អន្តរជាតិ
សម្តេច​ប៉ាប បដិសេធ​ជំនួប​ជាមួយ​លោក ប៉ុ​ម​ប៉េ​អូ ព្រោះ​ព្យាយាម​អូស​វ៉ា​ទី​កង់​ឲ្យ​ចូល​ជម្លោះ​ជាមួយ​ចិន​
01, Oct 2020 , 8:29 pm        
រូបភាព
សម្តេចប៉ាបហ្វ្រង់ស៊ីស ប្រមុខបុរីវ៉ាទីកង់។ រូបភាព៖ AFP
សម្តេចប៉ាបហ្វ្រង់ស៊ីស ប្រមុខបុរីវ៉ាទីកង់។ រូបភាព៖ AFP
ដោយ:
​បុរី​វ៉ា​ទី​កង់ នៅ​ថ្ងៃទី​៣០ ខែកញ្ញា​បានប្រកាស​បដិសេធ​សំណើ​របស់​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ម៉ៃ ប៉ុ​ម​ប៉េ​អូ ដើម្បី​ចូលគាល់​សម្ដេច​ប៉ាប​ហ្វ្រ​ង់​ស៊ី​ស បុរី​រដ្ឋ​មួយ​នេះ​អះអាងថា ប្រមុខ​ការបរទេស​អា​មេ​រិ​ក ព្យាយាម​ទាញ​វិហារ​គ្រឹ​ស្ត​សាសនា​ឲ្យ​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ការបោះឆ្នោត​នៅ​អាមេរិក និង​ជម្លោះ​ជាមួយ​ចិន​។​

 
​បុរី​វ៉ា​ទី​កង់ ដែលជា​តំណាង​នៃ​វិហារ​សាសនា​និកាយ​កាតូលិក​ទូទាំង​ពិភពលោក នៅ​ថ្ងៃទី​៣០​ខែកញ្ញា បាន​បដិសេធ​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក ដោយ​មិន​ចង់​ពាក់ព័ន្ធ​នឹង​នយោបាយ​អាមេរិក និង​ក្រោយ​ប្រមុខ​ការទូត​អាមេរិក រិះគន់​កិច្ចព្រមព្រៀង​រវាង​បុរី​វ៉ា​ទី​កង់ និង​ចិន​។ នេះ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​លោក ប៉ុ​ម​ប៉េ​អូ ទៅដល់​ទីក្រុង​រ៉ូម​នៅ​ថ្ងៃទី​៣០ ខែកញ្ញា ហើយ​គ្រោង​មាន​ជំនួប​ជាមួយ​មន្ត្រី​បុរី​វ៉ា​ទី​កង់​នៅ​ថ្ងៃទី​១ ខែតុលា​។ ប៉ុន្តែ​លោក នឹងមិន​បាន​ជួប​សម្ដេច​ប៉ាប​ហ្វ្រ​ង់​ស៊ី​ស​ឡើយ​។ មន្ត្រីជាន់ខ្ពស់​បុរី​វ៉ា​ទី​កង់​ពីររូប បាន​អះអាងថា​សម្តេច​សង្ឃ​ប៉ាប​ហ្វ្រ​ង់​ស៊ី​ស បដិសេធ​ជំនួប​ជាមួយ​អ្នកនយោបាយ មុនពេល​បោះឆ្នោត​អាមេរិក​។ 
 
«​សម្តេច​សង្ឃ​មានបន្ទូល​ច្បាស់​ថា នឹងមិន​ទទួល​ជំនួប​ជាមួយ​អ្នកនយោបាយ​ឡើយ អំឡុងពេល​បោះឆ្នោត​»​។ រដ្ឋមន្ត្រី​ទទួលបន្ទុក​ការិយាធិបតេយ្យ កិច្ចការ​នយោបាយ និង​ការបរទេស​បុរី​វ៉ា​ទី​កង់ Pietro Parolin បញ្ជាក់​បែបនេះ​។ 
 
