ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
អ្នកប្រឆាំង នៅតែមើលឃើញការរំលោភរដ្ឋធម្មនុញ្ញ ឯរដ្ឋាភិបាល ថាបានគោរពខ្ជាប់ខ្ជួន
24, Sep 2020 , 1:05 pm        
រូបភាព
មតិពីរដ្ឋាភិបាល អ្នកប្រឆាំង សង្គមស៊ីវិល និង មជ្ឈដ្ឋានផ្សេងទៀត ទាក់ទងនឹងរដ្ឋធម្មនុញ្ញកម្ពុជា នៅតែមិនទាន់អាចស្ថិតលើចំណុចស្របគ្នាមួយបាន។ ជាទូទៅ ខាងអ្នកប្រឆាំងនិងសង្គមស៊ីវិល តែងលើកឡើងពីកង្វះខាតក្នុងការគោរពរដ្ឋធម្មនុញ្ញ ខណៈរដ្ឋាភិបាល ប្រឹងរំលេចឲ្យឃើញថា ច្បាប់កំពូលនេះ ត្រូវបានគោរពយ៉ាងល្អ។



អតីតគណបក្សសង្គ្រោះជាតិ មើលឃើញថា រយៈពេល២៧ឆ្នាំមកនេះ គោលការណ៍គ្រឹះចម្បងៗនៃរដ្ឋធម្មនុញ្ញ ដូចជា អធិបតេយ្យភាព បូរណភាពទឹកដី សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ សិទ្ធិមនុស្ស និង ឯករាជ្យភាពរបស់តុលាការ រងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ពីសំណាក់រដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជា។ អតីតគណបក្សសង្គ្រោះជាតិ ដែលធ្លាប់ជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា រិះគន់ខ្លាំងៗថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាល បានបំផ្លាញចោលទាំងស្រុងនូវគោលការណ៍នីតិរដ្ឋនិងរបបប្រជាធិបតេយ្យសេរីពហុបក្ស។

តាមរយៈសេចក្តីថ្លែងការណ៍ ដែលចេញពីក្រៅប្រទេសមក អតីតគណបក្សប្រឆាំង ស្តីបន្ទោសរដ្ឋាភិបាលថា៖«ការរំលោភបំពានរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរនេះ បានធ្វើឲ្យភាពអយុត្តិធម៌សង្គម កើតឡើងស្ទើរគ្រប់ទីកន្លែងនិងធ្វើឲ្យប្រទេសកម្ពុជា ត្រូវអាប់ឱនកិត្តិយស និង បាត់បង់កិត្យានុភាពលើឆាកអន្តរជាតិ»។

ផ្ទុយពីគណបក្សប្រឆាំងទាំងស្រុង លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អះអាងថា រយៈពេល២៧ឆ្នាំនេះ កម្ពុជា បានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវរាល់គោលការណ៍គ្រឹះនៃប្រជាធិបតេយ្យបែបទំនើប ដែលបញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញ រួមមាន គោលការណ៍សិទ្ធិ សេរីភាព គោលការណ៍បោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស គោលការណ៍បែងចែកអំណាច និងគោលការណ៍នីតិរដ្ឋ ជាដើម។

លោក បន្តថា គោលការណ៍គ្រឹះនៃប្រជាធិបតេយ្យបែបទំនើប ដែលបញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានអនុវត្តប្រកបដោយភាពបត់បែន ហើយផ្អែកលើបរិបទនិងគុណតម្លៃរបស់កម្ពុជា ដូចជា វប្បធម៌ ប្រពៃណី ប្រវត្តិសាស្រ្ត សង្គម និង ផ្នត់គំនិត ។ល។ លោក បន្ថែមថា ប្រជាធិបតេយ្យ មានគោលការណ៍រួម តែមិនមានស្តង់ដាររួម ដែលតម្រូវឲ្យប្រទេសទាំងអស់ ត្រូវតែអនុវត្តឲ្យបានដូចគ្នានោះទេ ពោលគឺ ការអនុវត្ត ត្រូវមានភាពបត់បែននិងប្រែប្រួលទៅតាមបរិបទនិងគុណតម្លៃនៃប្រទេសនិងតំបន់នីមួយៗ ដោយតម្កល់ប្រយោជន៍ជាតិខ្លួនជាធំ។

