បទយកការណ៍ / បទសម្ភាសន៍
ជាតិ
បទ​យកការណ៍៖ នារី​បម្រើសេវា​កម្សាន្ត«លក់​សម្រស់ តែ​មិន​លក់ខ្លួន​ទេ!»
13, Nov 2013 , 9:07 am        
រូបភាព
ដោយ:
ភ្នំពេញ៖ នារី​បម្រើសេវា​កម្សាន្ត​នៅ​ហាង​ខារ៉ាអូខេ ឬ​កន្លែង​កម្សាន្ត​ពេល​រាត្រី​ភាគច្រើន មិនត្រូវ​បាន​សង្គម​ឲ្យ​តម្លៃ ហើយ​ក៏មាន​មនុស្ស​មួយចំនួន​រើសអើង​ពួកគេ​ផងដែរ។ អ្នក​រិះគន់​គិតថា ស្ត្រី​ដែល​ធ្វើការ​ពេលយប់​ជា​នារី​មិនល្អ និង​ជា​នារី​រកស៊ី​ផ្លូវភេទ​ដោយ​ប្រយោល។ មាន​មែន នារី​ដែល​ឆ្លៀតឱកាស «លក់ខ្លួន​លួចលាក់»ដោយ​ប្រយោល។ ប៉ុន្តែ​ក៏មានដែរ​ផងដែរ នារី​ដែល​លក់​តែ​សេវាកម្ម និង​សម្រស់ ហើយ​មិន​លក់​រាងកាយ​នោះ។


បុរស​មួយចំនួន​ដែល​ចូលចិត្ត​ដើរ​កម្សាន្ត​ពេល​រាត្រី តែងតែ​បបួលគ្នា​ចូល​ខារ៉ាអូខេ ក្រោយពី​បាន​សប្បាយ នៅតាម​ហាង​ផឹកស៊ី​ខាងក្រៅ​រួច ព្រោះ​ពួកគេ​គិតថា​ទីនោះ​គឺជា«ឋានសួគ៌»សម្រាប់​ពួកគេ។
បុរស​ទាំងនោះ​អាច​ផឹកស៊ី ច្រៀង​រាំ​យ៉ាង​សប្បាយរីករាយ និង​មាននារីៗស្រស់ស្អាត ស្លៀកពាក់​សិច​ស៊ី​នៅចាំ​បម្រើ​ឆ្វេង​ស្តាំ​មិន​ឲ្យ​ទាស់ចិត្ត​ឡើយ។ មិនតែប៉ុណ្ណោះ បើ​ចរចា​ត្រូវ​រូ​វ​គ្នា ពួកគេ​អាច​នាំ​ពួកនាង​ឡើង​សណ្ឋាគារ ឬ​ផ្ទះសំណាក់​ទៀតផង។

ធ្លាប់ជា​អ្នកដើរ​កម្សាន្ត​តាម​ហាង​ខារ៉ាអូខេ​ញឹកញាប់ យុវជន មិនា បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ទីក្រុង​ភ្នំពេញ បាន​និយាយត្រង់ៗថា លោក​ធ្លាប់​នាំ​នារី​ខារ៉ាអូខេ​ឡើង​សណ្ឋាគារ​មិនតិច​នោះទេ តែ​នារី​មួយចំនួន​ក៏បាន​បដិសេធ​ដាច់អហង្ការ​ផងដែរ ទោះបី​លោក​សន្យា​ឲ្យ​ប្រាក់​មួយចំនួន​ក៏ដោយ។
បុរស មិនា បាន​ឲ្យ​ដឹង​ពិការ​បដិសេធ​របស់​នាងៗទាំងនោះ​យ៉ាង​ដូច្នេះ​ថា៖ «បើ​ឲ្យ​ធីប​ខ្ញុំ​ហើយ​ចង់​គេង​ជាមួយ​ខ្ញុំ លោក​មិនបាច់​ឲ្យ​ក៏បាន​ដែរ។ ខ្ញុំ​ធ្វើ​ការយក​ប្រាក់ខែ និង​ប្រាក់​ធីប មិន​លក់ខ្លួន​នោះទេ»។

ជា​កូន​អ្នកចំការ​មកពី​ខេត្តស្វាយរៀង មាន​សម្បុរ​ស្រអែម​បន្តិច តែ​មុខមាត់​ស្រស់ស្អាត​មិន​ចាញ់​នារី​នៅ​ទីក្រុង​នោះ កញ្ញា ស្រីអូន មក​បម្រើការ​នៅ​ហាង​ខារ៉ាអូខេ​នៅ​ទីក្រុង​ភ្នំពេញ​បាន​ជាង​មួយឆ្នាំ​ហើយ ។ ធ្វើជា​នារី​ខារ៉ាអូខេ​ត្រូវ​ផឹកស្រា ឬ​ស្រា​ប៊ៀ​រៀងរាល់ថ្ងៃ ពេលខ្លះ​ផឹក​ដល់​សន្លប់​ក៏មាន ហើយ​តែង​ទទួលរង​នូវ​ការ​បៀតបៀន​ផ្លូវភេទ​ជាច្រើន​ផងដែរ។ ភ្ញៀវ​មួយចំនួន​អោបថើប ស្ទាប អង្អែល និង​លូកលាន់ផ្សេង។ ភ្ញៀវ​មួយចំនួនទៀត​តែង​ចរចា​បបួល​នាង​ឡើង​សណ្ឋាគារ ក្រោយពេល​ច្រៀង​ចប់ ។

