COVID-19
អន្តរជាតិ
លោក ប៉ុ​ម​ប៉េ​អូ ចោទ​ចិន​ថា ញុះញង់​ឲ្យ​មាន​ហិង្សា​ពូជសាសន៍​អាមេរិក
24, Sep 2020 , 11:29 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ ។ រូបភាព Xinhua
រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ ។ រូបភាព Xinhua
​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​ចោទ​ទីក្រុង​ប៉េកាំង​ថា ញុះញង់​ឲ្យ​មានការ​តវ៉ា​ប្រកាន់ពូជសាសន៍​នៅ​អាមេរិក​។ លោក អះអាងថា ការណ៍​ដែល​ចិន​រិះគន់​ការរើសអើង​ពូជសាសន៍​នៅ​អាមេរិក គឺជា​ការជំរុញ​ឲ្យ​មានការ​តវ៉ា​កាន់តែខ្លាំង​នៅ​អាមេរិក​តែម្ដង​។​

 
​ខណៈ​ចិន និង​អាមេរិក​ទាស់​គ្នា​លើ​រឿង​ជាច្រើន ហើយ​ជា​ញឹកញាប់​អាមេរិក​រិះគន់​ចិន​ខ្លាំង​រឿង​សិទ្ធិមនុស្ស​នោះ វា​អាចជា​រឿង​មិនធម្មតា​មួយ នៅពេលដែល​មន្ត្រីជាន់ខ្ពស់​អាមេរិក​រុញ​កំហុស​លើ​ចិន​លើ​ការតវ៉ា​ក្នុងស្រុក​របស់ខ្លួន​។ 
 
​នៅ​ថ្ងៃទី​២៣ ខែកញ្ញា រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ ប្រាប់​សមាជិកសភា​នៃ​រដ្ឋ Wisconsin ថា ចិន​អុជអាល​ឲ្យ​មាន​អំពើហិង្សា​ពូជសាសន៍​នៅ​អាមេរិក​។ លោក ប៉ុ​ម​ប៉េ​អូ បាន​យោង​លើ​ហេតុផល​ថា ចិន​បាន​រិះគន់​ការរើសអើង​ពូជសាសន៍​អាមេរិក អំឡុងពេល​បាតុកម្ម​ស្ទើរ​ពេញ​ទឹកដី​អាមេរិក​កាលពី​ប៉ុន្មាន​ខែ​មុន​។ 
 
​ចំពោះមុខ​សមាជិកសភា​នា​ជំនួប​ក្នុង​ទីក្រុង Madison លោក ប៉ុ​ម​ប៉េ​អូ លើកឡើងថា បក្ស​កុម្មុយនីស្ត​ចិន​ចង់​ឲ្យ​ប្រជាជន​អាមេរិក​ទាមទារ​រក​ការទទួលខុសត្រូវ​តាមរយៈ​ការ​ការស្រែក​រិះគន់​ការរើសអើង​ពូជសាសន៍​។ លោក​បន្តថា ចិន​ចង់​ញុះញង់​ឲ្យ​មានការ​តវ៉ា​ដែល​ធ្លាប់មាន Minneapolis Portland និង Kenosha ដែរ​។ ទីក្រុង​ទាំងបី​នេះ សុទ្ធសឹង​ជួប​រលក​តវ៉ា​ពី​សំណាក់​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​ដែល​ប្រឆាំង​អំពើហិង្សា​របស់​ប៉ូលិស​ស្បែ​កស​។​
 
«​វា​គួរ​ឲ្យ​រអើម​។ យើង​មិនអាច​ឲ្យ​រឿងនេះ​កើតឡើង​ឡើយ​។​» ប្រមុខ​ការទូត​អាមេរិក​បញ្ជាក់​បែបនេះ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​អំឡុងពេល​បាតុកម្ម​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន ក៏បាន​រាយការណ៍​មិន​ដាច់​ពី​ការតវ៉ា​របស់​ក្រុម​ស្បែក​ខ្មៅ ដែល​ទំនង​ចង់បង្ហាញ​ពី​ស្ថានភាព​រើសអើង​ពូជសាសន៍​នៅ​អាមេរិក​។ ការស្លាប់​របស់​បុរស​ស្បែក​ខ្មៅ George Floyd បាន​ដុត​បញ្ឆេះ​ឲ្យ​មាន​ការតវ៉ា​នៅ​អាមេរិក ទោះ​ជំងឺ COVID-19 កំពុង​រាតត្បាត​ក្ដី​។ 
 
​លោក ប៉ុ​ម​ប៉េ​អូ ក៏បាន​លើកឡើង​ពី​សំបុត្រ​មួយច្បាប់​របស់​ស្ថានទូត​ចិន​ផ្ញើ​ឲ្យ​សមាជិកសភា​រដ្ឋ Wisconsin ដែល​សរសេរថា ទីក្រុង​ប៉េកាំង ប្រឆាំង​ដាច់ខាត​ការរើសអើង​ពូជសាសន៍ និង​ការ​ស្អប់ខ្ពើម​លើ​សហគមន៍​ជនជាតិ​ចិន​នៅ​អាមេរិក​អំឡុងពេល​ជំងឺ COVID-19 ។ លិខិត​នេះ ទំនង​ចង់​សំដៅ​សម្ដី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​តែង​វីរុស​បង្ក​ជំងឺ COVID-19 ថា វីរុស​ចិន មិន​ដាច់​ពី​មាត់​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com