុម័ត​លើ​កញ្ចប់​ស្តង់ដារ​បណ្តុះបណ្តាល​៦​វិស័យ​ផ្សេងគ្នា ដែលមាន​មុខរបរ​កា​រងារ​ចំនួន​៣៣ និង​លិខិតបទដ្ឋាន​គតិយុត្ត​សម្រាប់​គាំទ្រ និង​អនុវត្ត​ក្នុង​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​(TVET)​។ នេះ​បើ​យោងតាម​ក្រសួង​ការងារ និង​បណ្តុះ​បណ្តា​វិជ្ជាជីវៈ​។



 
​វិស័យ​ទាំង​៦  ដែល​គណៈកម្មាធិការ​ជាតិ​បណ្តុះបណ្តាល អនុម័ត​យល់ព្រម​លើ​កញ្ចប់​ស្តង់ដា​បណ្តុះបណ្តាល ក្នុង​វិស័យ​Technical and Vocational Education and Training(TVET)​នោះ​មាន វិស័យ​សំណង់ មាន​៨​មុខរបរ​, វិស័យ​មេកា​និក (​អនុវិស័យ​រថយន្ត​) មាន​៧​មុខរបរ​, វិស័យ​អគ្គិសនី និង​ថាមពល មាន​៥​មុខរបរ​, វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា មាន​៤​មុខរបរ​, វិស័យ​កម្មន្តសាល មាន​៧​មុខរបរ និង​វិស័យ​បរិក្ខារ​ត្រជាក់​-​កំដៅ មាន​២​មុខរបរ​។ 
 
​ក្រសួង​ការងារ​បាន​បញ្ជាក់ថា ការអនុម័ត​កញ្ចប់​ស្តង់​ដារ​បណ្តុះបណ្តាល​ចំនួន​៦​វិស័យ ក្នុង​វិស័យ​TVET គឺ​សម្រាប់​គាំទ្រ​ដល់​ការអនុវត្ត​ក្របខណ្ឌ​គុណវុឌ្ឍិ​ជាតិ​កម្ពុជា​(CQF) ឱ្យ​ផ្សារភ្ជាប់​ទៅនឹង​ក្របខ័ណ្ឌ​គុណវុឌ្ឍិ​យោង​អាស៊ាន​(AQRF) ក៏ដូចជា​ការគាំទ្រ​ប្រព័ន្ធ​វាយតម្លៃ​ផ្អែកលើ​សមត្ថភាព និង​ការផ្តល់​គុណវុឌ្ឍិ​សម្រាប់​កម្ពុជា​(CBACS) ដើម្បី​លើកកម្ពស់​និង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​TVET ឱ្យ​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​របស់​ស​ង្គ​ម​សេដ្ឋកិច្ចកម្ពុជា បច្ចុប្បន្ន​។ 
 
​បើតាម​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​បណ្តុះបណ្តាល ថ្លែង នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​បណ្តុះបណ្តាល​លើ​ទី​១០ នៅ​ថ្ងៃទី​២២​កញ្ញា ឆ្នាំ​២០២០ កន្លងមក​គណៈកម្មាធិកា​រ​ជាតិ​បណ្តុះបណ្តាល ធ្លាប់បាន​អនុម័ត​ដាក់ឱ្យ​ប្រើប្រាស់ និង​អនុវត្ត​គោលនយោបាយ​មួយចំនួន​សម្រាប់​អនុវត្ត​នៅក្នុង​វិស័យ​TVET និង​កញ្ចប់​ស្តង់ដា​បណ្តុះ​បណ្តាល​តាម​វិស័យ​អាទិភាព​លើ​មុខរបរ​ដែល​ទីផ្សារ​កំពុងមាន​តម្រូវការ​ខ្ពស់​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​ជាច្រើន​រួចមកហើយ​។​
 
​លោក​បាន​បញ្ជាក់ថា កញ្ចប់​ស្តង់ដា​បណ្តុះបណ្តាល​ទាំងនេះ គឺជា​ឯកសារ​គោល​ក្នុងការ​កំណត់​សមត្ថភាព​សំខាន់ៗ ដូចជា​សមត្ថភាព​មូលដ្ឋាន ឬ​សមត្ថភាព​គាំទ្រ​ការបំពេញ​ការងារ (​ជំនាញ​ទន់​) និង​សមត្ថភាព​ស្នូល (​ជំនាញ​បច្ចេកទេស​បំពេញការងារ​)​ជាដើម​។ 
 
​សូ​មេ​រម្លឹកថា កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​ជាតិ​បណ្តុះបណ្តាល​លើក​ទី​៩ ដែល​ប្រព្រឹត្តឡើង​កាលពី ខែតុលា ឆ្នាំ​២០១៧ បានអនុម័ត​លើ​គោលនយោបាយ​មួយចំនួន សម្រាប់​អនុវត្ត​នៅក្នុង​វិស័យ​TVET​។ ក្នុងនោះ​មាន ប្រព័ន្ធ​វាយតម្លៃ​ផ្អែកលើ​សមត្ថភាព និង​ផ្តល់​គុណវុឌ្ឍិ​សម្រាប់​កម្ពុជា (Competency Based Assessment and Certification System, CBACS), គោ​លន​យោ​យ​បាយ​ស្តីពី​ការវាយតម្លៃ​ផ្អែកលើ​សមត្ថភាព និង​ផ្តល់​គុណវុឌ្ឍិ (Policy on Assessment and Certification, PAC), គោលនយោបាយ​ស្តីពី​កម្មសិក្សា (Policy on Internship, PI) ដែលជា​ឯកសារ​សំខាន់ៗ​គាំទ្រ​ដល់​ការអនុវត្ត​ក្របខ័ណ្ឌ​គុណវុឌ្ឍិ​ជាតិ​កម្ពុជា (Cambodian Qualification Framework, CQF) និង​កញ្ចប់​ស្តង់ដា​បណ្តុះ​បណ្តាល​មួយចំនួនទៀត​៕
 

Tag:
 បច្ចេកវិទ្យា​
  TVET
  លោក អ៊ិត សំហេង​
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com