ជាតិ
បទសម្ភាសន៍
វីដេអូ
លោក សួង ម៉ារ​ឌី​៖ អ្នក​ថតរូប​រួមចំណែក​ផ្សព្វផ្សាយ​ទេសចរណ៍ និង​វប្បធម៌​ខ្មែរ​ច្រើន​
01, Oct 2020 , 11:29 pm        
រូបភាព
ភ្នំពេញ​៖ លោក សួង ម៉ារ​ឌី ជា​អ្នកជំនាញ​ថតរូប​ម្នាក់ ដែល​បាន​ចំណាយពេល​ជាច្រើន​ឆ្នាំ​មកហើយ ក្នុងការ​ផលិត​យក​ទិដ្ឋភាព​ស្អាតៗ នៅតាម​តំបន់​ទេសចរណ៍​នានា មក​ផ្សព្វផ្សាយ​ពី​ទេសចរណ៍ និង​វប្បធម៌​កម្ពុជា​។ លោក សប្បាយចិត្ត ដែល​បច្ចុប្បន្ន​មាន​អ្នក​ចូលចិត្ត និង​ចាប់យក​វិស័យ​ថតរូប​នេះ​ច្រើន ហើយ​ជាពិសេស​ទេសចរណ៍ និង​វប្បធម៌​កម្ពុជា ត្រូវបាន​ផ្សព្វផ្សាយ និង​ពិភពលោក​ស្គាល់​កាន់តែច្រើន តាមរយៈ​រូបថត​ទាំងអស់នោះ​។

 
 
 
​រយៈពេល​១០​ឆ្នាំ​ហើយ ដែល​លោក សួង ម៉ារ​ឌី បាន​ចំណាយពេល​ដើម្បី​ថតរូប​ទេសភាព នៅតាម​តំបន់​ទេសចរណ៍​នានា ក្នុងប្រទេស​កម្ពុជា​។ នៅពេល​លោក ចាប់ផ្តើម​ជំនាញ​នេះ​លើកដំបូង វា​ពិតជា​ពិបាក​ខ្លាំងណាស់​សម្រាប់​រូបលោក ព្រោះ​មិនសូវមាន​មនុស្ស​ចាប់អារម្មណ៍ ហើយ​រូបលោក ផ្ទាល់​ក៏​មិន​ទទួលបាន​ចំណូល ពី​អាជីព​មួយ​នេះដែរ​។ លោក ព្យាយាម​ខ្លាំង​មែន លើ​អាជីព​ជា​អ្នក​ថតរូប​នេះ ព្រោះ​លោក ស្រឡាញ់ និង​ចង់​លើកកម្ពស់​វិស័យ​ទេសចរណ៍​តាមរយៈ​ស្នាដៃ​របស់ខ្លួន​ផងដែរ​។ 


 
​លោក ម៉ារ​ឌី ប្រាប់ ThmeyThmey25 ដូច្នេះ​ថា​៖«​ខ្ញុំ​ចង់ទៅ​គាស់​រំលើង ក៏ដូចជា​ទៅ​ចាប់យក​រូបភាព​ដែល​កម្រ ដែល​ប្រជាជន​យើង​ទៅ​អត់​ដល់ ក៏ដូចជា​អ្វីដែល​ស្អាត ដែល​គាត់​ទៅ​ដែរ​មើលទៅ​អត់​ឃើញ​យើង​មើលឃើញ​។ ចឹ​ង​ឃើញ​អ្នក​ថតរូប​គាត់​មើលឃើញថា​កន្លែង​ហ្នឹង​ត្រូវ​ថត​ម៉េច​ឲ្យ​ស្អាត ចឹ​ង​យើង​ទៅយក​អា​អស់ហ្នឹង ដើម្បី​ផ្សព្វផ្សាយ​ទៅដល់​សហគមន៍​ក្នុងប្រទេស ក៏ដូចជា​សហគម​ន៍ខា​ង​ក្រៅប្រទេស បានន័យថា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​»​។ 
 
​លោក បន្តថា ប្រជា​សហគមន៍​នៅ​ទីនោះ នឹង​ទទួលបាន​ចំណូល​ពី​ភ្ញៀវទេសចរ​តាមរយៈ ការនាំ​ភ្ញៀវ ដឹក​ភ្ញៀវ និង​ធ្វើ​ម្ហូបអាហារ​ដល់​ភ្ញៀវទេសចរ​ជាដើម​។ លើសពីនោះ​ទៅទៀត ប្រជាជន​នឹង​អាច​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់ខ្លួន ពី​ការកាប់បំផ្លាញ​ព្រៃឈើ ដែលជា​សម្បត្តិ​ធម្មជាតិ មក​ធ្វើ​ការងារ​ទេសចរណ៍​វិញ ដោយ​គ្មាន​ក្ដីបារម្ភ​ពី​ការខុសច្បាប់​។ 


 
​បច្ចុប្បន្ន ការថត​រូបភាព​ឃើញថា មាន​យុវជន​ចាប់អារម្មណ៍ និង​ចូល​ចិត្តច្រើន ដែល​ធ្វើ​ឲ្យ​លោក សួង ម៉ារ​ឌី សប្បាយចិត្ត​ខ្លាំង ព្រោះ​តាមរយៈ​រូបភាព​ស្អាតៗ​ទាំងអស់នេះ គឺ​បានរួម​ចំណែក​យ៉ាងច្រើន​ដល់​វិស័យ​ទេសចរណ៍​។ លោក ចង់​ឲ្យ​មាន​អ្នក​ថតរូប​ច្រើន ដើម្បី​ជា​ចំណែក​ចូលរួម​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុងស្រុក​ឲ្យ​កាន់តែ​ទូលំទូលាយ​៕





Tag:
 សួង ម៉ារ​ឌី​
 ​អ្នក​ថតរូប​
 ​ទេសចរណ៍​
 ​វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com