បន្ទាប់ពីបង្ហាញទស្សនៈទាំងនេះហើយ លោក ជិន ម៉ាលីន ដែលមានតួនាទីជាអ្នកនាំពាក្យនៃស្ថាប័នរដ្ឋាភិបាលទាំងពីរដែរនោះ បានទាញសេចក្តីសន្និដ្ឋានតាមរយៈសំណេរលើបណ្តាញសង្គមហ្វេសប៊ុកថា៖«ដូច្នេះ ការវាយតម្លៃពីស្ថានភាពប្រជាធិបតេយ្យនិងសិទ្ធិមនុស្សក្នុងប្រទេសមួយ ដែលប្រកបដោយភាពសុក្រឹត្យ យុត្តិធម៌ ត្រឹមត្រូវ និង គ្រប់ជ្រុងជ្រោយមិនលម្អៀងនោះ គឺត្រូវធ្វើឡើងដោយផ្អែកលើគោលការណ៍រួមផង ព្រមទាំងបរិបទនិងគុណតម្លៃនៃប្រទេសនិងតំបន់នោះផងដែរ»។

សម្តេច ហេង សំរិន ប្រធានរដ្ឋសភានិងជាប្រធានកិត្តិយសគណបក្សកាន់អំណាច មានប្រសាសន៍ថា រយៈពេល២៧ឆ្នាំនេះ រដ្ឋសភា បានបំពេញតួនាទីរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ ដោយបានតាក់តែងនិងអនុម័តច្បាប់សរុប៥៧៥ច្បាប់ ដែលឆ្លើយតបទៅនឹងតម្រូវការរបស់សង្គមជាតិ។ សម្តេច ជូនសារទៅមនុស្សគ្រប់គ្នាថា៖«ចូរយើងរួមគ្នាបន្តគោរព ការពារ និង អនុវត្តតាមរដ្ឋធម្មនុញ្ញ សំដៅកសាងនិងលើកកម្ពស់នីតិរដ្ឋ ជាកោះសន្តិភាព មានការអភិវឌ្ឍ និង រុងរឿងរហូតតទៅ»។

សម្តេចប្រធានរដ្ឋសភា ដែលប្រើបណ្តាញសង្គមហ្វេសប៊ុក ក្នុងការបញ្ចេញមតិពីរដ្ឋធម្មនុញ្ញដែរនោះ បានហៅរដ្ឋធម្មនុញ្ញនុញ្ញ ថាជាដំបូលនីតិរដ្ឋ។ សម្រាប់ប្រធានរដ្ឋសភា រដ្ឋធម្មនុញ្ញ ជាមូលដ្ឋានគ្រឹះ នៃស្ថិរភាពនយោបាយ ដែលបានធ្វើឲ្យកម្ពុជា មានសុខសន្តិភាពពេញលេញ វិបុលភាព និង វឌ្ឍនភាព មកដល់បច្ចុប្បន្ន។

លោក កឹម សុខា មេដឹកនាំកំពូលនៃអតីតគណបក្សប្រឆាំង ក៏ចូលរួមមតិអំពីរដ្ឋធម្មនុញ្ញដែរ។ បើមើលសាររបស់លោក កឹម សុខា លើបណ្តាញសង្គមហ្វេសប៊ុក លោក គ្រាន់តែបង្ហាញចេតនាចង់ឲ្យមានការគោរពរដ្ឋធម្មនុញ្ញបានពេញលេញ តែលោក ពុំបានវាយប្រហាររដ្ឋាភិបាលឡើយ។

