ជាតិ
សង្គមជាតិ
គ​.​ជ​.​ប ៖ សម្តី​អសុរោះ និងអសីលធម៌ របស់LDP ធ្វើឱ្យប៉ះពាល់​កិត្តិយស​ជាតិ
01, Oct 2020 , 12:29 pm        
រូបភាព
(ឆ្វេង)លោក ចិន ថុន អគ្គលេខាធិការគណបក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និងលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
(ឆ្វេង)លោក ចិន ថុន អគ្គលេខាធិការគណបក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និងលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ចាត់ទុក​សម្តី​អសុរោះ​របស់​មន្ត្រី​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ដែល​រិះគន់​មកលើ​ស្ថាប័ន​ខ្លួន ជា​ទង្វើរ​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​ជាតិ​។ គ​.​ជ​.​ប អះអាង​បែបនេះ ក្រោយពី LDP ចេញ​វីដេអូ​បកស្រាយ​ថា មន្ត្រី​បោះឆ្នោត និង​អាជ្ញាធរ​មូលដ្ឋាន រារាំង​ការចុះឈ្មោះ​ភ្នាក់ងារ​សង្កេតការណ៍​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដោយ​បំពាន​ច្បាប់ ។​


​គ​.​ជ​.​ប ច្រានចោល​ការចោទប្រកាន់ និង​ការប្រើប្រាស់​សម្តី​អសីលធម៌​របស់​តំណាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នា​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ កាលពី​ថ្ងៃទី​២៩ កញ្ញា រួមទាំង​ការបកស្រាយ​តាមរយៈ​វីដេអូ ប្រមាណ​៣​ម៉ោង ដែល​បាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​៣០ កញ្ញា​។ គ​.​ជ​.​ប ចាត់ទុក​ការចោទប្រកាន់ និង​បកស្រាយ​របស់ LDP នេះ ជាការ​ធ្វើ​បុរេវិនិច្ឆ័យ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ មកលើ​មន្ត្រី​លេខាធិការដ្ឋាន​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់​។​
 
​សេចក្តីបំភ្លឺ​របស់ គ​.​ជ​.​ប កាលពី​ថ្ងៃទី​៣០ កញ្ញា បាន​សរសេរ​ដូច្នេះ​ថា​៖«​ការនិយាយ​សម្តី​អសុរោះ​របស់​តំណាង​គណបក្ស LDP ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ជាតិ និង​គ​.​ជ​.​ប ដែលជា​ស្ថាប័ន​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​និង​ដែលនាំឱ្យ​មានការ​ភាន់ច្រឡំ បាត់​ទំនុកចិត្ត​លើ​ការបោះឆ្នោត ដូច​មានចែង​ក្នុង​មាត្រា​១៤២ នៃ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​»​។​
 
​តាមរយៈ​វីដេអូ​៣​ម៉ោង របស់​LDP កាលពី​ថ្ងៃទី​៣០ កញ្ញា បានចេញ​បកស្រាយ​ថា មន្ត្រី​បោះឆ្នោត និង​អាជ្ញាធរ​មូលដ្ឋាន រារាំង​ការចុះឈ្មោះ​ភ្នាក់ងារ​សង្កេតការណ៍​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដោយ​បំពាន​ច្បាប់ ។ ក្នុង​វីដេអូ​នោះ លោក អ៊ី សាំង​ឡេង មន្ត្រី​LDP បាន​បកស្រាយ​ថា គណបក្ស​ខ្លួន បាន​ជួប​ការលំបាក​ក្នុងការ​ចុះឈ្មោះ​ភ្នាក់ងារ​អង្កេត​ការណ៍​បោះឆ្នោត ដោយ​មន្ត្រី​ក្រុមប្រឹក្សា ឃុំ និង គ​.​ជ​.​ប មិន​យកចិត្តទុកដាក់​បំពេញ​ការងារ និង​មិន​អើពើ​លើ​ការចុះឈ្មោះ​របស់ LDP ។ មិនតែប៉ុណ្ណោះ​លោក អ៊ី សាំង​ឡេង ក៏បាន​អះអាង​ទៀតថា ក្រុមប្រឹក្សាឃុំ​ខ្លះ បែរជា​លេងល្បែង និង​ផឹកស៊ី នៅ​សាលាឃុំ ក្នុង​ម៉ោង​បំពេញការងារ​ទៀតផង​។​
 
