អន្តរជាតិ
ជប៉ុនតេស្តសាកល្បងដំណើរការមនុស្សយន្ត Gundam កម្ពស់១៨ម៉ែត្រ
27, Sep 2020 , 10:29 pm        
រូបភាព
ដោយ: ធីតា
មនុស្សយន្តយក្សដែលមានកម្ពស់១៨ម៉ែត្រ និងទម្ងន់២៥តោន ត្រូវបានតេស្តសាកល្បងកាលពីពេលថ្មីៗកន្លងមកនេះ ដោយវាអាចលុតជង្គង់ ងាកក្បាលទៅវិញទៅមក និងលើកដៃជើង។ គម្រោងរ៉ូបូតរបស់ក្រុមហ៊ុន Gundam Factory នេះ បានចាប់ផ្តើមតាំងពីឆ្នាំ២០១៤មក ប៉ុន្តែបានរាំងស្ទះដំណើរការចាប់ពីខែមករា ដោយសារការរាលដាលកូវីដ-១៩។

 
 
សកម្មភាពមនុស្សយន្តយក្ស Gundam ត្រូវថតបង្ហោះដោយវ៉ិបសាយគំនូរជីវចល Catsuka នៅលើបណ្តាញសង្គម Twitter របស់ខ្លួន កាលពីសប្តាហ៍មុន។  ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កាយវិការក្នុងវីដេអូ ត្រូវបានអះអាងថា លឿនជាងកាយវិការធម្មតា៤ដង។
 
 
ក្រុមអ្នកអភិវឌ្ឍនៅក្រុមហ៊ុន Gundam Factory នៅក្រុង Yokohama រំពឹងថា អាចបង្ហាញមនុស្សយក្សមួយនេះផ្លូវការនាខែតុលាខាងមុខ។ 
 
យោងតាម Newsweek មនុស្សយន្ត Gundam គឺយកតាមរឿងភាពយន្តទូរទស្សន៍បែបវិទ្យាសាស្ត្រជប៉ុន Mobile Suit Gundam។ ផលិតផលនេះ នឹងនាំឲ្យជប៉ុនក្លាយជាប្រទេសដំបូងបំផុតដែលមានមនុស្សយន្តទំហំ RX-78 រួមទាំងមានសមត្ថភាពផ្លាស់ប្តូរចលនាបានថែមទៀតផង៕
 

Tag:
 Gundam
© រក្សាសិទ្ធិដោយ thmeythmey.com