កីឡាអន្តរជាតិ
អន្តរជាតិ
Lewandowski ក្លាយជាម្ចាស់ពានកីឡាករល្អបំផុតប្រចាំទ្វីបអឺរ៉ុប
02, Oct 2020 , 7:16 am        
រូបភាព
Robert Lewandowski ខ្សែប្រយុទ្ធឆ្នើម Bayern Munich ប្រជែងឈ្នះមិត្តរួមក្រុម Manuel Neuer និង Kevin de Bruyne របស់ Manchester City ដើម្បីក្លាយជាម្ចាស់ពានរង្វាន់កីឡាករឆ្នើមបំផុតប្រចាំឆ្នាំរបស់អឺរ៉ុប (UEFA Men's Player of the Year) ប្រចាំរដូវកាល ២០១៩-២០។ Lewandowski បានស្នងតំណែងនេះពី Virgil van Dijk ខ្សែការពារ Liverpool ដែលទទួលបានកាលពីឆ្នាំមុន។

 
ការប្រគល់ពាន UEFA Men's Player of the Year បានប្រព្រឹត្តធ្វើឡើង នៅយប់ថ្ងៃទី១ ខែតុលា ក្នុងប្រទេសស្វ៊ីស ពោលគឺស្របពេលពិធីចាប់ឆ្នោតរើសពូល UEFA Champions League រដូវកាលថ្មី ២០២០-២១ នេះផង។ 
 
 Lewandowski វ័យ៣២ឆ្នាំ បានក្លាយជាកីឡាករល្អបំផុតដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទ្វីបអឺរ៉ុប (UEFA) តាមរយៈការបោះឆ្នោតពីក្រុមគ្រូបង្វឹក ៦០រូប  និងអ្នកសារព័ត៌មាន៥៥នាក់ មកពីទូទាំងទ្វីបអឺរ៉ុប។ ខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញរូបនេះ ទទួលបានសំឡេងគាំទ្រ៤៧៧ ខណៈ Kevin De Bruyne បាន៩០សំឡេង និង Manuel Neuer បាន៦៦សំឡេង។
 
Lewandowski បានជួយក្រុមយក្សអាល្លឺម៉ង់ Bayern Munich ឈ្នះពាន Bundesliga, German Cup និង Champions League រួមទាំងពានផ្សេងៗទៀតសរុបចំនួន៥កាលពីរដូវកាលមុន។ រូបគេថែមទាំងអាចរកគ្រាប់បាល់ស៊ុតបញ្ចូលទី៥៥គ្រាប់ ក្នុងការបង្ហាញខ្លួន៤៧ប្រកួតរដូវកាលមុន ពោលគឺលើសគេដល់ទៅ១៦គ្រាប់ ក្នុងចំណោមលីគកំពូលនៅអឺរ៉ុបទាំង៥។
 
ដោយឡែក Neuer អ្នកចាំទីដៃស្អិតរបស់ Bayern Munich ដែលខកខានប្រជែងពានប្រចាំតំបន់អឺរ៉ុបនេះ ទទួលបានតំណែងអ្នកចាំទីល្អបំផុត ឯ De Bruyne ជាប់ជាខ្សែបម្រើល្អបំផុត Kmmich (Bayern Munich) ជាប់ជាខ្សែការពារល្អបំផុត ខណៈ Lewandowski ខ្សែប្រយុទ្ធល្អបំផុតរបស់ UEFA។

 
ឯផ្នែកនារីវិញ Pernille Harder ខ្សែប្រយុទ្ធក្រុម Wolfsburg (ទើបផ្លាស់ទៅ Chelsea កាលពីខែមុន) ជាអ្នកគ្រងពាន Uefa Women's Player of the Year។ Harder ក៏បានក្លាយជាកីឡាការិនីដំបូងផងដែររបស់ដាណឺម៉ាក ដែលអាចឈ្នះពានរបស់អឺរ៉ុប តាមរយៈការប្រជែងឈ្នះ Wendie Renard របសើ Lyon និង Lucy Bronze របស់ Lyon ដែលជាអតីតម្ចាស់ជើងឯកឆ្នាំមុន។
 
សម្រាប់តំណែងគូបង្វឹកល្អបំផុតផ្នែកបុរស (UEFA Men's Coach of the Year) លោក Hansi Flick អ្នកចាត់ការ Bayern Munich បានប្រជែងឈ្នះ Jürgen Klopp (Liverpool) និង Julian NAGELSMANN (RB Leipzig)។

 
ដោយឡែកគ្រូផ្នែកក្រុមនារី (UEFA Women's Coach of the Year) បានទៅលោក ean-Luc Vasseur អ្នកចាត់ការទូទៅ Lyon របស់បារាំង តាមរយៈការប្រជែងឈ្នះ លោក Stephan Lerch គ្រូ Wolfsburg និងលោក Lluís Cortés គ្រូ Barcelona៕
 

 

 

Tag:
 UEFA Men\'s Player of the Year
  Robert Lewandowski
© រក្សាសិទ្ធិដោយ thmeythmey.com