សង្គមអន្តរជាតិ​
អន្តរជាតិ
រថយន្តយោធា​ដឹក​គ្រាប់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ត្រូវគេ​ប្រទះឃើញ​នៅ​ទីតាំង​ហាត់​ព្យុហយាត្រា​កូរ៉េខាងជើង​
24, Sep 2020 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ បុរស​ម្នាក់​មើល​ទូរទស្សន៍​ដែល​បង្ហាញ​ពី​ការបាញ់​កាំជ្រួច​មី​ស៊ី​ល​របស់​កូរ៉េខាងជើង នៅក្នុង​កម្មវិធី​ថ្មី​មួយ​នៅ​ស្ថានីយ៍​រថភ្លើង​សេ​អ៊ូ​ល ក្នុងប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២០​។​
​រូប​ឯកសារ​៖ បុរស​ម្នាក់​មើល​ទូរទស្សន៍​ដែល​បង្ហាញ​ពី​ការបាញ់​កាំជ្រួច​មី​ស៊ី​ល​របស់​កូរ៉េខាងជើង នៅក្នុង​កម្មវិធី​ថ្មី​មួយ​នៅ​ស្ថានីយ៍​រថភ្លើង​សេ​អ៊ូ​ល ក្នុងប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២០​។​
ដោយ: VOA
​រថយន្តយោធា​មួយគ្រឿង ដែលមាន​ទំហំ​ធំ​អាច​ដឹក​គ្រាប់​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប (ballistic) ត្រូវបាន​គេ​ប្រទះឃើញ​នៅក្នុង​ទីតាំង​នៃ​ការហ្វឹកហាត់​ដើរ​ក្បួន​ក្នុងប្រទេស​កូរ៉េខាងជើង​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​អង្គការ​ស្រាវជ្រាវ​របស់​អាមេរិក​មួយ ដែល​នេះ​ជា​ភស្តុតាង​ថ្មី​ចុងក្រោយ ដែល​បញ្ជាក់ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង អាច​ប្រើប្រាស់​វា​សម្រាប់​ដាក់​បង្ហា​ញ​ពី​បច្ចេកវិទ្យា​គ្រាប់​មី​ស៊ី​ល​របស់ខ្លួន នៅក្នុង​ពិធី​បុណ្យខួប​អនុស្សាវរីយ៍​នយោបាយ​ខាងមុខ​។​

 
​គេហទំព័រ​ព័ត៌មាន​ដែល​ផ្តោតលើ​ប្រទេស​កូរ៉េខាងជើង​មួយ ដែលមាន​ឈ្មោះថា 38 North បាន​ឲ្យ​ដឹងថា រូបភាព​ពី​ផ្កាយរណប ដែល​ថត​បាន​កាលពី​ថ្ងៃ​អង្គារ​បង្ហាញថា រថយន្តយោធា​ដែល​ដឹក​គ្រាប់​មី​ស៊ី​ល​នោះ ត្រូវបាន​គេ​ប្រទះឃើញ​នៅលើ​ទីតាំង​ហ្វឹកហាត់​ក្បួនព្យុហយាត្រា Mirim នៅ​ជាយក្រុង​ព្យុងយ៉ាង ដែល​នៅ​ទីនោះ​ប្រទេស​កូរ៉េខាងជើង​កំពុង​ហាត់​សម​ព្យុហយាត្រា​យោធា​ដ៏​ធំ​របស់ខ្លួន​។​
 
​រូបភាព​ពី​ផ្កាយរណប​នេះ​បង្ហាញថា ប្រទេស​កូរ៉េខាងជើង កំពុង​ត្រៀម​រៀបចំ​កម្មវិធី​ព្យុហយាត្រា​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១០ ខែតុលា ខាងមុខនេះ ដើម្បី​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៥​ឆ្នាំ នៃ​ការបង្កើត​គណបក្ស​ពលករ​កូរ៉េ ដែល​កំពុង​គ្រប់គ្រង​អំណាច​ក្នុងប្រទេស​កូរ៉េខាងជើង​នាពេល​បច្ចុប្បន្ន នេះ​។​
 
​ការបង្ហាញ​ពី​សាច់ដុំ​ខាង​យោធា​របស់​កូរ៉េខាងជើង​នៅតែ​ប៉ុន្មាន​សប្តាហ៍​មុន​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​សហរដ្ឋ​អាម​រិ​ក អាច​ត្រូវគេ​មើលឃើញថា​ជា​សកម្មភាព​បង្ករឿង​។ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump កន្លងមក​ថា​លោក​មិន​ជំទាស់​នឹង​មី​ស៊ី​ល​ចម្ងាយ​ជិត​របស់​កូរ៉េខាងជើង​ទេ ប៉ុន្តែ​នឹង​ប្រឆាំងនឹង​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com