ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ការបំភិតបំភ័យនៅកម្ពុជា ស្ថិតក្នុងរបាយការណ៍នៃប្រមុខអង្គការសហប្រជាជាតិ
30, Sep 2020 , 2:04 pm        
រូបភាព
លោក ហ្គូតេរ៉េស ថ្លែងក្នុងសន្និសីទកាសែត នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ (រូបពី AFP)
លោក ហ្គូតេរ៉េស ថ្លែងក្នុងសន្និសីទកាសែត នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ (រូបពី AFP)
លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ នឹងធ្វើបទបង្ហាញពីរបាយការណ៍ប្រចាំឆ្នាំរបស់លោក ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សតាមបណ្តានានា រួមទាំងកម្ពុជាផងដែរ ទៅកាន់កិច្ចប្រជុំលើកទី៤៥នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។ របាយការណ៍របស់លោក គឺស្តីពីការបំភិតបំភ័យ និងការសងសឹករបស់អាជ្ញាធរ ទៅលើអ្នកដែលបានសហការជាមួយអង្គការសហប្រជាជាតិ។



ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា (OHCHR) បានស្រង់របាយការណ៍របស់លោក ហ្គូតេរ៉េស ទៅបង្ហោះលើទំព័រហ្វេសប៊ុកថា លោក ហ្គូតេរ៉េស នឹងលើកពីការសងសឹកនិងការបំភិតបំភ័យនៅកម្ពុជា ដែលធ្វើឡើងដោយមន្រ្តីសន្តិសុខ ប្រឆាំងនឹងអ្នកចូលរួមធ្វើការងារជាមួយអង្គការសហប្រជាជាតិ ឬតំណាងរបស់ខ្លួន ទៅធ្វើជាឧទាហរណ៍ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស។

របាយការណ៍របស់លោក ហ្គូតេរ៉េស ដែលត្រូវបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ សរសេរដូច្នេះថា៖«តំណាងអង្គការសង្គមស៊ីវិលខ្លះ មិនហ៊ានបង្ហាញអត្តសញ្ញាណទៅក្រសួងមហាផ្ទៃ ថាពួកគេ ធ្វើការងារជាមួយអង្គការសហប្រជាជាតិឡើយ ដោយសារតែពួកគេ បារម្ភពីការសងសឹក។ ជនរងគ្រោះមួយចំនួនទៀត ដែលជាប់ឃុំ មិនហ៊ានទទួលជំនួយពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាតិ ហើយពួកគេ ក៏មិនហ៊ានរាយការណ៍ពីករណីរបស់ពួកគេ ទៅកាន់តំណាងអង្គការសហប្រជាជាតិដែរ»។

របាយការណ៍របស់លោក ហ្គូតេរ៉េស គឺទទួលបានពីប្រភពសំខាន់ៗមួយចំនួន ដូចជា ប្រភពពីអ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា និង ប្រភពពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ជាដើម។

អ្នកស្រី រ៉ូណា ស្មីត បង្ហោះព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុកថា អ្នកស្រី ក៏នឹងបង្ហាញរបាយការណ៍របស់អ្នកស្រី ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ទៅកាន់កិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែរ នៅថ្ងៃទី១ ខែតុលា។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់ទុក ការប្រើពាក្យសងសឹក ក្នុងរបាយការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ថាជាការប្រមាថលើប្រជាពលរដ្ឋនិងអាជ្ញាធរកម្ពុជា។ លោក បន្ថែមថា ការប្រើពាក្យនេះ គឺហាក់ដូចជា រដ្ឋាភិបាលកម្ពុជា យកប្រជាពលរដ្ឋ ធ្វើជាសត្រូវ។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា អ្នកនាំពាក្យនគរបាលជាតិ ថ្លែងថា៖«សម្តីហ្នឹង យើងទទួលយកមិនបានទេ។ វា អត់អាចអាជ្ញាធរ រដ្ឋអំណាចណា ទៅយកប្រជាពលរដ្ឋខ្លួនឯង ធ្វើជាសត្រូវទេ ព្រោះអាជ្ញាធរ រដ្ឋអំណាច រឹងមាំដោយសារប្រជាពលរដ្ឋគាំទ្រ។ អ៊ីចឹង ការសរសេរ [របាយការណ៍ហ្នឹង] គឺសរសេរតាមការស្រមើស្រមៃ តាមតែការនឹកឃើញ ធ្វើម៉េចទម្លាក់កំហុសហ្នឹងឲ្យធ្ងន់មកលើរដ្ឋាភិបាល [កម្ពុជា] វា អត់មានការពិត។ នេះជាទស្សនៈផ្ទាល់របស់ខ្ញុំ ក្នុងនាមជាកងកម្លាំង មិនមែនជាអ្នកនយោបាយទេ»។