លោក ចាត់ទុក ការរំឭកខួបនៃការប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ គឺជាការរំឭកស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ចំពោះលោក រដ្ឋធម្មនុញ្ញ បានកើតចេញពីស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលភាគីនយោបាយខ្មែរ បានស្រុះស្រួលគ្នាតាក់តែងរៀបចំឡើងនៅឆ្នាំ១៩៩៣ ដោយយោងតាមស្មារតីបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និង ឯកភាពជាតិ។

លោក ផ្តល់តម្លៃខ្ពស់ថា ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺមានសារសំខាន់ និងមានផលប្រយោជន៍ខ្លាំង សម្រាប់ធានាឯករាជ្យ បូរណភាពទឹកដី អធិបតេយ្យភាពកម្ពុជា និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ហើយជាពិសេស គឺការអនុវត្តគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ការធានាស្ដារ កសាង និង អភិវឌ្ឍប្រទេសឡើងវិញ។

មេដឹកនាំក្រុមប្រឆាំងរូបនេះ ដែលកំពុងស្ថិតក្នុងប្រទេសតែមិនអាចធ្វើសកម្មភាពនយោបាយ បានសរសេរដូច្នេះថា៖«រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូល ដែលយើងទាំងអស់គ្នា ត្រូវគោរពឲ្យបានពេញលេញ ដែលមានចែង ដូចជា របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស សិទ្ធិរបស់ប្រជាពលរដ្ឋ និង គោលការណ៍នីតិរដ្ឋ ជាដើម»។

ឯសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន វិញ មិនអត្ថាធិប្បាយអ្វីច្រើនឡើយ ដោយគ្រាន់តែរម្លឹកត្រួសៗ ពីការបង្កើតរដ្ឋធម្មនុញ្ញ កាលពីឆ្នាំ១៩៩៣។ បើអានសំណេររបស់សម្តេចនាយករដ្ឋមន្រ្តីលើបណ្តាញសង្គមហ្វេសប៊ុក គេ នឹងបានដឹងថា ផ្តើមចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺកម្ពុជា បានផ្លាស់ប្តូរចូលទៅក្នុងរបត់ប្រវត្តិសាស្ត្រថ្មីមួយ ដោយមានការឯកភាពផ្ទៃក្នុង និងបានរៀបចំការបោះឆ្នោត នៅឆ្នាំ១៩៩៣ ហើយបន្ទាប់មក រដ្ឋធម្មនុញ្ញ ក៏ត្រូវបានបង្កើតឡើង។

ប្រមុខរដ្ឋាភិបាលនិងជាប្រធានគណបក្សកាន់អំណាច និយាយដូចការយល់ឃើញរបស់មនុស្សទូទៅដែរថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូល ហើយច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ គឺត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញ។ ប្រមុខរដ្ឋាភិបាល បានលើកពីចំណុចសំខាន់ៗមួយចំនួន ដែលចែងក្នុងរដ្ឋធម្មនុញ្ញ ដូចជា កម្ពុជា ត្រូវគោរពដាច់ខាតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និង របបប្រជាធិបតេយ្យសេរីពហុបក្ស ។ល។

មេដឹកនាំកម្ពុជា ក៏បានលើកពីការបែងចែកអំណាចដាច់ពីគ្នា ដែលចែងក្នុងរដ្ឋធម្មនុញ្ញដែរ គឺអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និង អំណាចតុលាការ។ លើសពីនេះ មេដឹកនាំកម្ពុជា បាន បង្ហាញទៀតថា រដ្ឋធម្មនុញ្ញ បានអនុម័តសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និង គោលការណ៍នីតិរដ្ឋ។

អ្នកស្រី ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) សង្កេតឃើញថា ទោះប្រជាពលរដ្ឋ ទទួលបានសិទ្ធិមួយចំនួនពេញលេចតាមរដ្ឋធម្មនុញ្ញក៏ដោយ ប៉ុន្តែ សិទ្ធិផ្សេងៗទៀត ពុំទាន់ត្រូវបានធានាពេញនៅឡើយទេ។ អ្នកស្រី ថ្លែងថា រដ្ឋធម្មនុញ្ញ ការពារយ៉ាងជាក់លាក់នូវសេរីភាពមូលដ្ឋា រួមមាន សេរីភាពបញ្ចេញមតិ ចងក្រងសមាគម និង ការជួបជុំដោយសន្តិវិធី តែសេរីភាពទាំងនេះ រងការរឹតត្បិតគួរឲ្យគត់សម្គាល់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

