COVID-19
អន្តរជាតិ
WHO៖ ករណីស្លាប់ដោយសារ COVID-19 អាចកើនដល់២លាន មុនរកឃើញវ៉ាក់សាំង
26, Sep 2020 , 11:26 am        
រូបភាព
គ្រូពេទ្យម្នាក់ កំពុងព្យាបាលអ្នកជំងឺCOVID-19 ម្នាក់ នៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងប្រទេសបារាំង។ រូបភាព៖ AFP
គ្រូពេទ្យម្នាក់ កំពុងព្យាបាលអ្នកជំងឺCOVID-19 ម្នាក់ នៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងប្រទេសបារាំង។ រូបភាព៖ AFP
អង្គការសុខភាពពិភពលោក(WHO) នៅថ្ងៃទី២៥ ខែកញ្ញា បានព្រមានពិភពលោកថា ករណីស្លាប់ដោយសារCOVID-19 អាចនឹងកើនដល់២លានករណី ឬលើសពីនេះ បើសិនបើមិនមានវិធានការត្រឹមត្រូវ ដើម្បីទប់ស្កាត់។ ការព្រមានរបស់WHO ធ្វើឡើងបន្ទាប់ពីអ្នកស្លាប់ដោយសារCOVID-19 បានកើនឡើងជិត ១លាននាក់។

 

តួលេខអ្នកស្លាប់របស់ពិភពលោក ដោយសារCOVID-19 គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែកញ្ញា មានចំនួន ៩៩៣៤៦៣នាក់ ខណៈករណីឆ្លងបានកើនដល់ជិត ៣៣លានករណី និងសះស្បើយជាង២៤លានករណី។ នេះបើតាមវេបសាយ Worldometer។ 
 
ទាក់ទិននឹងករណីអ្នកស្លាប់កើនជិត ១លាននាក់បែបនេះ អង្គការសុខភាពពិភពលោក បានព្រមានថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងទ្វេដង មុនពេលរកឃើញវ៉ាក់សាំង COVID-19។ តាមការវាយតម្លៃ របស់លោក Mike Ryan ប្រធានកម្មវិធីអាសន្នរបស់WHO «ទាល់តែយើងជួយទប់ស្កាត់ទាំងអស់គ្នា បើមិនដូច្នោះទេ ករណីស្លាប់ចំនួន ២លានករណី គឺមិនមែនជាការស្រមៃទេ ប៉ុន្តែវាទំនងនឹងកើតឡើង»។ 
 
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៥ ខែកញ្ញាដដែលនេះ លោកវេជ្ជបណ្ឌិត Ryan បានព្រមានថា ពិភពលោក មិនទាន់ដើរចេញពីផលវិបាក ដែលបង្កដោយCOVID-19 នៅឡើយទេ ជាពិសេសគឺតំបន់អាហ្រ្វិក ដែលកំពុងស្ថិតក្នុងស្ថានភាពរងគ្រោះ។ 
 
ទន្ទឹមគ្នានេះ ប្រធានកម្មវិធីអាសន្នរូបនេះ ក៏បានទទូចឲ្យពិភពលោក កុំដាក់កំហុសតែទៅលើយុវជន ដែលមួយរយៈចុងក្រោយនេះ មានអត្រាឆ្លងកើនឡើងខ្លាំង ឬជាប្រភពចម្លង។ ផ្ទុយទៅវិញ ករណីឆ្លងCOVID-19 មិនមែនត្រឹមតែចម្លងមកពីក្រុមយុវជនទេ ប៉ុន្តែគឺមនុស្សគ្រប់វ័យ តាមរយៈការជួបប្រជុំគ្នា និងមិនមានវិធានការការពារត្រឹមត្រូវ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
ក្រៅពីបញ្ហាខាងលើ WHO ក៏បានលើកឡើងពីការពិភាក្សា និងការបញ្ចុះបញ្ចូលឲ្យចិនចូលរួម ក្នុងកម្មវិធី COVIX ដែលជាកម្មវិធីមួយ បង្កើតឡើង ដើម្បីធានាពីការទទួលបានវ៉ាក់សាំងCOVID-19 ស្មើៗគ្នាទៅតាមបណ្តាប្រទេសចូលរួមក្នុងកម្មវិធីនេះ៕ 
 

Tag:
 WHO
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com