អន្តរជាតិ
កោះ​នូ​វែ​ល​កាឡេ​ដូ​នី ត្រៀម​ធ្វើ​ប្រជាមតិ​ផ្ដាច់ខ្លួន​ពី​បារាំង​ជាថ្មី​
01, Oct 2020 , 9:59 pm        
រូបភាព
ទង់ជាតិKanak របស់អ្នកទាមទារឯករាជ្យ(ឆ្វេង) និងទង់ជាតិបារាំង(ស្តាំ)។ រូបភាព៖ AFP
ទង់ជាតិKanak របស់អ្នកទាមទារឯករាជ្យ(ឆ្វេង) និងទង់ជាតិបារាំង(ស្តាំ)។ រូបភាព៖ AFP
ដោយ:
​នូ​វែ​ល​កាឡេ​ដូ​នី (New Caledonia) ដែន​កោះ​នាយ​សមុទ្រ​របស់​បារាំង ដែល​ស្ថិតនៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នឹ ង​ធ្វើ​ប្រជាមតិ​ប្រកាស​ឯករាជ្យ​ជា​លើក​ទី​២ នៅ​ថ្ងៃទី​៤ ខែតុលា​។ ប្រជាមតិ​ជា​លើក​ទី​២​នេះ ធ្វើឡើង​បន្ទាប់ពី​លទ្ធផល​ប្រជាមតិ​លើក​ទី​១ នៅ​ខែវិច្ឆិកា​ឆ្នាំ​២០១៨ បង្ហាញ​លទ្ធផល​ថា​ប្រជាជន​ជាង​ពាក់កណ្តាល​ចង់​រួមរស់​ជាមួយ​បារាំង​។​

 
​កោះ​នូ​វែ​ល​កាឡេ​ដូ​នី មាន​ទីតាំង​ស្ថិតនៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក ចម្ងាយ​ប្រមាណ១៨,០០០​​គីឡូម៉ែត្រ​ពី​បារាំង និង​២​ពាន់​គីឡូម៉ែត្រ​ពី​អូស្ត្រាលី នឹងធ្វើ​ប្រជាមតិ​ជាថ្មីទៀត​លើ​ការប្រកាស​ឯករាជ្យ​ពី​បារាំង បន្ទាប់ពី​ការ​ប្រជាមតិ​កាលពី​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ បង្ហាញថា ប្រជាជន​ដែល​ចូលរួម​ប្រជាមតិ​ចំនួន​៥៦​ភាគរយ ច្រានចោល​សំណើរ​ប្រកាស​ឯករាជ្យ​។​
 
​ដែន​កោះ​នេះ​អាចធ្វើ​ប្រជាមតិ​បាន ក្រោម​កិច្ចព្រមព្រៀង Noumea ឆ្នាំ ១៩៩៨ រវាង​រដ្ឋាភិបាល​បារាំង និង​មេដឹកនាំ​កោះ​នេះ​។  ក្រោម​កិច្ចព្រមព្រៀង​នេះ ប៉ារីស​ធ្វើ​មជ្ឈការ​អំណាច​ឲ្យ​កោះ​ដែលមាន​ផ្ទៃដី​១៨៥៧៦ គីឡូម៉ែត្រ​ការ៉េ និង​មាន​ប្រជាជន​ជិត​បី​សែន​នាក់​នេះ មាន​សិទ្ធិ​កាន់កាប់​កិច្ចការ​មួយចំនួន ហើយ​អនុញ្ញាត​ឲ្យ​រៀបចំ​ការធ្វើប្រជាមតិរ​ហូត​ដល់​ឆ្នាំ​២០២២​។ កិច្ចព្រមព្រៀង​ខាងលើ ក៏​បញ្ចប់​ផងដែរ​ជម្លោះ​រវាង​អ្នក​ចង់បាន​ឯករាជ្យ និង​អ្នក​ផ្តាច់ខ្លួន​ក្នុងអំឡុង​ឆ្នាំ​១៩៨០ ។​
 
​ប្រជាជន​ជិត​ដែល​រស់​នៅលើ​កោះ​នេះ បែង​ចែកចេញជា​សហគម​ន៍​ធំ​ពីរ​។ សហគមន៍​ជនជាតិដើម ដែលមាន​ឈ្មោះ Kanak និង​ជា​ក្រុម​ទាមទារ​ផ្តាច់ខ្លួន​ចេញពី​ការគ្រប់គ្រង​របស់​បារាំង ចំណែក​សហគមន៍​មួយទៀត​គឺ Caldoch ដែលជា​ក្រុម​ជនជាតិ​អឺរ៉ុប​ដែល​មក​រស់​នៅលើ​កោះ​នេះ​តាំងពី​សតវត្សរ៍​ទី​១៩ ហើយ​ដែល​ចង់​បន្ត​រស់នៅ​ក្រោម​ការគ្រប់គ្រង​របស់​បារាំង​។ 
 
