COVID-19
អន្តរជាតិ
ដោយសារ COVID-19 កិច្ចប្រជុំ G20 នៅ​អា​រ៉ា​ប៊ី​សា​អូឌីត នឹងធ្វើ​ឡើង​តាម​ប្រព័ន្ធ​វីដេអូ​
29, Sep 2020 , 7:29 pm        
រូបភាព
កិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) តាមប្រព័ន្ធវីដេអូ នៅខែមីនា ឆ្នាំ២០២០។ រូបភាព៖ AFP
កិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) តាមប្រព័ន្ធវីដេអូ នៅខែមីនា ឆ្នាំ២០២០។ រូបភាព៖ AFP
​កិច្ចប្រជុំ​កំពូល​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​២០ (G20) ដែល​គ្រោង​ប្រារព្ធ​នៅ​ទីក្រុង​រី​យ៉ា​ដ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត នឹង​ផ្លាស់ប្តូរ​ទៅ​ធ្វើតាម​ប្រព័ន្ធ​វីដេអូ​វិញ ដោយសារតែ COVID-19​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​ដែល​បាន​បង្ហោះ​លើ​វេ​ប​សាយ G20 នៅ​ថ្ងៃទី​២៨ ខែកញ្ញា​។ កិច្ចប្រជុំ​នេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២១ និង​២២ ខែវិច្ឆិកា​ខាងមុខ​។


​ក្នុង​សេចក្តីថ្លែងការណ៍​របស់​អា​រ៉ា​ប៊ី​សា​អូឌីត ដែលជា​ប្រធាន​ផ្លាស់​វេន​នៃ​កិច្ចប្រជុំ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​២០ របៀបវារៈ​ក្នុង​កិច្ចប្រជុំ​ខែវិច្ឆិកា​ខាងមុខ នឹង​ផ្តោតលើ​ការការពារ​ជីវិត​ប្រជាជន និង​ស្តារ​សេដ្ឋកិច្ច បញ្ហា​រងគ្រោះ​ដោយសារ​COVID-19 និង​ការដាក់ចេញ​ផែនការ​មូលដ្ឋាន​អនាគត​មួយចំនួន​។ 
 
​ការផ្លាស់ប្តូរ​កិច្ចប្រជុំ​ពី​ទីក្រុង​រី​យ៉ា​ដ អា​រ៉ា​ប៊ី​សា​អូឌីត មក​ធ្វើតាម​ប្រព័ន្ធ​វីដេអូ​បែបនេះ ធ្វើឡើង​ដោយសារតែ COVID-19 នៅតែ​បន្ត​រាតត្បាត​លើ​ពិភពលោក​។ កន្លងមក មិន​ត្រឹមតែ​កិច្ចប្រជុំ G20 ទេ ដែល​ត្រូវធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ សូម្បីតែ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៥ ក៏​កំពុង​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ​ដែរ​។ 
 
​តាមរយៈ​កិច្ចប្រជុំ​វិសាមញ្ញ​កាលពី​ខែមីនា​កន្លងទៅ មេដឹកនាំ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​២០ បាន​សន្យា​ផ្តល់​ថវិកា​ជាច្រើន​ពាន់​លាន​ដុល្លារ​។ បើតាម​សេចក្តីថ្លែងការណ៍​ខាងលើ ក្រុម​ប្រទេស​G20 បានផ្តល់​ទឹកប្រាក់​ច្រើនជាង ១១​ទ្រី​លាន​ដុល្លារ ដើម្បី​ការពារ​សេដ្ឋកិច្ច​សកល និង​២១​ពាន់​លាន​ដុល្លារ ដើម្បី​គាំទ្រ​ការអភិវឌ្ឍ​វ៉ាក់សាំង និង​ផ្នែក​វេជ្ជសាស្ត្រ​ផ្សេងទៀត​។ 
 
​បន្ថែម​ពីលើ​នេះ ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​២០ នេះ ក៏បាន​ចាប់ផ្តើម​គម្រោង​ផ្អាក​យក​បំណុល​ពី​ក្រុម​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច​ផងដែរ ដែល​អនុញ្ញាត​ឲ្យ​ពន្យារពេល​សង​បំ​ណុ​ស​ប្រមាណ ១៤​ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំនេះ​។ 
 
​សូមបញ្ជាក់ថា អារ៉ាប់​ប៊ី​សា​អូឌីត នឹង​បញ្ចប់​ជា​ប្រធាន​ផ្លាស់​វេន​G20 នៅ​ខែវិច្ឆិកា​ខាងមុខ​ផងដែរ​។ ប្រទេស​បន្ទាប់ ដែល​ត្រូវ​ធ្វើជា​ប្រធាន​ផ្លាស់​វេន គឺ​អ៊ីតាលី​សម្រាប់​ឆ្នាំ​២០២១៕

Tag:
 G20
© រក្សាសិទ្ធិដោយ thmeythmey.com