សង្គមអន្តរជាតិ​
អន្តរជាតិ
កូរ៉េខាងជើង បាញ់សម្លាប់​មន្ត្រី​កូរ៉េខាងត្បូង​ម្នាក់ រួច​ដុត​សាកសព​ចោល​
24, Sep 2020 , 1:59 pm        
រូបភាព
​កូរ៉េខាងត្បូង បានប្រកាស​នៅ​ថ្ងៃទី​២៤ ខែកញ្ញា​ថា​កូរ៉េខាងជើង បាន​បាញ់សម្លាប់ រួច​ដុត​សាកសព​មន្ត្រី​កូរ៉េខាងត្បូង​ម្នាក់​។ មន្ត្រី​កូរ៉េខាងត្បូង​រូបនេះ បាន​បាត់​ខ្លួន​នៅ​ដើម​សប្ដាហ៍​នេះ​។ មិនទាន់មាន​មូលហេតុ​ជាក់លាក់​នៃ​ការបាញ់​នេះ​ទេ ដូចគ្នា​នឹង​ការបាត់​ខ្លួន​ផងដែរ តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង​រាយការណ៍​ថា មន្ត្រី​នេះ ព្យាយាមរ​ត់ទៅ​កូរ៉េខាងជើង​។

 
​បើតាម​ការប្រកាស​រប​ស់​យោធា​កូរ៉េខាងត្បូង មន្ត្រី​កូរ៉េខាងត្បូង​រូបនេះ បាត់​ខ្លួន​ពី​ទូក​ល្បាត​មួយ​នៅក្បែរ​កោះ Yeonpyeong នៅក្បែរ​ព្រំដែន​ទឹក​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ នៅមុន​ពេល​រសៀល​ថ្ងៃទី​២១ ខែកញ្ញា​។ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap ផ្សាយ​ថា មន្ត្រី​វ័យ​៤៧​ឆ្នាំ​រូបនេះ ធ្វើការ​នៅ​ក្រសួង​សមុទ្រ និង​នេសាទ​។ 
 
«​កូរ៉េខាងជើង រកឃើញ​បុរស​រូបនេះ​ក្នុង​ដែនទឹក​របស់ខ្លួន ហើយ​ធ្វើ​សកម្មភាព​ឃោរឃៅ​ដោយបាន​បាញ់សម្លាប់ រួច​ដុត​សាកសព​ថែមទៀត​។ នេះ​បើតាម​របាយការណ៍​ចារកម្ម​យោធា​។​» ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បញ្ជាក់​បែបនេះ​នៅ​ថ្ងៃទី​២៤ ខែកញ្ញា ដែល​បន្តថា យោធា​កូរ៉េខាងត្បូង​ថ្កោលទោស​ទង្វើ​បែបនេះ ហើយ​ទាមទារ​ឲ្យ​កូរ៉េខាងជើង​ផ្ដល់​ការពន្យល់ និង​រកមុខ​អ្នកទទួលខុសត្រូវ​។ 
 
​នេះ​ជា​លើកដំបូង​តាំងពី​ឆ្នាំ​២០០៨​មក ដែល​ជនជាតិ​កូរ៉េខាងត្បូង​ត្រូវបាន​បាញ់​ដោយ​កូរ៉េខាងជើង​។ 
 
​មូលហេតុ​នៃ​ការបាញ់​នេះ មិនទាន់​ដឹង​ច្បាស់​ឡើយ​។ ប៉ុន្តែ​កាលពី​ខែកក្កដា​កន្លងទៅ មេបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​កូរ៉េខាងត្បូង និយាយថា កូរ៉េខាងជើង បានចេញ​បញ្ជា​ឲ្យ​កងទ័ព​របស់ខ្លួន​បាញ់សម្លាប់​អ្នកណា​ដែល​ឆ្លងដែន សំដៅ​ទប់ស្កាត់​ការ​រាលដាល​ជំងឺ COVID-19 ។ នេះ​អាចជា​មូលហេតុ​នៃ​ការបាញ់​មន្ត្រី​ស៊ីវិល​កូរ៉េខាងត្បូង​ខាងលើ​ដែរ​។​
 
​លើសពីនេះ គេ​ក៏​មិនទាន់​ដឹងថា ហេតុអ្វី​បានជា​មន្ត្រី​រូបនេះ រសាត់​ដល់​ទឹកដី​កូរ៉េខាងជើង​ដែរ​។ Yonhap បាន​ស្រង់​ប្រភព​មន្ត្រី​កូរ៉េខាងត្បូង​ថា បុរស​រូបនេះ​ទំនងជា​ចង់​ភៀសខ្លួន​ទៅ​កូរ៉េខាងជើង​៕
 
 

Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
© រក្សាសិទ្ធិដោយ thmeythmey.com