​សហគមន៍ Kanak តំណាង​ឲ្យ​៣៩​ភាគរយ​នៃ​ប្រជាជន​សរុប រីឯ​សហគមន៍​Caldoch តំណាង​ឲ្យ​២៧​ភាគរយ​។ ចំណែក​ចំនួន​សេសសល់​គឺជា​ប្រជាជន​ជំនាន់​ថ្មី​ដែលជា​កូនកាត់​ពី​សហគមន៍​ខាងលើ និង​ដែល​ហៅ​ខ្លួនឯង​ថា ពួក​កាឡេ​ដូ​នី (Caledonian)​។ ដើម្បី​អាច​បោះឆ្នោត​ក្នុង​ប្រជាមតិ​ខែតុលា​បាន ប្រជាជន​នូ​វែ​ល​កាឡេ​ដូ​នី ត្រូវ​រស់នៅ​លើ​កោះ​នេះ​យ៉ាងហោចណាស់​២៥​ឆ្នាំ​ជាប់ៗ​គ្នា ឬ​កើត​ក្នុង​តំបន់​ដែល​គ្រប់គ្រង​រដ្ឋបាល​ដោយ​ជនជាតិដើម Kanak​។ 
 
 
​លោក Philippe Dunoyer ប្រធាន​បក្ស Caledonia Together ដែល​ចង់​រស់នៅ​ក្រោម​ការគ្រប់គ្រង​របស់​បារាំង​អះអាងថា បរិយាកាស​នយោបាយ​ពេលនេះ​អាប់អួរ និង​គ្មាន​ការសន្ទនា​គ្នា​អ្វី​ឡើយ​។ ប៉ុន្តែ​សម្រាប់​ក្រុម​ចង់បាន​ឯករាជ្យ​ដូច​បក្ស Kanak Liberation នូ​វែ​ល​កាឡេ​ដូ​នី​ពេលនេះ អាច​ចាត់ចែង​វាសនា​ខ្លួន​បាន​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Charles Washetine អ្នកនាំពាក្យ​បក្ស Kanak Liberation អះអាងថា ប្រទេស​របស់លោក​ចាស់​ទុំ​ល្មម​នឹង​អាច​កាន់កាប់​កិច្ចការ​របស់​ខ្លួនឯង​បាន​ហើយ​។​
 
​ជា​ដែនដី​បារាំង​នៅក្រៅ​ប្រទេស នូ​វែ​ល​កាឡេ​ដូ​នី ទទួល​ប្រាក់​១,៥​ពាន់​លាន​អឺរ៉ូ​ពី​រដ្ឋាភិបាល​ប៉ារីស​ប្រចាំឆ្នាំ​។ ក្នុង​កាលៈទេសៈ​ដែល​កោះ​នេះ​ជ្រើសរើស​ឯករាជ្យ កោះ​នេះ​នឹង​លែង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​នេះ​ទៀតហើយ​។ ការលែង​ទទួល​ប្រាក់​នេះហើយ ដែលជា​សេចក្តី​បារម្ភ​របស់​បក្ស​នយោបាយ​ចំនួន​៦​ដែល​ចង់​បន្ត​រួមរស់​ជាមួយ​បារាំង​។ លោក Gil Brial ប្រធាន​យុទ្ធនា​ការគាំទ្រ​ការបន្ត​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​បារាំង​អះអាងថា គេ​មិនអាច​រស់​ដោយ​គ្មាន​លុយ​បារាំង​បានឡើយ​។​
 
​បើសិនជា​នូ​វែ​ល​កាឡេ​ដូ​នី ក្លាយជា​ប្រទេស​ឯករាជ្យ រដ្ឋ​ថ្មី​នេះ​នឹងមាន​ផលិតផល​សរុប​ក្នុងស្រុក​សម្រាប់​ប្រជាជន​ម្នាក់ៗ​លំដាប់​ទី​៣០ លើ​ពិភពលោក​។ នូ​វែ​ល​កាឡេ​ដូ​នី ជា​ប្រទេស​ដែលមាន​រ៉ែ​នី​កែ​ល ប្រមាណ​១​ភាគ​៤ នៃ​ចំនួន​ដែល​ដែល​រកឃើញ​នៅ​ជុំវិញ​ពិភពលោក​។ រ៉ែ​នី​កែ​ល និង​ទេសចរណ៍ គឺជា​ចំណូល​ដ៏​ចម្បង​របស់​កោះ​នេះ ។​
 
​ក្រោម​កិច្ចព្រមព្រៀង Noumea បើសិនជា​ការធ្វើប្រជាមតិ​លើក​ទី​២ នៅតែ​ច្រាប​ដិ​សេធ​ការប្រកាស​ឯករាជ្យ​ទៀត អ្នករស់នៅ​លើ​កោះ​នេះ អាច​នឹងមាន​សិទ្ធិ​ធ្វើ​ប្រជាមតិ​លើក​ទី​៣ នៅ​ឆ្នាំ​២០២២៕
 

Tag:
 នូ​វែ​ល​កាឡេ​ដូ​នី​
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com