ជាតិ
ពលរដ្ឋអាចធ្វើប័ណ្ណបើកបរអន្តរជាតិ សម្រាប់ប្រើប្រាស់នៅ៩៩ប្រទេស 
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ និងមណ្ឌលផ្ដល់សេវាសាធារណៈ នៅផ្សារជីបម៉ុង ណូរ៉ូម៉ល នៅថ្ងៃទី៣០ កញ្ញា ២០២០
×![]()
ភ្នំពេញ៖ ពលរដ្ឋអាចធ្វើប័ណ្ណបើកបរអន្តរជាតិ សម្រាប់ប្រើប្រាស់នៅក្រៅប្រទេសបាន។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសនៅក្នុងពិធីដាក់ដំណើការមជ្ឈមណ្ឌលចុះបញ្ជី ផ្ទេរកម្មសិទ្ធិ និងប្តូរបណ្ណបើកបររថយន្តនៅផ្សារទំនើបជីប ម៉ុង ណូរ៉ូម៉ល នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ពលរដ្ឋអាចយកប័ណ្ណបើកបរខ្លួនបច្ចុប្បន្ន ទៅដូរយកប័ណ្ណបើកបរកម្រិតអន្តរជាតិ ដោយចំណាយតម្លៃសេវាអស់តែ២៥ម៉ឺនរៀលប៉ុណ្ណោះ ដែលមានសុពលភាពប្រើប្រាស់រយៈពេល១ឆ្នាំ។ បើតាមលោក ស៊ុន ចាន់ថុល ប័ណ្ណបើកបរអន្តរជាតិនេះ ពលរដ្ឋអាយកទៅប្រើប្រាស់នៅប្រទេសចំនួន៩៩។
ថ្លែងចំពោះមុខអ្នកសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងសាធារណការរូបនេះ បាននិយាយដូច្នេះថា៖«៩៩ប្រទេសយើងយក(ប្រើបណ្ណបើកបរអន្តរជាតិ)ទៅបើកឡាននៅទីនោះបាន ដោយអត់មានបញ្ហាទេ។ នេះជាសមិទ្ធផលថ្មីមួយទៀត ដែលយើងបានផ្ដល់ជូនទៅប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរនៅបរទេស។ប័ណ្ណបើកបរអន្តរជាតិនេះ ជាស្ដង់ដារអន្តរជាតិ»។
បើតាមលោក ស៊ុន ចាន់ថុល ពលរដ្ឋអាចយកប័ណ្ណបើកបរខ្លួន ទៅប្ដូរនៅទីតាំងផ្ដល់សេវាប័ណ្ណបើកបររបស់ក្រសួង។ ប័ណ្ណបើកបរអន្តរជាតិនេះ ក៏មានតាមប្រភេទរថយន្តផងដែរ ក្នុងនោះមានប្រភេទ A, B, C ជាដើម។ ពលរដ្ឋអាចស្នើសុំប័ណ្ណបើកបរអន្តរជាតិតាមប្រភេទរថយន្តខ្លួន ហើយក្រសួងនឹងបោះត្រាលើប្រភេទរថយន្ត និងលើរូបថត របស់បុគ្គលស្នើសុំ។
បច្ចុប្បន្នការិយាល័យផ្ដល់សេវាប័ណ្ណបើកបរ ដែលស្ថិតនៅក្រោមចំណុះក្រសួងសាធារណការ និងដឹកជញ្ជូន មាន៣ទីតាំង គឺស្ថិតនៅផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ និងនៅផ្សារទំនើបណូរ៉ូម៉ល របស់ក្រុមហ៊ុន ជីប ម៉ុង ៕
Tag:
ប័ណ្ណបើកបរ
ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com