កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ទាក់ទង​ខ្ចី Dembele ពី Barca បើ​ទិញ Sancho មិនបាន​
01, Oct 2020 , 10:59 pm        
រូបភាព
Manchester United កំពុង​ទាក់ទង​ជាមួយ​ក្លិប Barcelona ជុំវិញ​ការខ្ចី​ខ្សែបម្រើ Ousmane Dembele សម្រាប់​រដូវ​កាល ២០២០-២១​នេះ​។ នេះ​បើតាម​ការ​បង្ហោះ​របស់លោក Fabrizio Romano អ្នកកាសែត​កីឡា​ដ៏​ល្បី​នៅលើ​បណ្តាញ​សង្គម Twitter របស់លោក​។ លោក Ole Gunnar Solskjaer ចង់យក Dembele ទៅកាន់ Old Trafford បើ​ចរចា​ទិញ Jadon Sancho ពី Dortmund មិនបាន​។​


 
​ក្លិប​បិសាច​ក្រហម​មិន​ចង់​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​ទិញ​ដាច់​យក Dembele ទេ ខណៈ​ខ្សែបម្រើរ​អន្តរជាតិ​បារាំង​រូបនេះ​ទើប​លេង​ឲ្យ Barcelona ចំនួន​៥២​ប្រកួត​ប៉ុណ្ណោះ ចាប់តាំងពី​ផ្ទេ​ពី Borussia Dortmund ក្នុង​ឆ្នាំ ២០១៧​។ ប៉ុន្តែ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​ចង់​លក់​កីឡាករ​នេះ​តែម្តង ដើម្បី​យកប្រាក់​សម្រាប់​អ្នកចាត់ការ​ថ្មី​លោក Ronald Koeman រៀបចំ​ក្រុម​ឡើងវិញ​។ នេះ​បើតាម​ការផ្សាយ​របស់​កា​រ​សែត The guardian​។​
 
​ស្របពេល​គ្នា​នេះ​លោក Koeman អ្នកចាត់ការ​សញ្ជាតិ​ហូ​ឡង់​បាន​និយាយ​ពី​ស្ថានភាព​របស់ Dembele ថា​៖ « គាត់​ល្អ​ខ្លាំងណាស់​នៅ​សប្តាហ៍​ដំបូង [​អំឡុងពេល​ប្រកួត​កំដៅ​សាច់ដុំ​] ប៉ុន្តែ​គាត់​បាន​ធ្លាក់ចុះ​វិញ​កាលពី​សប្តាហ៍​មុន​។ បច្ចុប្បន្ន​គាត់​ហ្វឹកហាត់​បានល្អ ប៉ុន្តែ​អ្វីៗ​ជាការ​សម្រេចចិត្ត​រប​ស់​ក្លិប និង​កីឡាករ​ផ្ទាល់​»​។​
 
​ដោយឡែក​លោក Solskjaer អ្នកចាត់ការ​ទូទៅ Man Utd បាន​បង្វែរ​ចំណាប់អារម្មណ៍​របស់ខ្លួន​ទៅ Dembele វិញ​បន្ទាប់ពី Dortmund បានបញ្ជាក់​ជាថ្មី​ថា​ពួកគេ​នឹងមិន​លក់ Sancho ខ្សែបម្រើ​ឆ្នើម​សញ្ជាតិ​អង់គ្លេស​ក្នុងតម្លៃ​ទាប​ជាង​១៤០​លាន​ដុល្លារ​អាមេរិក​ឡើយ​។​
 
​ប្រសិនបើ​អ្នកចាត់ការ​សញ្ជាតិ​ន័​រ​វែ​ស​អាច​ចរចា​ខ្ចី Dembele បាន​នោះ​បិសាច​ក្រហម​នឹងត្រូវ​បង់ប្រាក់​ឈ្នួល​ពេញ​ថ្លៃ​តែម្តង ហើយ​លក្ខខណ្ឌ​ខ្ចី​នេះ​ក៏​អាច​ឈានដល់​ការទិញ​ដាច់​តែម្តង​នៅ​ឆ្នាំក្រោយ​។ 
 
​យ៉ាងណាក៏ដោយ​ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស​២០​ម័​យ នឹង​ត្រូវមាន​ភារកិច្ច​បញ្ចុះបញ្ចូល​កីឡាករ​រូបនេះ​ឲ្យ​ផ្លាស់​ទៅលេង​នៅ​អង់គ្លេស​មួយ​ដំណាក់កាល​ទៀត​។ Dembele ធ្លាប់បាន​ប្តេជ្ញា​ថា​នឹង​ស្នាក់នៅ​ជាមួយ Barca បន្តទៀត ទោះបី​ខ្លួន​មិនទាន់​អាច​ក្លាយជា​តារា​ក្នុង​រយៈពេល​៣​ឆ្នាំកន្លងមក​នេះ​នៅ Camp Nou ក៏ដោយ​។​
 
​ក្រៅពី Man Utd ក្រុម Liverpool ក៏មាន​ចំណាប់​អារ​ម្មរណ៍​ចង់​ខ្ចី​ខ្សែបម្រើ​ស្លាប​វ័យ​២៣​ឆ្នាំនេះ​ផងដែរ​៕

Tag:
 Manchester United
  Barcelona
  Ousmane Dembele
© រក្សាសិទ្ធិដោយ thmeythmey.com