កីឡាជាតិ
ជាតិ
លោក Mitsumaru អាច ក្លាយជា​គ្រូបង្វឹក​អ្នកចាំទី​ក្រុម​ជម្រើសជាតិ បើ​មាន​សមត្ថ​ភាពខ្លាំង​
29, Sep 2020 , 4:16 pm        
រូបភាព
លោក Toshihiro Mitsumaru ធ្លាប់មាន​បទពិសោធន៍​បង្វឹកនៅជប៉ុន និងនេប៉ាល់។ រូបថត FFC
លោក Toshihiro Mitsumaru ធ្លាប់មាន​បទពិសោធន៍​បង្វឹកនៅជប៉ុន និងនេប៉ាល់។ រូបថត FFC
ដោយ:
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានតែងតាំង​លោក Toshihiro Mitsumaru ឲ្យ​ធ្វើជា​គ្រូបង្វឹក​អ្នកចាំទី​របស់​សាលា​បាល់ទាត់​ជាតិ​បាទី និង​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​។ គ្រូបង្វឹក​វ័យ​២៧​ឆ្នាំ​រូបនេះ មាន​បទពិសោធ​ធ្លាប់​បង្វឹក​យុវជន​អ្នកចាំទី​នៅ​ប្រទេស​កំណើត​(​ជប៉ុន​) និង​ក្រុម​ជម្រើសជាតិ​នេ​ប៉ាល់​។

 
​បើតាម​លោក កែវ សារ៉េត អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ការតែងតាំង​លោក Toshihiro Mitsumaru មិនមែន​មានន័យថា គ្រូបង្វឹក​អ្នកចាំទី​ចាស់​គឺ​លោក អ៊ុក ចំ​រ៉ុង លាឈប់ ឬ​ត្រូវបាន​សហព័ន្ធ​បញ្ចប់​កិច្ចសន្យា​នោះទេ ពោលគឺ​ដើម្បី​ជួយ​ពង្រឹងសមត្ថភាព​យុវជន​អ្នកចាំទី​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​។ បុរស​ជនជាតិ​ជប៉ុន​រូបនេះ មាន​សញ្ញាបត្រ​គ្រូបង្វឹក​កម្រិត C (​នៅ​ប្រទេស​ជប៉ុន​) ដែល​អាចមាន​សក្តានុពល​ខ្ពស់​ក្នុងការ​បង្វឹក និង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ដល់​គ្រូបង្វឹក​អ្នកចាំទី​កម្ពុជា​។ 
 
​អគ្គលេខាធិការ​រូបនេះ​បាន​បន្ថែមថា សហព័ន្ធ អាច​នឹង​ពិចារណា​ក្នុងការ​ដំឡើង​តួនាទី​គ្រូបង្វឹក​វ័យ​២៧​រូបនេះ ឲ្យ​ធ្វើជា​គ្រូបង្វឹក​អ្នកចាំទី​របស់​ក្រុម​ជម្រើសជាតិ​ឈុត​ធំ បើ លោក អាច​បង្វឹក​យុវជន​អ្នកចាំទី​របស់​សាលា​បាល់ទាត់​ជាតិ​បាទី និង​ក្រុម​ជ្រើស​ជាតិ​អាយុ​ក្រោម​១៩​មានការ​រីកចម្រើន និង​ទទួលបាន​លទ្ធផល​ល្អ​។ 
 
​ផ្ទុយទៅវិញ លោក អាច​នឹងត្រូវ​បាន​សហ​ព័ន្ធ​បញ្ចប់​កិច្ចសន្យា​មុនពេល​វេលា​កំណត់ ប្រសិនបើ​ការ​បង្វឹក​របស់លោក​ពុំ​សូវ​ទទួលបាន​លទ្ធផល​ល្អ ដ្បិត​ការចូលរួម​របស់លោក​គ្រាន់តែ​ជាការ​សាកល្បង​តែប៉ុណ្ណោះ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក កែវ សារ៉េត ដែល​បាន​បន្ថែមថា លោក អ៊ុក ចំ​រ៉ុង ដែលជា​គ្រូបង្វឹក​អ្នកចាំទី​ចាស់ នឹង​ធ្វើជា​ជំនួយការ​របស់លោក Toshihiro Mitsumaru ដើម្បី​សិក្សា​ពីបទ​ពិសោធន៍​ថ្មីៗ សម្រាប់​អភិវឌ្ឍន៍​សមត្ថភាព​បន្ថែម​។  
 
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ នេះ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន ដើម្បី​ប្រកាស​ពី​ការតែងតាំង​គ្រូបង្វឹក​អ្នកចាំទី​ជនជាតិ​ជប៉ុន​លោក Toshihiro Mitsumaru ជា​គ្រូបង្វឹក​អ្នកចាំទី​ប្រចាំ​សាលា​បាល់ទាត់​ជាតិ​បាទី និង​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​។​
 
​ស្ថិតក្នុង​វ័យ​២៧​ឆ្នាំ​លោក Toshihiro Mitsumaru ហាក់​ជោគជាំ​ជាមួយ​ការ​បង្វឹក​ក្រុមយុវជន ដោយ​លោក​ធ្លាប់​បង្វឹក​យុវជន​អ្នកចាំទី​នៅ​ប្រទេស​ជប៉ុន និង​បានរួម​ចំណែក​ជួយ​ក្នុង​ក្រុម​ជម្រើសជាតិ​នេ​ប៉ាល់ មុន​ផ្ទេរ​មក​កម្ពុជា​។ លោក កែវ សារ៉េត រំពឹងថា គ្រូបង្វឹក​រូបនេះ នឹង​អាចជួយ​បង្វឹក​យុវជន និង​បណ្តុះបណ្តាល​គ្រូបង្វឹក​អ្នកចាំទី​កម្ពុជា​ឲ្យ​មាន​សមត្ថភាព​កាន់តែ​រីកចម្រើន​៕   
 
 

Tag:
 ​បាល់ទាត់​
  Toshihiro Mitsumaru
© រក្សាសិទ្ធិដោយ thmeythmey.com