ជាតិ
ពីនេះ ពីនោះ
វិធីសាស្រ្តដាំពោតបារាំងដើម្បីទទួលបានទិន្នផលខ្ពស់
27, Sep 2020 , 8:59 am        
រូបភាព
ដោយ:
អូក្រា (Okra) ជាដំណាំមកពីតំបន់អាហ្វ្រិកកណ្ដាល ប្រទេសអេត្យូពី (Ethiopia)។ នៅកម្ពុជាអូក្រា ត្រូវបានគេហៅថា ពោតបារាំង ឬដៃនាង ទៅតាមការនិយមហៅតាមតំបន់។ នេះបើតាមឯកសារស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្ម (CEDAC)។

 
គេអាចយកផ្លែពោតបារាំងទៅធ្វើអន្លក់ហូបជាមួយប្រហុក ផ្អក ទឹកគ្រឿង ឬជាបន្លែជាមួយមុខម្ហូបផ្សេងៗ។ ម្យ៉ាងទៀត ពោតបារាំង ជាប្រភេទបន្លែដែលសម្បូរប្រូតេអ៊ីន មានជាតិសរសៃខ្ពស់ ងាយរំលាយអាហារ អាចប្រឆាំងជំងឺមហារីក ទឹកនោមផ្អែម និងជួយដល់សុខភាពឆ្អឹង និងភ្នែកទៀតផង ដោយសារពោតបារាំង ជាដំណាំដែលធន់នឹងភាពរាំងស្ងួត និងមិនសូវត្រូវការជីបំប៉នខ្លាំង។
 
កសិករ ត្រូវស្វែងយល់ពីបច្ចេកទេសដាំដុះរបស់វាជាមុនសិន ដើម្បីអាចទទួលបានទិន្នផលខ្ពស់ និងត្រូវតាមតម្រូវទីផ្សារ។ ថ្ងៃនេះThmeyThmey25 សូមដកស្រង់បច្ចេកទេសខ្លះៗ ពី (CEDAC) ក្នុងការដាំពោតបារាំង ដល់កសិករដែលមានបំណងចង់ដាំដំណាំប្រភេទនេះ។
 
ការរៀបចំដី៖ មុនដាំត្រូវភ្ជួរដីឲ្យបានម៉ដ្ឋប្រមាណ ២-៣ដង។ ក្រោយពីភ្ជួរដី ២-៣ដងរួចមក ត្រូវរៀបចំ កាប់រណ្តៅជម្រៅ ២តឹក ទំហំ ២,៥តឹក និងគម្លាតពីរណ្ដៅមួយទៅរណ្ដៅមួយចាប់ពី ០,៥ម៉ែត្រទៅ ១ម៉ែត្រ។ យើងអាចយកជីកំប៉ុសដែលមានប្រភេទដីបាតបឹង លាមកគោ ដាក់ចូលក្នុងរណ្ដៅនោះ ដើម្បីរក្សាសំណើមដី។
 
ការដាំ៖ គេអាចដាំវាដោយកូនក៏បាន ដោយគ្រាប់ក៏បាន។ ប៉ុន្តែបើដាំដោយគ្រាប់ ងាយធំធាត់លឿន ចំណេញពេលវេលាថែទាំ។ មុនពេលដាំ ត្រូវយកគ្រាប់របស់ពោតបារាំង ទៅត្រាំទឹកមួយយប់សិន ក្រោយមកយកគ្រាប់ដែលបានត្រាំទឹករួចនោះ ទៅដាំក្នុងរណ្ដៅដោយក្នុងមួយរណ្ដៅដាក់គ្រាប់ពោតបារាំង មួយគ្រាប់ តែត្រូវជ្រើសរើសយកគ្រាប់ណាដែលណែនល្អ។
 
ការថែទាំ៖ ពោតបារាំង មិនត្រូវការជ្រោយដី បោចស្មៅ ហើយវាមិនសូវត្រូវការថែទាំច្រើននោះទេ។ ដើម្បីថែទាំដំណាំពោតបារាំង ទាន់តម្រូវការទីផ្សារ គឺគ្រាន់តែថែទាំវាដោយប្រើជីកំប៉ុសធម្មជាតិ ដូចជាទឹកនោមគោ លាមកគោ ស្រោចក្បែរដើមពោតបារាំង ជាការស្រេច។ បើសិននៅខែវស្សាស្រោចទឹកមួយសប្ដាហ៍ ១ដងបានហើយ។ តែបើរដូវប្រាំងទាមទារស្រោចទឹកញឹកញាប់បន្តិច ព្រោះទឹកគឺជារឿងសំខាន់ឲ្យតែគ្រប់គ្រាន់ជាការស្រេច ហើយយើងថែមជីលាមកគោ ទឹកនោមគោ ទឹកនោមមនុស្ស លាយជាមួយគ្នាយកទៅស្រោចក្បែរចន្លោះដើមវារឹតតែល្អ។
 
ពោតបារាំងជាដំណាំដែលផ្ដល់ផលក្នុងរយៈពេលពី ៥០-៦០ថ្ងៃ។ ម្យ៉ាងពោតបារាំងជាដំណាំប្រភេទថ្មីមួយ និងកំពុងក្លាយជាបន្លែពេញនិយមសម្រាប់ពលរដ្ឋនៅកម្ពុជាផងដែរ៕
 

Tag:
 កសិកម្ម
 ពោតបារាំង
© រក្សាសិទ្ធិដោយ thmeythmey.com