អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
​បើ​ចាញ់ឆ្នោត ផ្ទេរអំណាច​ដោយ​សន្តិវិធី​? លោក ត្រាំ ឆ្លើយថា «​ចាំមើល​សិន​»
24, Sep 2020 , 5:39 pm        
រូបភាព
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក (AFP)
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក (AFP)
ដោយ:
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​បដិសេធ​បង្ហាញ​ការតាំង​ចិត្ត​ផ្ទេរអំណាច​ដោយ​សន្តិវិធី ប្រសិនបើ​លោក​ចាញ់ឆ្នោត នា​ថ្ងៃទី ៣ ខែវិច្ឆិកា ទល់នឹង​លោក ចូ បៃ​ឌិន បេក្ខជន​មកពី​បក្ស​ប្រ​ធិបតេយ្យ​។ លោក​អះអាងថា លទ្ធផល​នៃ​ការបោះឆ្នោត​អាច​ធ្លាក់​ដល់ដៃ​តុលាការ​កំពូល​នៅ​ទីបំផុត ទើប​អាច​រក​អ្នកឈ្នះ​អ្នកចាញ់​ឃើញ​។

 
​ឆ្លើយ​នឹង​សំណួរ​អ្នកព័ត៌មាន​ពាក់ព័ន្ធ​រឿង​លោក​នឹង​ព្រម​ផ្ទេរអំណាច​ដោយ​សន្តិវិធី​ឬ​យ៉ាងណា​នោះ លោក ដូ​ណា​ល់ ត្រាំ លើកឡើងថា​៖«​យើង​នឹង​ត្រូវតែ​រង់ចាំ​មើល​អ្វីដែល​កើតឡើង​»​។ ពី​សេត​វិមាន​អាមេរិក នៅ​ថ្ងៃទី​២៣ ខែកញ្ញា លោក​ប្រធានាធិបតី បាន​លើក​ការសង្ស័យ​ជុំវិញ​ភាពស្របច្បាប់​នៃ​ការបោះឆ្នោត​អាមេរិក​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក ត្រាំ អះអាង​ដោយ​គ្មាន​ភស្តុតាង​ថា ការបោះឆ្នោត​តាមរយៈ​ប្រៃសណីយ៍ នឹង​នាំ​ឲ្យ​មាន​ការកេងបន្លំ​កើតឡើង ខណៈ​លោក​រំពឹងថា លទ្ធផល​នៃ​ការបោះឆ្នោត អាច​ធ្លាក់​ដល់ដៃ​តុលាការ​កំពូល​អាមេរិក​ដើម្បី​កាត់ក្តី​សម្រេច​ផងដែរ​។ 
 
​នៅពេល​អ្នកកាសែត​ម្នាក់​ស្រែកថា ប្រជាជន​នឹង​ងើប​បះបោរ លោក ដូ​ណា​ល់ ត្រាំ ប្រាប់​ទៅវិញ​ថា​ឲ្យ​លុបចោល​ការបោះឆ្នោត​តាម​ប្រៃសណីយ៍ ហើយ​លោក​នឹង​ព្រម​ផ្ទេរតំណែង​ដោយ​សន្តិវិធី បើ​ចាញ់ឈ្នះ​។ 
 
​តាមពិតទៅ រដ្ឋ​អាមេរិក​ជាច្រើន លើកទឹកចិត្ត​ឲ្យ​មានការ​បោះឆ្នោត​តាមរយៈ​ប្រៃសណីយ៍ ដើម្បី​រក្សា​សុវត្ថិភាព​ពលរដ្ឋ​អាមេរិក​ក្នុង​បរិបទ​ជំងឺ​រាតត្បាត​សកល ខណៈ​ជំងឺ COVID-19 ចម្លង​មនុស្ស​ជិត​៧​លាន​នាក់​ក្នុងប្រទេស​នេះ ហើយ​ជាង​២០​ម៉ឺន​នាក់​បាត់បង់​ជីវិត​។ 
 
​ប្រាប់​អ្នកសារព័ត៌មាន​នៅ​រដ្ឋ Delaware លោក ចូ បៃ​ឌិន ចេញមុខ​ប្រតិកម្ម​នឹង​លោក ត្រាំ ហើយ​ចាត់ទុក​ការលើក​ឡើងលើ​រឿង​ផ្ទេរអំណាច​នេះ​ថា​មិន​សម​ហេតុ​សម​ផល​។ 
 
​មែនទែនទៅ កាលពី​ឆ្នាំ​២០១៦ លោក ត្រាំ ក៏​ធ្លាប់​ដាក់​ការសង្ស័យថា​លោក​នឹង​ព្រម​ទទួលយក​លទ្ធផល​បោះឆ្នោត​ឬ​យ៉ាងណា ហើយ​ចុងក្រោយ​លោក​បានឈ្នះ​ការបោះឆ្នោត​នេះហើយ​ក្លាយជា​ប្រធានាធិបតី​អាមេរិក​៕ 
 
 

Tag:
 សហរដ្ឋអាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ការបោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com