ជាតិ
សង្គមជាតិ
រដ្ឋបាលខេត្តសៀមរាប ឲ្យពេល១០ថ្ងៃ ពលរដ្ឋ ត្រូវរុះរើគ្រប់សំណង់ ដែលរំលោភលើចំណីផ្លូវ 
កំណាត់ផ្លូវក្រវ៉ាត់ក្រុងសៀមរាបដែលរងការខូចខាត និងស្ថិតក្នុងគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ (រូបពីសហការី)។ រូបក្នុងរង្វង់មូល គឺលោក ទៀ សីហា ស្ថិតក្នុងកិច្ចប្រជុំជាមួយប្រតិបត្តិករទេសចរណ៍ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ (រូបពីរដ្ឋបាលខេត្តសៀមរាប)។
×![]()
លោក ទៀ សីហា អភិបាលខេត្តសៀមរាប ជូនដំណឺងថា ក្នុងរយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ខែកញ្ញា រហូតដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ប្រជាពលរដ្ឋ ដែលមានលំនៅឋាន តូបលក់ដូរ របង និង សំណង់ផ្សេងៗទៀត រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និង ដីចំណីស្ទឹងសៀមរាប ត្រូវរុះរើចេញដោយខ្លួនឯងជាកំហិត។ វិធានការនេះ ធ្វើឡើងក្នុងពេលដែលរដ្ឋាភិបាល ត្រូវសាងសង់ផ្លូវ៣៨ខ្សែ នៅទីរួមខេត្តសៀមរាប។
តាមរយៈសេចក្តីជូនដំណឹង នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ លោក ទៀ សីហា អះអាងថា មន្រ្តីជំនាញ នឹងចុះជួយវាស់វែងជូនប្រជាពលរដ្ឋ ក្នុងការរុះរើសំណង់ខុសច្បាប់ទាំងនោះ ដើម្បីសម្រួលដល់ការងារស្ថាបនាផ្លូវទាំង៣៨ខ្សែ។ លោក សង្កត់ធ្ងន់ដូច្នេះថា៖«ក្នុងករណីពុំបានរុះរើតាមការកំណត់ រដ្ឋបាលខេត្ត នឹងចាត់វិធានការរុះរើតាមនីតិវិធីនិងច្បាប់ជាធរមាន ដោយមិនទទួលខុសត្រូវរាល់ការខូចខាតនិងការបាត់បង់ទ្រព្យសម្បតិ្តរបស់បងប្អូនប្រជាពលរដ្ឋឡើយ»។
យ៉ាងណា លោកអភិបាលខេត្ត សង្ឃឹមថា ប្រជាពលរដ្ឋ នឹងរុះរើសំណង់ខុសច្បាប់ទាំងនោះ ដោយស្មារតីទទួលខុសត្រូវ តាមពេលវេលាដែលបានកំណត់។
សម្តេចឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់ផ្លូវ៣៨ខ្សែ មានប្រសាសន៍ថា ប្រជាពលរដ្ឋ នឹងមិនទទួលបានសំណងអ្វីទាំងអស់ ដោយសារតែសំណង់ទាំងនោះ រំលោភចូលចំណីផ្លូវ។
រដ្ឋាភិបាល ចំណាយថវិកា១៥០លានដុល្លារ សម្រាប់ការសាងសង់ផ្លូវ៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប ដោយរំពឹងថា នឹងរួចរាល់ទាំងស្រុងនៅត្រឹមឆ្នាំ២០២១។ នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២០ អាជ្ញាធរ នឹងរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវទាំង៣៨ខ្សែ ដោយមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទៅធ្វើជាអធិបតី។
Tag:
គម្រោងសង់ផ្លូវ៣៨ខ្សែ
សំណង់ខុសច្បាប់លើចំណីផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com