កីឡាអន្តរជាតិ
អន្តរជាតិ
Lampard សរសើរ Havertz មិន​ដាច់​ពី​មាត់ ក្រោយ​ធ្វើបាន hat-trick ឲ្យ Chelsea
24, Sep 2020 , 10:35 am        
រូបភាព
​លោក Frank Lampard និយាយថា​ការធ្វើ​បាន​៣​គ្រាប់​របស់ Kai Havertz ដើម្បី​ជួយ Chelsea យកឈ្នះ Barnsley ៦-០ ក្នុងការ​ប្រកួត​ពានរ​ង្វាន់ EFL Cup នឹង​ក្លាយជា​ជំនួប​ដំបូង​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​កីឡាករ​ចំណូល​ថ្មី​រូបនេះ​។​



​នេះ​ជា​គ្រាប់​បាល់​ដំបូង និង hat-trick របស់​ខ្សែបម្រើ​អន្តរជាតិ​អាល្លឺម៉ង់ ចាប់តាំងពី​រូបគេ​បាន​ផ្លាស់​ពី Bayer Leverkusen ទៅ​ទឹកដី Stamford Bridge ក្នុងតម្លៃ ៧១ លាន​ផោន (៩០​លាន​ដុល្លារ​អាមេរិក​) ដែលជា​តម្លៃ​ថ្លៃ​ជាងគេ​សម្រាប់​ក្លិប​នៅ​រដូវ​កាល​នេះ​។​
 
​នា​ជំនួប EFL Cup ជុំ​ទី​៤ នៅ​យប់​ថ្ងៃទី​២៣ ខែកញ្ញា ៦​គ្រាប់​របស់​ក្រុម​តោ​ខៀវ ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​៤​រូប​។ Tammy Abraham ធ្វើបាន​គ្រាប់​ដំបូង ហើយ Kai Havertz ស៊ុត​៣​គ្រាប់​ម្នាក់ឯង ឯ Ross Barkley និង Olivier Giroud រកបាន​ម្នាក់​១​គ្រាប់​។​
 
​អ្នកចាត់ការ​ទូទៅ Lampard បាន​សរសើរ Havertz មិន​ដាច់​ពី​មាត់​ឡើយ បន្ទាប់ពី​រូបគេ​ធ្វើបាន​ដល់​ទៅ​៣​គ្រាប់​សម្រាប់​ការបង្ហាញ​ខ្លួន​ដំបូង​នេះ​។ លោក​ថា​៖ «​ខ្ញុំ​ពិតជា​សប្បាយ​ចិត្តនឹង Havertz ណាស់​។ វា​ជា​អ្វី​គ្រប់យ៉ាង​ដែល​ខ្ញុំ​ចង់បាន​នៅ​ប្រកួត​ដំបូង​សម្រាប់​គាត់​យប់​នេះ​។ យប់​នេះ​ជា​លំ​ហាត់ប្រាណ​ដ៏​អស្ចារ្យ​សម្រាប់​គាត់ និង​ដើម្បី​មើល​ពី​របៀប​លេង​ក៏ដូចជា​ការគ្រប់គ្រង​បាល់​របស់គាត់​»​។​
 
​អំឡុងពេល​ទីផ្សារ​ដោះដូរ​រដូវ​កាល​នេះ មហាសេដ្ឋី​រុស្ស៊ី​លោក Roman Abramovich ដែលជា​ម្ចាស់ Chelsea បាន​ចំណាយ​ប្រា​ក់ជាង ២០០ លាន​ផោន (​ជិត​៣០០​លាន​ដុល្លារ​អាមេរិក​) រួចហើយ ដើម្បី​ទិញ​ចូល​កីឡាករ​៤​រូប​ដែល​រួមមាន Timo Werner, Kai Havertz, Hakim Ziyech និង Ben Chilwell ។ ដោយឡែក Thiago Silva និង Malang Sarr បាន​ផ្លាស់​ទៅកាន់ Stamford Bridge ដោយ​គ្មាន​តម្លៃ​ខ្លួន​។​
 
​យ៉ាងណាក៏ដោយ កាលពី​ជំនួប​សប្តាហ៍​ទី​២​ក្នុង​ក្របខណ្ឌ Premier League ក្រុម​របស់លោក Lampard បាន​បរាជ័យ​ក្រោម​ថ្វី​ជើង Liverpool ក្នុង​លទ្ធផល ២-០ ខណៈ​ក្រុម​លោក Jurgen Klopp ទើប​ចំណាយ​តិចតួច​ប៉ុណ្ណោះ​ក្នុង​ការទិញ​កីឡាករ​ចូល​រដូវ​កាល ២០២០-២១​នេះ​។​
 
​សម្រាប់​លទ្ធផល​ការប្រកួត EFL Cup គូ​ដទៃទៀត​៖
Fulham ២ – ០ Sheffield Wednesday
Millwall ០ – ២ Burnley
Preston North End ០ – ២ Brighton & Hove Albion
Stoke City ១ – ០ Gillingham
Fleetwood Town ២ – ៥ Everton
Leicester City ០ – ២ Arsenal
Morecambe ០ – ៧ Newcastle United

Tag:
 Frank Lampard
  Kai Havertz
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com