ជាតិ
សង្គមជាតិ
អគ្គ​ស្នងការរង ៖ ប្រធានការិយាល័យ​ប្រឆាំង​ភេរវកម្ម នឹង​ទទួលពិន័យ​ចំពោះ​ការប្រើប្រាស់​អាវុធ​ខុសច្បាប់​
23, Sep 2020 , 11:17 am        
រូបភាព
លោក ភិនរ៉ា បានដកកាំភ្លើង ខណៈពេលអង្គុយជុំគ្នាក្នុងហាងគុយទាវ។ (រូបពីវីដេអូដែលចែកចាយបន្តគ្នាលើបណ្ដាញសង្គម)
លោក ភិនរ៉ា បានដកកាំភ្លើង ខណៈពេលអង្គុយជុំគ្នាក្នុងហាងគុយទាវ។ (រូបពីវីដេអូដែលចែកចាយបន្តគ្នាលើបណ្ដាញសង្គម)
​ភ្នំពេញ​៖ លោក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​អះអាងថា អង្គភាព​ជំនាញ​នឹង​កោះហៅ លោក ថ្លាង ភិន​រ៉ា ប្រធានការិយាល័យ​ប្រឆាំង​ភេរវកម្ម ដើម្បី​សាកសួរ​ជុំវិញ​ការដក​កាំភ្លើង​គំរាម​ថៅកែ​ហាង​គុយទាវ​អង្គរជុំ​នៅ​ទួលគោក​។


​លោក ឆាយ គឹម​ខឿន ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​២៣​កញ្ញា​នេះ​ថា នៅពេល​លោក ថ្លាង ភិន​រ៉ា មក​បំភ្លឺ​រឿងក្ដី ទោះបី​ជាមាន​ហេតុផល​ណាក៏ដោយ អង្គភាព​ជំនាញ​នឹងដាក់​ពិន័យ​ចំពោះ​ការប្រើប្រាស់​អាវុធ​ខុសច្បាប់​។ 
 
«​ក្រោយ​ការបំភ្លឺ ទោះ​មាន​ហេតុផល​យ៉ាងណាក្ដី​ក៏ត្រូវ​ទទួលពិន័យ​ដែរ​។ គាត់​មាន​សិទ្ធិ​ប្រើប្រាស់​អាវុធ ប៉ុន្តែ​គាត់​ប្រើប្រាស់​ខុសពេល​វេលា ខុស​វិន័យ​អង្គភាព ដាច់ខាត​ត្រូវ​ទទួលពិន័យ​ហើយ ទទួលពិន័យ​កម្រិតណា​គឺ​អាស្រ័យ​លើ​ការស្រាវជ្រាវ​របស់​អង្គភាព​ជំនាញ​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ឆាយ គឹម​ខឿន ដោយ​បញ្ជាក់ថា ការធ្វើ​បែបនេះ គឺ​ដើម្បី​ពង្រឹង​វិន័យ​ក្នុង​អង្គភាព​។ 
 
​ប្រសិនបើ​ការសាកសួរ​លោក ថ្លាង ភិន​រ៉ា រកឃើញថា​មាន​កំហុស​មែន ហើយ​ភាគី​ទាំងពីរ​សម្របសម្រួល​គ្នា​មិនត្រូវ សំណុំ​រឿងនេះ​នឹងត្រូវ​បញ្ជូនទៅ​តុលាការ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឆាយ គឹម​ខឿន​។ 
 
​បើតាម​វីដេអូ​ចែកចាយ​លើ​បណ្ដាញ​សង្គម លោក ថ្លាង ភិន​រ៉ា បាន​ដក​កាំភ្លើង​ចេញមកក្រៅ ខណៈពេល​អង្គុយ​ជុំគ្នា​ក្នុង​ហាង​គុយទាវ​អង្គរជុំ​។ ក្រោយ​កើតហេតុ​នេះ គេ​ក៏​ឃើញ​មាន​លិខិត​បណ្ដឹង​របស់​ជនរងគ្រោះ​ឈ្មោះ ជុ​យ សុខ​ហេង ថៅកែ​ហាង​គុយទាវ​អង្គរជុំ បានដាក់​ពាក្យបណ្ដឹង​ទៅ ក្រសួងមហាផ្ទៃ សាលាដំបូង​រាជធានី​ភ្នំពេញ និង​គណៈមេធាវី​។ ក្នុង​លិខិត​បណ្ដឹង​ដែល​ចែកចាយ​បន្ត​គ្នា​ក្នុង​បណ្ដាញ​សង្គម​នេះ ជនរងគ្រោះ​បានទាមទារ​ជំងឺ​ចិត្ត​១០​ម៉ឺ​ន​ដុល្លារ និង​ស្នើ​ឲ្យ​ផ្តន្ទាទោស​លើ​មន្ត្រី​រូបនេះ​៕ 

Tag:
 ឆាយ គឹម​ខឿន
© រក្សាសិទ្ធិដោយ thmeythmey.com