អន្តរជាតិ
កូរ៉េខាងត្បូង ទាមទារឲ្យកូរ៉េខាងជើងស៊ើបបន្ថែមលើករណីបាញ់សម្លាប់មន្រ្តីខ្លួន
26, Sep 2020 , 4:59 pm        
រូបភាព
រូបភាព៖ Yonhap
រូបភាព៖ Yonhap
កូរ៉េខាងត្បូង នឹងទាមទារឲ្យកូរ៉េខាងជើងស៊ើបអង្កេតបន្ថែមទៀត លើករណីបាញ់សម្លាប់មន្រ្តីកូរ៉េខាងត្បូង។ នេះបើតាមការបញ្ជាក់របស់វិមានប្រធានាធិបតីកូរ៉េខាងត្បូង Cheong Wa Dae នៅថ្ងៃទី២៦ ខែកញ្ញា។ លើសពីនេះ កូរ៉េខាងត្បូង បានអះអាងថា ប្រសិនបើអាចកូរ៉េខាងត្បូង នឹងស្នើកូរ៉េខាងជើងឲ្យមានការស៊ើបអង្កេតរួមគ្នាថែមទៀត លើករណីនេះ។

 
តាមការអះអាងរបស់យោធាកូរ៉េខាងត្បូង កងទ័ពកូរ៉េខាងជើង បានបាញ់សម្លាប់បុរសម្នាក់វ័យ ៤៧ឆ្នាំ ដែលជាមន្រ្តីធ្វើការនៅក្រសួងសមុទ្រ និងនេសាទរបស់កូរ៉េខាងត្បូង ហើយថែមទាំងដុតសាកសពបុរសរូបនេះថែមទៀត។ ជាការឆ្លើយតបនឹងឧបទ្ទវហេតុនេះ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានសរសេរលិខិតសុំទោស លោកមូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង។ ជាពិសេសលោក គីម បានអះអាងថា អ្វីដែលត្រូវបានដុតនោះ មិនមែនជាមន្រ្តីកូរ៉េខាងត្បូងឡើយ ប៉ុន្តែជាសម្ភារជាប់ខ្លួនបុរសនោះប៉ុណ្ណោះ។ 
 
បើទោះបីជាមានលិខិតសុំទោសរបស់ប្រមុខដឹកនាំកូរ៉េខាងជើងយ៉ាងណាក្តី កូរ៉េខាងត្បូងមិនអស់ចិត្តឡើយ និងទាមទារឲ្យកូរ៉េខាងជើងស៊ើបអង្កេតលើករណីនេះបន្ថែម ជាពិសេសទីក្រុងសេអ៊ូលថែមទាំងចង់ឲ្យមានការស៊ើបអង្កេតរួមគ្នាថែមទៀត ដោយផ្អែកលើការវិភាគខុសគ្នា។ បើតាមការបញ្ជាក់ថារបស់វិមានប្រធានាធិបតី Cheong Wa Dae បន្ទាប់ពីមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ រដ្ឋាភិបាល បានសម្រេចទាមទារឲ្យមានការស៊ើបអង្គេតបន្ថែម និងស្នើឲ្យមានការស៊ើបអង្កេតរួមគ្នា បើសិនបើអាច។ 
 
បន្ថែមពីលើនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏បានសន្យានឹងចាត់វិធានការឃ្លាំមើលបន្ថែមនៅក្នុងតំបន់សមុទ្រលឿង ដែលជាកន្លែងកើតហេតុនេះផងដែរ ដើម្បីបង្ការមិនឲ្យមានបញ្ហាបែបនេះ កើតឡើងទៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។
 
មកទល់ពេលនេះ ប្រទេសកូរ៉េទាំងពីរ គឺមានការយល់ឃើញខុសគ្នាពីបទបញ្ជាឲ្យបាញ់សម្លាប់លើមន្រ្តីខាងលើ។ បើតាមកូរ៉េខាងត្បូង ការបាញ់សម្លាប់នេះ គឺជាការសម្រេចចិត្តដោយអាជ្ញាធរកូរ៉េខាងជើងជាន់ខ្ពស់ ខណៈកូរ៉េខាងជើងអះអាងថា វាគឺជាបញ្ជាពីប្រធានទូកល្បាតប៉ុណ្ណោះ ដោយផ្អែកទៅតាមក្រមប្រតិបត្តិរបស់ខ្លួន៕ 
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com