ជា​នារី​ស្រស់ស្អាត​ម្នាក់​ក្នុងចំណោម​នារី​ខារ៉ាអូខេ​ជាច្រើន​ផ្សេងទៀត ស្រីអូន​បាន​ឲ្យ​ដឹងថា ភ្ញៀវ​តែងតែ​បបួល​នាង​ឡើង​សណ្ឋាគារ​ញឹកញាប់ តែ​នាង​តែង​បាន​បដិសេធ​ផងដែរ។ ស្រីអូន បាន​បន្ថែមទៀតថា នាង​ធ្លាប់​និយាយខ្លាំងៗដាក់​ភ្ញៀវ​ម្តងថា៖«ខ្ញុំ​មក​លក់​សម្រស់ មិនមែន​លក់ខ្លួន​ទេ មិន​ឲ្យ​លុយ​ធីប​ខ្ញុំ​ក៏​មិន​អី​ដែរ»។ ស្រីអូន បញ្ជាក់​បន្ថែមថា ទោះបី​នាង​បាន​ជ្រុលមាត់​និយាយខ្លាំងៗបន្តិច​មែន តែ​ភ្ញៀវ​ក៏​មិនបាន​ខឹង ហើយ​បាន​ឲ្យ​លុយ​ធីប ៣០ដុល្លារ ព្រមទាំង​សើច​ហួសចិត្ត​ហើយ​ដើរ​ចេញទៅ។

អ្នកស្រី អ៊ូ ទេព​ផល្លី​ន អនុប្រធាន​សហព័ន្ធ សហជីព​កម្មករ​ចំនីអាហារ និង​សេវាកម្ម​កម្ពុជា​ក៏បាន​ទទួលស្គាល់​ផងដែរ​ថា៖«មាន​មែន អ្នក​ដែល​លក់ខ្លួន​លួចលាក់ ប៉ុន្តែ​អ្នក​មួយចំនួនទៀត​មានគ្រួសារ​ត្រឹមត្រូវ ហើយ​ធ្វើការ​យកតែ​ប្រាក់ខែ និង​ប្រាក់​ធីប មិន​លក់ខ្លួន​នោះទេ»។

អ្នកស្រី​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ននេះ​នារី​បម្រើការ​នៅ​ហាង​ខារ៉ាអូខេ នារី​មេការ និង​អ្នកចំរៀង​តាម​ហាង​កំសាន្ត​នានា​កំពុងមាន​ការកើនឡើង​ជា​លំដាប់ ហើយ​កំណើន​នេះ​បណ្តាលមកពី​កត្តាសំខាន់ៗ បីយ៉ាង៖
ទី១ ដោយសារ​ពួកគេ​មាន​ជីវភាព​ក្រីក្រ គ្មាន​លទ្ធភាព​រៀនសូត្រ​ឲ្យ​បាន​វែងឆ្ងាយ មានចំណេះដឹង​ទាប ដូច្នេះ ពួកគេ​ត្រូវ​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក​មក​ធ្វើការ​តាម​ហាង​នានា​នៅ​ទីក្រុង​ភ្នំពេញ។

ទី២ ដោយសារ​ទីផ្សារការងារ​នៅមាន​ភាព​តូចចង្អៀត​សម្រាប់​អ្នក​ដែលមាន​ចំណេះដឹង​ទាប។ ក្រៅពី​ការងារ​រោងចក្រ ពួកគេ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ទៅ​បម្រើសេវា​កម្សាន្ត​នៅតាម​ហាង​ពេល​រាត្រី​នោះទេ។

ទី៣ ដោយសារ​អាជ្ញាធរ​បិទ​អាជីវកម្ម​រកស៊ី​ផ្លូវភេទ និង​ផ្ទះបន ដូច្នេះ នារី​រកស៊ី​លក់ខ្លួន​មួយចំនួន​ត្រូវ​ប្តូរ​ទៅ​បម្រើសេវា​កម្សាន្ត​តាម​ហាង ឬ​ខារ៉ាអូខេ​ជំនួស​វិញ។
អ្នកស្រី អ៊ូ ទេព​ផល្លី​ន ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា នារី​ដែល​បម្រើសេវា​កម្សាន្ត​តាម​ហាង​ពេល​រាត្រី​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ដូចជា បញ្ហា សុខភាព បៀតបៀន​ផ្លូវភេទ អំពើហិង្សា និង​ការរើសអើង​ពី​សំណាក់​មហាជន​ទូទៅ។
មាន​មែន​នារី​បម្រើ​សេវាកម្ម​កម្សាន្ត«លក់ខ្លួន»។ ប៉ុន្តែ​ស្ត្រី​ខ្លះ​មិន​លក់ខ្លួន​ដាច់ខាត លក់​តែ​សម្រស់ និង​សេវាកម្ម​ប៉ុណ្ណោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com