អន្តរជាតិ
ស៊ី ប្រកាសប្រាប់​ពិភពលោក​ថា ចិន​នឹង​ឈប់​បំ​ភាយ​ឧស្ម័ន​កាបូ​និ​ច​លើស​កម្រិត​ត្រឹម​ឆ្នាំ ២០៦០
24, Sep 2020 , 9:34 am        
រូបភាព
ដោយ ៖​កង ម៉េង​ហុង
​ប្រទេស​ដែល​បញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ធំ​បំផុត​ទី​ពីរ ចិន​ប្តេជ្ញា​ថា​ខ្លួន​នឹង​ឈានឆ្ពោះ ទៅ​ប្រែក្លាយជា​ប្រទេស​ដែល​បំបាត់​បាន​នូវ​ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និ​ច​លើស​កម្រិត​ទៅក្នុង​បរិយាកាស​នៅត្រឹម​ឆ្នាំ ២០៦០​។   នេះ​ជាការ​ប្តេជ្ញាចិត្ត​ថ្មី​មួយ​ក្នុងការ​ឈានទៅ​ដឹកនាំ​ពិភពលោក​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ​សាកល​។ 

 
​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ភីង នៅក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គារ​ទី ២២ ខែកញ្ញា បាន​ប្តេជ្ញា​ជា​ផ្លូវការ​ថា ចិន​នឹង​ប្រែ​ក្លាយខ្លួនជា​ប្រទេស​ដែល​មិន​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​លើស​កម្រិត​ទៅកាន់​បរិយាកាស​ក្នុង​រយៈពេល ៤០​ឆ្នាំ​ខាងមុខ​។  
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រមុខរដ្ឋ​ចិន​រូបនេះ​លើកឡើង​ពី​គោលដៅ​ច្បាស់លាស់​របស់ខ្លួន​ក្នុងការ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ស្របពេល​ចិន​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​នាំមុខគេ​ខាង​បំពុលបរិយាកាស​ពោលគឺ មួយ​ភាគ​បួន​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅលើ​ពិភពលោក គឺ​ចេញពី​ចិន​។ អ្វីដែល​សំខាន់ ចិន​ក៏​រង​ការស្តីបន្ទោស​ខ្លាំង​ដែរ ចំពោះ​ការរួមចំណែក​បំពុលបរិយាកាស​ដែលជា​ហេតុផល​ចម្បង​ដែល​ធ្វើ​ឲ្យ​កម្តៅ​ផែនដី​កើនឡើង​យ៉ាង​ឆាប់រហ័ស​នោះ​។ 
 
«​យើង​ព្យាយាម​ធ្វើ​ឲ្យ​ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និ​ច​កើន​ដល់​កម្រិត​ខ្ពស់បំផុត​ត្រឹម​ឆ្នាំ ២០៣០ ហើយ​សម្រេច​អោយបាន​បញ្ឈប់​ការបញ្ចេញ​ឧស្ម័ន​លើស​កម្រិត​នៅត្រឹម​ឆ្នាំ ២០៦០»​។ មេដឹកនាំ​ចិន​រូបនេះ​បានលើកឡើង​ដូច្នេះ​។​
 
​នៅក្នុង​សុន្ទរកថា​ដដែល​នោះ លោក ស៊ី ក៏បាន​ប្រកាស​គាំទ្រ​ជាថ្មី​ចំពោះ​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ​ទីក្រុង​ប៉ារីស​ឆ្នាំ ២០១៥ ហើយ​លោក​ក៏បាន​អំពាវនាវ​ឱ្យ​ពិភពលោក​ផ្តោតលើ​ការកាត់បន្ថយ​ផលប៉ះពាល់​ចំពោះ​បរិស្ថាន ខណៈពេលដែល​ពិភពលោក​កំពុង​ងើបឡើង​វិញ​ពី​វិបត្តិ​កូ​វីត ១៩​។ 
 
​តាមពិតទៅ ក្រោម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ចិន​បញ្ជាក់ថា ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និ​ច​របស់ខ្លួន​ឈាន​កម្រិត​ខ្ពស់បំផុត​នៅត្រឹម​ឆ្នាំ ២០៣០​។ ប៉ុន្តែ​ទោះជា​បែបនេះ​ក្តី សហភាព​អឺរ៉ុប​ព្យាយាម​ជំរុញ​ឲ្យ​មហាអំណាច​អាស៊ី​មួយ​នេះ​បង្កើន​មហិច្ឆតា​របស់ខ្លួន​ឲ្យ​ខ្ពស់ជាង​នេះ ដោយ​ធ្វើ​ឲ្យ​កម្រិត​ខ្ពស់បំផុត​នៃ​ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និ​ច​កើតឡើង​ត្រឹម​ឆ្នាំ ២០២៥ វិញ​។ នេះ​ក៏ដោយ​ហេតុថា ពិភពលោក​កំពុងស្ថិត​ក្នុងស្ថានភាព​យឺតយ៉ាវ​ក្នុងការ​ឈានទៅ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ​សាកល​តាមរយៈ​ការកាត់បន្ថយ​ឧស្ម័ន​កាបូ​និ​ចនេះ​។ 
 
​ស្របពេល​ជាមួយគ្នា​នោះដែរ លោក ស៊ី បាន​បន្ត​សុន្ទរកថា​របស់ខ្លួន​ដោយ​ស្នើ​ឲ្យ​ប្រទេស​ទាំងអស់​បន្ត​ការអភិវឌ្ឍ​ប្រកបដោយ​ការច្នៃប្រឌិត ធានា​ធ្វើយ៉ាងណា​បន្ថយ​ផល់ប៉ះពាល់​លើ​បរិស្ថាន​ឲ្យ​កាន់តែ​តិចតួច​បំផុត និង​ជំរុញ​ការបើកចំហ​សម្រាប់​ការអភិវឌ្ឍ​ទាំងអស់គ្នា​៕ 
 
 
 

Tag:
 ប្រែប្រួល​អាកាសធាតុ​
  កាបូនឌីអុកស៊ីត
© រក្សាសិទ្ធិដោយ thmeythmey.com