អ្នកស្រី យល់ថា ការផ្តន្ទាទោស ដោយសារតែការអនុវត្តសិទ្ធិមនុស្សស្របច្បាប់ បានបង្កក្តីបារម្ភជាច្រើន។ សាររបស់អ្នកស្រី ដែលបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក រំលេចខ្លឹមសារថា៖«យើង ត្រូវតែបង្កើតបរិយាកាស ដែលប្រជាពលរដ្ឋគ្រប់រូប អាចអនុវត្តសិទ្ធិទាំងនេះ ដោយសេរីនិងដោយគ្មានការភ័យខ្លាច។ មិនត្រឹមតែប៉ុណ្ណោះ យើង ត្រូវធានាថា ប្រជាពលរដ្ឋគ្រប់រូប ពិតជាទទួលបានសិទ្ធិ ដូចដែលចែងក្នុងរដ្ឋធម្មនុញ្ញរបស់យើងប្រាកដមែន»។

លោក សុខ ឥសាន សមាជិកព្រឹទ្ធសភានិងជាអ្នកនាំពាក្យគណបក្សកាន់អំណាច សរសេរខ្លីក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម ដូច្នេះថា៖«ដោយសារការអនុវត្តរដ្ឋធម្មនុញ្ញបានត្រឹមត្រូវ ទើបដំណើរការជាតិ បានទៅមុខដោយរលូនគួរជាទីមោទនភាព សម្រាប់ប្រជាជនកម្ពុជា»។

មតិចម្រុះខាងលើ បានលេចឡើង ក្នុងឱកាសដែលកម្ពុជា រម្លឹកខួប២៧ឆ្នាំ នៃការប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ។ រដ្ឋធម្មនុញ្ញកម្ពុជា ដែលមានអាយុកាល២៧ឆ្នាំមកហើយនោះ ត្រូវបានធ្វើវិសោធនកម្មរហូតដល់ទៅ៩លើកហើយ។

រដ្ឋធម្មនុញ្ញកម្ពុជា  មាន១៧ជំពួក និង១៦០មាត្រា។ ជំពួកទាំង១៧នោះ ចែងអំពីអធិបតេយ្យ, ព្រះមហាក្សត្រ,  សិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ, របបនយោបាយ , សេដ្ឋកិច្ច, អប់រំ វប្បធម៌ និងសង្គមកិច្ច,  រដ្ឋសភា, ព្រឹទ្ធសភា, សមាជរដ្ឋសភានិងព្រឹទ្ធសភា, រាជរដ្ឋាភិបាល, អំណាចតុលាការ, ក្រុមប្រឹក្សាធម្មនុញ្ញ,  ការគ្រប់គ្រងរដ្ឋបាល , សមាជជាតិ, ការអនុភាព ការសើរើ និងវិសោធនកម្មរដ្ឋធម្មនុញ្ញ, និងអន្តរប្បញ្ញត្តិ។

រដ្ឋធម្មនុញ្ញកម្ពុជា មានលក្ខណប្លែកពីរដ្ឋធម្មនុញ្ញនៃបណ្តាប្រទេសនានាលើពិភពលោក នៅត្រង់ថា រដ្ឋធម្មនុញ្ញកម្ពុជា នៅមាន «រដ្ឋធម្មនុញ្ញបន្ថែម» មួយទៀត។ ច្បាប់រដ្ឋធម្មនុញ្ញបន្ថែមនេះ  ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៤ ដើម្បីដោះស្រាយការជាប់គាំងនយោបាយ៕

Tag:
 រដ្ឋធម្មនុញ្ញ
  ខួប២៧ឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com