ជាតិ
វិធីសាស្រ្តដាំដុះត្រប់បានគ្រប់រដូវ
26, Sep 2020 , 9:29 am        
រូបភាព
ដោយ:
ត្រប់វែង ឬត្រប់ស្វាយ ជាបន្លែពេញនិយមសម្រាប់ពលរដ្ឋខ្មែរ ដែលគេនិយមយកធ្វើជាអន្លក់ហូបជាមួយប្រហុក ផ្អក ទឹកគ្រឿង ឬអាចធ្វើជាបន្លែដើម្បីស្ល និងឆាជាដើម។ សម្រាប់អត្ថប្រយោជន៍របស់វាអាចប្រឆាំងនឹងជំងឺមហារីក បន្សាបជាតិពុលក្នុងរាងកាយ កាត់បន្ថយជាតិខ្លាញ់កូឡេស្តេរ៉ូល និងកាត់បន្ថយការកើតជំងឺទឹកនោមផ្អែម។ ត្រប់ជាប្រភេទដំណាំងាយស្រួលដាំ តែក៏ទាមទារឲ្យដាំ និងថែទាំបានល្អដែរ ដូច្នេះកសិករគួរស្វែងយល់ពីបច្ចេកទេសដាំដុះ និងរបៀបថែទាំឲ្យបានត្រឹមត្រូវ។

 
 
 
ថ្ងៃនេះ ThmeyThmey25 សូមលើកយកបច្ចេកទេសដំាំដុះដំណាំត្រប់ និងការថែទាំ ដល់បងប្អូនកសិករ ដែលមានបំណងដាំដុះត្រប់តាមលក្ខណៈបច្ចេកទេសថ្មី និងអាចដាំបានគ្រប់រដូវ។ ដោយដកស្រង់ឯកសារចេញពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ ក្នុងនោះកសិករគួរគិតចំណុចសំខាន់ៗ ដូចជា ការបណ្ដុះកូន ការរៀបចំដី ការលើករង ការដាំកូន ការប្រើប្រាស់ជី និងការថែទាំ។
 
ការបណ្ដុះកូន៖ អាចរៀបចំដីដាក់កន្ទោងស្ទឹក ឬថាសបណ្ដុះកូន។ ដោយក្នុងមួយកន្ទោង ឬប្រលោះថាសដាក់បណ្ដុះ ១គ្រាប់។ រងបណ្ដុះកូនត្រូវធ្វើដំបូលគ្របពីលើ ឬសំណាញ់ដើម្បីកាត់ពន្លឺ។ ត្រូវគ្របចំប៉ើងពីលើថាសបណ្ដុះកូន ឬកន្ទោងស្លឹក។ ត្រូវចាំថា មុននឹងយកកូនទៅដាំ ៣ថ្ងៃត្រូវដកដំបូលនៃថ្នាលបណ្ដុះកូនចេញ ដើម្បីឲ្យកូនមានសុខភាពល្អ។
 
ការរៀបចំដី៖ ភ្ជូរដី ២ ទៅ ៣ដង មុនយកកូនទៅដាំ និងត្រូវបំបែកដីឲ្យរាបស្មើ និងហាលដីឲ្យស្ងួត។
 
ការលើករង៖ បណ្ដោយរងមិនចាំបាច់កំណត់នោះទេ ប៉ុន្តែទទឹងរងត្រូវមានទំហំ ១ ទៅ ១,២ម៉ែត្រ និងចន្លោះរងពីរងមួយទៅរងមួយត្រូវមានចន្លោះ ០,៥ម៉ែត្រ។ សម្រាប់កម្ពស់រងនៅរដូវប្រាំង ២០សង់ទីម៉ែត្រ និងរដូវវស្សា ៣០សង់ទីម៉ែត្រ។ ដែលចន្លោះរងនីមួយៗអាចបង្ហូរទឹកបាន។
 
ការដាំកូន៖ មុនដកកូនទៅដាំត្រូវបន្ថយការស្រោចទឹក ២ ទៅ៣ថ្ងៃដើម្បីឲ្យកូនមានភាពរឹងមាំ តែមុនពេលដាំត្រូវស្រោចទឹកឲ្យជោគសិននៅពេលព្រឹក ហើយពេលរសៀលចាំដកកូនយកទៅដាំ។ ត្រូវដាំកូនដែលមានអាយុ ២០ ទៅ ២៥ថ្ងៃ និងមានសន្លឹក ៤ ទៅ ៥សន្លឹក។ ត្រូវមានចន្លោះជួរ ៦០សង់ទីម៉ែត្រ និងចន្លោះគុម្ព ៥០សង់ទីម៉ែត្រ និងត្រូវដាំ ១ដើមក្នុងមួយរណ្ដៅ។ 
 
ការប្រើប្រាស់ជី៖ កសិករអាចប្រើប្រាស់ជី ២ប្រភេទ ជីគីមី និងជីធម្មជាតិ។ ប៉ុន្តែកសិករគួរប្រើប្រាស់ជីធម្មជាតិប្រសើរជាង ព្រោះមិនប៉ះពាល់អំឡុងពេលប្រើប្រាស់ និងអ្នកបរិភោគផង។ បើសិនប្រើប្រាស់ជីគីមី គួរប្រើក្នុងបរិមាណតិចតួចបានហើយ។ គេអាចប្រើជីសម្រាប់ទ្រាប់បាតរណ្ដៅ និងជីបំប៉ននៅក្រោយពេលដាំបាន ២អាទិត្យបន្ទាប់ និងត្រូវដាក់ចម្ងាយពីគល់ប្រមាណ ៥សង់ទីម៉ែត្រ។ 
ការថែទាំ៖ បន្ទាប់ពី ១០ថ្ងៃក្រោយដាំត្រូវដោតទំរ (ឈើ,ឫស្សី) ទប់ដើមត្រប់ កុំឲ្យដើមដួលនៅពេលមានផ្លែច្រើន។ ត្រូវកាត់ស្លឹកចាស់ៗ និងមែកនៅខាងក្រោមចេញ ដើម្បីឲ្យពន្លឺ និងខ្យល់ចូលគ្រប់គ្រាន់។ 
 
ការប្រមូលផល៖ អាយុកាលនៃត្រប់ពី ៥៥ ទៅ ៨០ថ្ងៃ បន្ទាប់ពីដាំអាចប្រមូលផលបាន តែវាក៏អាស្រ័យលើការថែទាំ និងពូជផងដែរ។ ហើយត្រូវប្រើកាំបិត ឬកន្រ្តៃដើម្បីកាត់ផ្លែ ដើម្បីកុំឲ្យបាក់មែកត្រប់៕
 

Tag:
 កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com