សង្គមអន្តរជាតិ​
អន្តរជាតិ
មនុស្ស​៤​នាក់​រងរបួស​ក្នុងការ​វាយប្រហារ​ដោយ​កាំបិត​នៅ​ប៉ារីស​
28, Sep 2020 , 7:59 pm        
រូបភាព
​ក្រុម​អ្នកជំនាញ​កោសល​វិ​ច្ច័​យ​កំពុងធ្វើការ​ពិនិត្យ​កន្លែងកើតហេតុ​នៃ​ករណី​វាយប្រហារ​ដោយ​កាំបិត នៅក្បែរ​អតីត​ទីស្នាក់ការ​កាសែត Charlie Hebdo នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០​។​
​ក្រុម​អ្នកជំនាញ​កោសល​វិ​ច្ច័​យ​កំពុងធ្វើការ​ពិនិត្យ​កន្លែងកើតហេតុ​នៃ​ករណី​វាយប្រហារ​ដោយ​កាំបិត នៅក្បែរ​អតីត​ទីស្នាក់ការ​កាសែត Charlie Hebdo នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០​។​
ដោយ: VOA
​ទីក្រុង​ប៉ារីស បារាំង — ​មនុស្ស​ចំនួន ៤ នាក់ បាន​រងរបួស​ក្នុងការ​វាយប្រហារ​ដោយ​កាំបិត​មួយ កាលពី​ថ្ងៃ​សុក្រ ក្បែរ​អតីត​ស្នាក់ការ​កាសែត Charlie Hebdo ដែលជា​សារព័ត៌មាន​លក្ខណៈ​រិះគន់​បែប​កំប្លែង ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​។ ជនសង្ស័យ​ពីរ​នាក់​បាន​រត់គេចខ្លួន នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​ប៉ូលិស​។​

 
​អ្នកយកព័ត៌មាន​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AP ដែល​បាន​ទៅដល់​កន្លែងកើតហេតុ ឃើញ​វត្តមាន​ប៉ូលិស​ជាច្រើន នៅ​តំបន់​កើតហេតុ ក្នុង​ភាគ​ខាងកើត​ទីក្រុង​ប៉ារីស ក្បែរ​ទីស្នាក់ការ​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី​Richard Lenoir​។​
 
​ក្រុមប៉ូលិស​កំពុង​តាម​ចាប់​ជនល្មើស និង​បាន​បិទ​តំបន់​ជុំវិញ​កន្លែងកើតហេតុ ដែល​រួមមាន​ទីតាំង​អតីត​ស្នាក់ការ​កាសែត Charlie Hebdo ផងដែរ បន្ទាប់ពី​ប្រទះឃើញ​កញ្ចប់​សង្ស័យ​មួយ​នៅក្បែរនោះ​នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​មន្ត្រីប៉ូលិស​ម្នាក់​។​
 
​ប៉ូលិស​និយាយថា ពួកគេ​ចាប់បាន​ជនសង្ស័យ​ម្នាក់​។ មុនដំបូង​ឡើយ ប៉ូលិស​គិតថា ជនសង្ស័យ​ពីរ​នាក់ បានធ្វើ​សកម្មភាព​នៅក្នុង​­​ឧប្បទ្ទវហេតុ​នោះ ប៉ុន្តែ​ពេលនេះ​ប៉ូលិស​និយាយថា មាន​ជនល្មើស​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​ធ្វើការ​វាយប្រហារ​នេះ​។​
 
​មូលហេតុ​នៃ​ការវាយប្រហារ​នេះ នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ហើយ​គេ​ក៏​មិនដឹងថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​កាសែត Charlie Hebdo នោះដែរ​ឬក៏​យ៉ាងណា​។ កាសែត​នេះ​បាន​រើ​ចេញពី​ទីតាំង​នេះ​ក្រោយ​ក្រុម​អ៊ីស្លាម​ជ្រុលនិយម បាន​វាយប្រហារ​ទៅលើ​ការិយាល័យ​និពន្ធ​របស់ខ្លួន កាលពី​ឆ្នាំ ២០១៥ ដោយបាន​សម្លាប់​មនុស្ស ១២ នាក់​នៅពេលនោះ​។ 
 
​ប៉ូលិស​មិនបាន​បញ្ចេញ​អត្តសញ្ញាណ​របស់​ជនល្មើស ឬ​អ្នករងរបួស​ទេ ដែល​ក្នុងនោះ​អ្នករងរបួស​ពីរ​នាក់​កំពុងស្ថិត​ក្នុងស្ថានភាព​សង្គ្រោះបន្ទាន់ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​មន្ត្រីប៉ូលិស ដែល​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​បង្ហាញ​ឈ្មោះ​ជា​សាធារណៈ​នោះទេ​។​
 
​ឧប្បទ្ទវ​ហេតុនេះ​កើតមានឡើង ខណៈដែល​តុលាការ​បារាំង ក្នុង​សប្តាហ៍​នេះ កំពុង​ជំនុំជម្រះ​បទល្មើស​ភេរវកម្ម​លើ​ជនល្មើស ១៤ នាក់ ទាក់ទង​នឹង​ការវាយប្រហារ​ដ៏​ប្រល័យ​លើ​កាសែត Charlie Hebdo កាលពី​ឆ្នាំ ២០១៥ ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com