​មន្ត្រី​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​តាំងពីដើម​រហូតដល់​ថ្ងៃនេះ គឺ​ពួកយើង​ព្យាយាម​តស៊ូ ដើម្បី​ចុះឈ្មោះ​ភ្នាក់ងារ​គណបក្ស​របស់​យើង​ដោយ​សន្តិវិធី ដោយ​ត្រឹមត្រូវ​។ យើង​ព្យាយាម​និយាយ​ដោះស្រាយ​យ៉ាង​ស្រួលបួល​បំផុត ប៉ុន្តែ​មន្ត្រី​បោះឆ្នោត​មិន​អើពើ​។ (LDP) កាន់​នីតិវិធី​ពន្យល់ មើល​ជាមួយគ្នា​(​មន្ត្រី​គ​.​ជ​.​ប​)​ហើយ និយាយ​នៅតែ​មិន​ស្ដាប់​គ្នា​បាន​ទៀត​។ អ៊ីចឹង គឺ​យើង​មើលឃើញថា នេះ​មិនមែនជា​រឿង​ចៃដន្យ​ទេ វា​ជា​ផែនការ​របស់គេ​ហើយ​»​។​
 
​តប​ការលើកឡើង​របស់​មន្ត្រី LDP នេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​អះអាងថា គ​.​ជ​.​ប មិនបាន​រារាំង​គណបក្សនយោបាយ​ណា ដែល​ចុះឈ្មោះ​អង្កេត​ការណ៍​បោះឆ្នោត​នោះឡើយ​។ លោក ហង្ស​ពុទ្ធា បាន​បន្ថែមថា LDP ទៅវិញ​ទេ ដែលមាន​ការយល់ច្រឡំ​ខ្លួនឯង ទាំង​ពេលវេលា​ចុះឈ្មោះ រួមទាំង​ការកែទម្រង់​នីតិវិធី​ចុះឈ្មោះ​អ្នក​អង្កេត​ការណ៍​បោះឆ្នោត ដែល​ផ្ទុយ​ពី​លក្ខខណ្ឌ​របស់ គ​.​ជ​.​ប ផងដែរ ពោលគឺ LDP ចង់ឱ្យ គ​.​ជ​.​ប ធ្វើតាម​លក្ខខណ្ឌ​ខ្លួន​ទៅវិញ​។ តែ​យ៉ាងណា​លោក ពុទ្ធា មិនអាច​បញ្ជាក់ថា លក្ខខណ្ឌ​អ្វីខ្លះ ដែល​LDP កែទម្រង់​ដើម នៃ គ​.​ជ​.​ប នោះទេ ។​
 
​អ្នកនាំពាក្យ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖« (LDP) គាត់​អត់​ព្រម​ប្រើ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហើយ​គាត់​បាន​បង្កើត​ទម្រង់​ខ្លួនឯង ដែលមាន​ព័ត៌មាន​មិន​គ្រប់គ្រាន់ អ៊ីចឹង​ការទទួល​ចុះបញ្ជី​ភ្នាក់ងារ​គណបក្ស​ហ្នឹង គឺ​មិនអាច​ទៅរួច ពីព្រោះ​នៅ​ស្ថាប័ន​ណាក៏ដោយ កាលណា​រៀបចំ​ទម្រង់​ដាក់ជូន​ទៅហើយ ទម្រង់​នោះ​ត្រូវតែ​បំពេញ​ត្រឡប់មកវិញ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ហើយ​(​គណបក្ស​)​មិនអាច​បង្កើត​ទម្រង់​ខ្លួនឯង ហើយ​ធ្វើឱ្យ​បាត់​អ្វីដែល គ​.​ជ​.​ប បានកំណត់​និង​ធ្វើការ​កត់ត្រា​នោះទេ​»​។​
 
​លោក ចិន ថុ​ន អគ្គលេខាធិការ​បក្ស LDP មិនទាន់​ចង់​ឆ្លើយតប​អ្វី​ទៅនឹង​ប្រតិកម្ម​របស់​គណៈកម្មាកា​រ​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ឡើយ​។ មន្ត្រីជាន់ខ្ពស់ LDP រូបនេះ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាងខ្លី​ថា​៖«​យើង​កំពុង​គិត​គ្នា​ថា ត្រូវ​ឆ្លើយតប​បែប​ម៉េច​! អត់​ទាន់​មាន​យោបល់​អី​ទេ​!»​។​
 
​តែ​យ៉ាង​ណាគ​.​ជ​.​ប ក៏បាន​ចាត់វិធានការ​សមស្រប និង​ណែនាំ​ដល់​មន្ត្រី​លេខាធិការដ្ឋាន​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់​រួចហើយ ចំពោះ​ការងារ​ពាក់ព័ន្ធ ដើម្បី​ពង្រឹង​ការងារ​ស្របតាម​បទបញ្ជា និង​នីតិវិធី សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ​។​
 
​ការចុះឈ្មោះ​អ្នក​អង្កេត​ការណ៍​បោះឆ្នោត​របស់​គណបក្សនយោបាយ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៤ កញ្ញា ដល់​ថ្ងៃទី​២១ ធ្នូ ឆ្នាំ​២០២០​។ នេះ​បើតាម​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប​៕

Tag:
 LDP
  គ​.​ជ​.​ប
© រក្សាសិទ្ធិដោយ thmeythmey.com