​នាពេល​កន្លងមក លោក ប៉ុ​ម​ប៉េ​អូ បាន​រិះគន់​សេរីភាព​សាសនា​នៅ​ចិន និង​ទំនាក់ទំនង​រវាង​ចិន និង​បុរី​វ៉ា​ទី​កង់ ក្នុង​សំណេរ​អត្ថបទ និង​នៅលើ​បណ្តាញ​សង្គម Twitter របស់លោក​។ លោក​អះអាងថា បុរី​វ៉ា​ទី​កង់ នឹងធ្វើ​ឲ្យ​អន្តរាយ​ដល់​អំណាច​សីលធម៌​របស់ខ្លួន ដោយ​បន្ត​កិច្ចព្រមព្រៀង​ជាមួយ​ចិន ក្នុងការ​តែងតាំង​មន្ត្រី​គ្រឹ​ស្ត​សាសនា​និកាយ​កាតូលិក​នៅ​ចិន​។​
 
​បុរី​វ៉ា​ទី​កង់ និង​ចិន​មាន​កិច្ចព្រមព្រៀង​រយៈពេល​២​ឆ្នាំ ដែល​ផ្តល់​អំណាច​មួយចំនួន​ឲ្យ​សម្តេច​ប៉ាប ក្នុងការ​តែងតាំង​មន្ត្រី​គ្រិស្តសាសនា​កាតូលិក​ដឹកនាំ​វិហារ​ចិន​។ កិច្ចព្រមព្រៀង​ខាងលើនេះ នឹងត្រូវ​បញ្ចប់​នៅ​ខែក្រោយ តែ​ត្រូវបាន​រំពឹងថា​នឹង​បន្ត​សុពលភាព​ជាថ្មី​។ សម្រាប់​បុរី​វ៉ា​ទី​កង់ កិច្ចព្រមព្រៀង​នេះ​មិនល្អ​ឥតខ្ចោះ​នោះទេ តែ​យ៉ាងហោចណាស់​វា​ប្រសើរ​ជាង​មុន ដ្បិតអី​គ្រឹ​ស្ត​សាសនិក​នៅ​ចិន​ដែល​រង​ការគាបសង្កត់​ដោយ​ចិន​នោះ លែង​ត្រូវ​បិទបាំង​ពី​ជំនឿ​របស់ខ្លួន​ដូចដែល​ធ្លាប់ធ្វើ​រាប់សិប​ឆ្នាំមុន​។​
 
​លោក Parolin និង​រដ្ឋមន្ត្រីការបរទេស​បុរី​វ៉ា​ទី​កង់ Paul Gallagher លើកឡើងថា ការរិះគន់​ទៅលើ​កិច្ចព្រមព្រៀង​ដោយ​ប្រមុខ​ការបរទេស​អាមេរិក គឺជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល ជាពិសេស​មុន​ជំនួប​ជាមួយ​មន្ត្រី​សង្ឃ​វ៉ា​ទី​កង់​។ លោក​Parolin បន្ថែមថា​កិច្ចព្រមព្រៀង​ខាងលើ​ពុំមាន​ទាក់ទង​អ្វី​ជាមួយ​នយោបាយ​អាមេរិក​ឡើយ ដោយ​នេះ​ជា​កិច្ចការ​របស់​វិហារ​កាតូលិក នឹងមិន​ត្រូវ​យកមក​បម្រើ​ប្រយោជន៍​នយោបាយ​ឡើយ​។​
 
​បុរី​វ៉ា​ទី​កង់ មិនមាន​ទំនាក់ទំនង​ការទូត​ជាមួយ​ចិន​ឡើយ ដោយនៅ​បន្ត​ទទួលស្គាល់​កោះ​តៃវ៉ាន់​។ ប៉ុន្តែ​កិច្ចព្រមព្រៀង​ខាងលើ ធ្វើ​ឲ្យ​មាន​ក្ដីបារម្ភ​ពី​សំណាក់​ក្រុង​តៃប៉ិ ព្រោះ​អាចជា​ការចាប់ផ្ដើម​បោះជំហាន​ទៅរក​ទំនាក់ទំនង​ផ្លូវការ​៕
 

Tag:
 អាមេរិក​
  បុរី​វ៉ា​ទី​កង់
© រក្សាសិទ្ធិដោយ thmeythmey.com