ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
សង្គម​ស៊ីវិល សិក្សា​ឃើញថា រដ្ឋាភិបាល ប្រើ​យុទ្ធសាស្ត្រ​ប្តឹង ដើម្បី​ប្រឆាំង​ការចូលរួម​សាធារណៈ​
30, Sep 2020 , 6:09 pm        
រូបភាព
ប្រជាពលរដ្ឋ ​នាំគ្នា​លើបដា និងស្រែកតវ៉ានៅមុខតុលាការភ្នំពេញ សុំឲ្យដោះលែងលោក រ៉ុង ឈុន។ រូបថត AFP
ប្រជាពលរដ្ឋ ​នាំគ្នា​លើបដា និងស្រែកតវ៉ានៅមុខតុលាការភ្នំពេញ សុំឲ្យដោះលែងលោក រ៉ុង ឈុន។ រូបថត AFP
​​អង្គការ​សង្គម​ស៊ីវិល​បួន​នៅ​កម្ពុជា គឺ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) មជ្ឈមណ្ឌល​សាមគ្គីភាព (Solidarity Center) មជ្ឈមណ្ឌល​អន្តរជាតិ​ដើម្បី​ច្បាប់​ដោយ​មិន​យក​កម្រៃ (ICNL) និង សមាគម​អាដហុក (ADHOC) បានចេញ​ផ្សាយ​សលាក​ប័ត្រ​ព័ត៌មាន​រួមគ្នា​មួយ ក្រោម​ចំណងជើង​ថា «​យុទ្ធសាស្ត្រ​បណ្តឹង​ផ្លូវច្បាប់ ប្រឆាំងនឹង​ការចូលរួម​ជា​សាធារណៈ​»។



​សលាក​ប័ត្រ​ព័ត៌មាន ពន្យល់ថា យុទ្ធសាស្ត្រ​បណ្តឹង​ផ្លូវច្បាប់ ប្រឆាំងនឹង​ការចូលរួម​ជា​សាធារណៈ គឺជា​បណ្តឹង ដែល​ធ្វើឡើង​ដោយ​ចេតនា ដើម្បី​បំបាក់ទឹកចិត្ត បំភិតបំភ័យ រំខាន និង បំបិទ​សំឡេង​រិះគន់​។ សលាក​ប័ត្រ​ព័ត៌មាន បន្តថា យុទ្ធសាស្ត្រ​បណ្តឹង​ផ្លូវច្បាប់​នេះ ត្រូវបាន​ប្រើប្រាស់​ដោយ​ស្ថាប័ន​មានអំណាច ដូចជា រាជរដ្ឋាភិបាល​ឬ​អ្នកមានអំណាច​។ 
 
​សលាក​ប័ត្រ​ព័ត៌មាន សរសេរថា​៖«​យុទ្ធសាស្ត្រ​បណ្តឹង​ផ្លូវច្បាប់​នេះ បានធ្វើ​ឲ្យ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុងសង្គម ធ្លាក់ចុះ ដោយសារតែ​ការភ័យខ្លាច​ជាប់ពន្ធនាគារ និង​ខ្លាច​បង្ក​ជា​បន្ទុក​ធ្ងន់ធ្ងរ​ផ្នែក​ថវិកា ក្នុងការ​ចំណាយ​លើ​សេវា​ច្បាប់​និង​ការពិន័យ​ប្រាក់​ផ្សេងៗ​។ យុទ្ធសាស្ត្រ​បណ្តឹង​ផ្លូវច្បាប់​នេះ ត្រូវបាន​យកមកប្រើ​ប្រាស់​ជា​យុទ្ធសាស្ត្រ​មួយ ក្នុងការ​បំភិតបំភ័យ​បុគ្គល តួអង្គ​សង្គម​ស៊ីវិល ថ្នាក់ដឹកនាំ​សហគមន៍ អ្នកកាសែត និង អ្នកការពារ​សិទ្ធិមនុស្ស ឲ្យ​ភ័យខ្លាច​និង​ស្ងៀមស្ងាត់​»​។  
 
​លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​ការសិក្សា​របស់​សង្គម​ស៊ីវិល​ខាងលើ ថា​ជាការ​សិក្សា​តែមួយ​ចំហៀង ដែល​លោក ទំនងជា​ចង់​មានន័យថា ជាការ​សិក្សា​ដែល​មិន​គ្រប់​ជ្រុងជ្រោយ​។ លោក ប្រាប់​ទៅ​សង្គម​ស៊ីវិល ឲ្យ​សិក្សា​ស្រាវជ្រាវ​ពី​ក្រុម​ខ្លួន​ផងដែរ ថា​តើ​សកម្មភាព​ណា ជាការ​អនុវត្ត​សិទ្ធិ ហើយ​សកម្មភាព​ណា ជា​ការបំពានច្បាប់​។ 
 