សម្រាប់ខ្លួនលោកផ្ទាល់ លោក មិនចង់ឆ្លើយតបអ្វីច្រើនឡើយ ចំពោះរបាយការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដ្បិតលោកយល់ថា កម្ពុជា រងការចោទប្រកាន់បែបនេះរាប់ឆ្នាំមកហើយ មិនមែនទើបតែពេលនេះទេ។ លោក លើកឡើងថា កម្ពុជា តែងធ្វើរបាយការណ៍ពន្យល់តបទៅវិញ តែអង្គការអន្តរជាតិ ដែលតែងចោទកម្ពុជា ពីការរំលោភសិទ្ធិមនុស្ស មិនដែលទទួលយកការពិតឡើយ។ លោក បញ្ជាក់ថា៖«អ្វីដែលយើងធ្វើ គឺអនុវត្តតាមច្បាប់ទាំងអស់ [តែ] គាត់អត់ព្រមស្វែងរកការពិត អត់ព្រមទទួលយកការកពិត»។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗថា លោក ក៏បានអានរបាយការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិដែរ។ លោក មើលឃើញថា របាយការរបស់លោកអគ្គលេខាធិការ គឺពឹងផ្អែកលើរបាយការណ៍របស់អ្នកស្រី រ៉ូណា ស្មីត។

អ្នកនាំពាក្យរដ្ឋាភិបាល អះអាងថា តំណាងកម្ពុជាប្រចាំនៅទីស្នាក់ការអង្គការសហប្រជាជាតិ នឹងពន្យល់ត្រឡប់ទៅវិញ ដើម្បីបង្ហាញថា របាយការណ៍របស់លោកអគ្គលេខាធិការ គឺខ្វះមូលដ្ឋាន។ លោក មានប្រសាសន៍ថា៖«ការលើកឡើង [ក្នុងរបាយការណ៍] ហ្នឹ មិនឆ្លើយតប មិនឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជាទេ»។

តាមរយៈរបាយការណ៍របស់ខ្លួន លោក ហ្គូតេរ៉េស លើកទឹកចិត្តដល់បណ្តាប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ ឲ្យគាំទ្រចំពោះសិទ្ធិនិងការប្រាស្រ័យទាក់ទងជាមួយស្ថាប័នអន្តរជាតិ ដោយមិនមានការរារាំង។ លោកអគ្គលេខាធិការ ថែមទាំងអំពាវនាវដល់បណ្តាប្រទេសនានា ឲ្យយកចិត្តទុកដាក់លើអាជ្ញាធរមានសមត្ថកិច្ច អំពីការសងសឹក និងការបំភិតបំភ័យ ទៅលើអ្នកធ្វើការផ្នែកសិទ្ធិមនុស្ស៕

Tag:
 Antonio Guterres
  UN
  ក្រុមប្រឹក្សាសិទ្ធិមនុស្ស
  សិទ្ធិមនុស្សនៅកម្ពុជា
  ការបំភិតបំភ័យ
© រក្សាសិទ្ធិដោយ thmeythmey.com