COVID-19
អន្តរជាតិ
ជប៉ុន ពិចារណា​ឲ្យ​និស្សិត​និង​បុគ្គលិក​ពេទ្យ​ចូល​ប្រទេស​ឡើងវិញ តែ​ទេសចរ​បន្ត​ហាមឃាត់​
24, Sep 2020 , 7:29 pm        
រូបភាព
ដោយ៖​កង ម៉េង​ហុង
​ជប៉ុន កំពុង​ពិចារណា​ក្នុងការ​អនុញ្ញាត​ឲ្យ​អ្នក​ដែល​ស្នាក់នៅ​រយៈពេល​វែង​ឲ្យ​ចូលមកក្នុង​ប្រទេស​ឡើងវិញ​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​ក្នុងស្រុក​ជប៉ុន​។ ប៉ុន្តែ​ចំពោះ​ភ្ញៀវទេសចរ នៅ​មិនទាន់​អនុញ្ញាត​នោះទេ​។​

 
​សារព័ត៌មាន​ក្នុងស្រុក​របស់​ជប៉ុន Asahi Shimbun បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​ទី ២៣ ខែកញ្ញា​នេះ​ថា​ប្រទេស​ជប៉ុន​កំពុង​គិតគូរ​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​ការធ្វើដំណើរ​របស់​ជន​បរទេស ខណៈ​ស្ថានភាព​ជំងឺ COVID-19 នៅ​ប្រទេស​ហាក់​ធូរស្រាល​។ ការអនុញ្ញាត​នេះ អាច​ចាប់ផ្ដើម​នៅ​ដើមខែ​ក្រោយ​។ 
 
​ដូច​ដឹង​ស្រាប់​ហើយ ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ COVID-19 ជប៉ុន​បាន​អនុវត្ត​ការ​រឹតត្បិត​ការធ្វើដំណើរ​ដ៏​តឹងរ៉ឹង​បំផុត​នៅលើ​ពិភពលោក​។ មិន​ត្រឹម​ជនបរទេស​ដែលមាន​លិខិតអនុញ្ញាត​រយៈពេល​វែង​ឡើយ សូម្បីតែ​អ្នករស់នៅ​ជា​អចិន្ត្រៃយ៍ ក៏​មិនអាច​ត្រឡប់មក​ក្នុងប្រទេស​នេះ​ឡើងវិញ​ផងដែរ ប្រសិនបើ​គ្មាន​ការអនុញ្ញាត​ជាមុន​នោះទេ​។​
 
​កាលពី​ចុងខែ​កក្កដា រដ្ឋាភិបាល​តូ​ក្យូ បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​មួយចំនួន​លើ​និស្សិត និង​អ្នកជំនួញ​មកពី​៧​ប្រទេស ដោយ​បើកផ្លូវ​ឲ្យ​ពួកគេ​ធ្វើដំណើរ​ចូល​ជប៉ុន​វិញ​បាន​។ ដោយ​ដកស្រង់​ប្រភពព័ត៌មាន​ពី​រដ្ឋាភិបាល​ជាច្រើន កាសែត Asahi បាន​ផ្សាយ​ថា ជប៉ុន​នឹង​អនុញ្ញាត​ឲ្យ​អ្នកស្នាក់នៅ​រយៈពេល​យូរ​ជាង ៣ ខែ​មាន​និស្សិត និង​បុគ្គលិក​ពេទ្យ​បណ្តា​ប្រទេស​ផ្សេងៗ អាច​ចូល​ទឹកដី​ជប៉ុន​បាន​ផងដែរ​។​
 
​សម្រាប់​ផែនការ​ថ្មី រដ្ឋាភិបាល​ជប៉ុន ក៏បាន​កំណត់ថា មានតែ​មនុស្ស ១០០០ នាក់​ប៉ុណ្ណោះ​ដែល​អនុញ្ញាតអោយ​ចូលក្នុង​ប្រទេស​សម្រាប់​មួយថ្ងៃ​។ 
 
​រហូតមកដល់​ពេលនេះ ជប៉ុន បាន​រក្សា​ការឆ្លង និង​ការស្លាប់​របស់ខ្លួន​ក្នុង​កម្រិត​ទាប​បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស​ដែល​រងគ្រោះ​ខ្លាំង​។ ជប៉ុន​មាន​ករណី​ឆ្លង​សរុប ៧៩,៩០០​នាក់​និង​ស្លាប់ ១,៥១៩ នាក់​បាន​ស្លាប់​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com