​លោក បញ្ជាក់ថា បើ​សកម្មភាព​ណា មិនមែនជា​ការអនុវត្ត​សិទ្ធិសេរីភាព និង​មិនមែន​ជាការ​អនុវត្តតាម​តួនាទី​ជា​សង្គម​ស៊ីវិល តែ​ផ្ទុយទៅវិញ ជា​សកម្មភាព​បំពាន​ច្បាប់ គឺ​ពួកគេ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​ផ្លូវច្បាប់​។ លោក មានប្រសាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០​ថា​៖«​រដ្ឋាភិបាល អត់​មាន​ជ​ម្រើ​ស្តី យន្តការ​ស្របច្បាប់​ណា​ផ្សេង​ទេ ក្រៅពី​យន្តការ​តុលាការ​»​។ 
 
​លោក ជិន ម៉ា​លីន ដែលមាន​តួនាទី​ជា​អ្នកនាំពាក្យ​នៃ​ស្ថាប័ន​រដ្ឋាភិបាល​ទាំងពីរ​ដែរនោះ អធិប្បាយ​ទៀតថា រាល់​ប្រទេស​ប្រជាធិបតេយ្យ តែង​ប្រើ​យន្តការ​ច្បាប់ ទៅលើ​សកម្មភាព​ខុសច្បាប់​។ លោក បន្ថែមថា  មានតែ​ប្រទេស​ផ្តាច់ការ​ទេ ដែល​ប្រើ​កម្លាំង​ត​ទាល់​គ្នា​។ 
 
​អ្នកនាំពាក្យ​រូបនេះ ថ្លែងថា​៖«​ការប្រើ​យន្តការ​តុលាការ មិនមែន​ដើម្បី​រឹតត្បិត​សិទ្ធី​សេរីភាព​អី​ទេ គឺ​ដើម្បី​អនុវត្ត​ច្បាប់​។ ឲ្យ​តែ​យើង ប្រព្រឹត្ត​លើ្ម​ស​ទៅនឹង​ច្បាប់ អាហ្នឹង​ត្រូវ​ទទួលខុសត្រូវ​ទៅតាម​ផ្លូវច្បាប់ ហើយ​ដោះស្រាយ​គ្នា​តាមផ្លូវ​តុលាការ អាហ្នឹង​មានតែ​ប៉ុណ្ណឹង​»​។ 
 
​ទិន្នន័យ ដែល​បង្ហាញ​ក្នុង​សលាក​ប័ត្រ​ព័ត៌មាន ត្រូវបាន​ចងក្រង​ដោយ​គម្រោង​មួយ ហៅថា «​គម្រោង​ឃ្លាំមើល​សេរីភាព​មូលដ្ឋាន​» ហើយ​ត្រូវបាន​អនុវត្ត​រួមគ្នា ដោយ​អង្គការ​សង្គម​ស៊ីវិល​ទាំង​បួន​ខាងលើ​។ អង្គការ​ស​ង្គ​ស៊ីវិល បាន​ប្រើពេល​មួយឆ្នាំ គឺ​ចាប់ពី​ខែមេសា ឆ្នាំ​២០១៩ ដល់​ខែមីនា ឆ្នាំ​២០២០ ក្នុងការ​អនុវត្ត «​គម្រោង​ឃ្លាំមើល​សេរីភាព​មូលដ្ឋាន​» ហើយក៏​បានចេញ​សលាក​ប័ត្រ​ព័ត៌មាន​ស្តីពី «​យុទ្ធសាស្ត្រ​បណ្តឹង​ផ្លូវច្បាប់ ប្រឆាំងនឹង​ការចូលរួម​ជា​សាធារណៈ​» នៅ​ចុងខែ​កញ្ញា ឆ្នាំ​២០២០​នេះ​។ 
 
​ក្នុង​រយៈពេល​មួយឆ្នាំ​នេះ អង្គការ​សង្គម​ស៊ីវិល​ទាំង​បួន រកឃើញថា ការប្រើ​យុទ្ធសាស្ត្រ​បណ្តឹង​ផ្លូវច្បាប់​នេះ មាន​ដល់​ទៅ​១៣២​ដង ដោយ​ក្នុងនោះ មនុស្ស​១៧២​នាក់ ត្រូវបាន​កោះហៅ ១៣៧​នាក់ ត្រូវបាន​ចាប់ខ្លួន ១៦៨​នាក់ ត្រូវបាន​ចោទប្រកាន់ និង ៧​នាក់ ត្រូវបាន​ផ្តន្ទាទោស​៕ 
 

Tag:
 NGO
  ការស្រាវជ្រាវ​
  យុទ្ធសាស្ត្រ​បណ្តឹង​ផ្លូវច្បាប់​
© រក្សាសិទ្ធិដោយ thmeythmey.com