ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! ឧស្សាហ៍​ឈឺក្បាល​ប្រកាំង គួរ ឬ​មិនគួរ​ទទួលទាន​អ្វីខ្លះ​?
02, Jul 2022 , 7:00 am        
រូបភាព
​ការ​លេបថ្នាំ​បំបាត់​ការឈឺចាប់​នៅ​រាល់ពេល​ឈឺក្បាល គឺ​មិនមែនជា​គំនិតល្អ​សោះឡើយ​! ក្រៅពី​ជះឥទ្ធិពល​អវិជ្ជមាន​ផ្សេងៗ​ហើយ​នោះ ថ្នាំ​បំបាត់​ការឈឺចាប់​ក៏​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​គួរអោយ​ព្រួយបារម្ភ​ជាច្រើន​ផងដែរ​។ អាកា​រៈ​ឈឺក្បាល​ប្រកាំង​មិនចាំបាច់​ទាល់តែ​លេបថ្នាំ​ពេទ្យ​ទើប​បាត់​ឡើយ ក៏​ព្រោះតែ​បញ្ហា​នេះ​អាច​ត្រូវបាន​ដោះស្រាយ​យ៉ាង​ងាយ​ជាមួយនឹង​អាហារ​មួយចំនួន​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ ឬ​មិនគួរ​ទទួលទាន​ដើម្បី​បំបាត់​អាកា​រៈ​ឈឺក្បាល​ប្រកាំង ៖

 
  • ​អាហារ​និង​គួរ​ភេសជ្ជៈ​គួរ​ទទួលទាន​
១. បន្លែ​ផ្លែឈើ​
 
​បន្លែ​ផ្លែឈើ​ជួយ​រក្សា​កម្រិត​ត្រឹមត្រូវ​នៃ​អ័រម៉ូន estrogen ទប់ស្កាត់​ហានិភ័យ​នៃ​បញ្ហា​ឈឺក្បាល​ប្រកាំង​។ កំឡុងពេល​មក​រដូវ​ស្ត្រី​ច្រើនតែ​ជួបប្រទះ​អាកា​រៈ​ឈឺក្បាល​ប្រកាំង​ដោយសារ​កម្រិត​នៃ​អ័រម៉ូន estrogen ធ្លាក់ចុះ​ទាប​ពេក​។​
 
២. ខ្ញី​
 
​ខ្ញី​មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ក្នុង​ស​សៃ​ឈាម​នៃ​ក្បាល​ដែល​អាចជួយ​បំបាត់​ការឈឺ​ក្បាល​គួរឱ្យកត់សម្គាល់​។ លើសពីនេះទៅទៀត ខ្ញី​ក៏​ជួយ​សម្រួល​ការរំលាយ​អាហារ​បំបាត់​អា​ការៈចង់​ក្អួត​ដែល​ច្រើន​កើតឡើង​អម​មកជា​មួយ​បញ្ហា​ឈឺក្បាល​ប្រកាំង​ផងដែរ​។​
 
៣. ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប​
 
​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ជា​មូលហេតុ​ចម្បង​បំផុត​មួយ​ដែល​បង្ក​អាកា​រៈ​ឈឺក្បាល​។ ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប​មាន​ប្រសិទ្ធភាព​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ និង​ថែមទាំង​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​កាល់ស្យូម ព្រមទាំង​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​បន្ថយឥទ្ធិពល​ពី​ការទទួល​ទាន​អាហារ​សម្បូរ​ជាតិ​សូ​ដ្យូ​ម​គួរឱ្យកត់សម្គាល់​។​
 
៤. ត្រី​សម្បូរ​ខ្លាញ់​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង​វីតាមីន B2 ដែលមាន​ប្រសិទ្ធភាព​ព្យាបាល​ទប់ស្កាត់​អាកា​រៈ​ឈឺក្បាល​គ្រប់​ប្រភេទ រួមទាំង​បញ្ហា​ឈឺក្បាល​ប្រកាំង​ដោយ​កាត់បន្ថយ​ការ​រលាក​។​
 
៥. ទឹកក្រូច​ឆ្មារ​
 
​នោះ​ក៏​ព្រោះតែ​ភេសជ្ជៈ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែល​ជួយ​ប្រយុទ្ធប្រឆាំង​បញ្ហា​ឈឺក្បាល​ប្រកាំង​បាន​យ៉ាង​ប្រសើរ​។ ដូច្នេះ​នៅពេល​ឈឺក្បាល​ប្រកាំង ចូរ​លាយ​ទឹក​ក្រូចឆ្មារ​ស្រស់​ចំនួន​សមល្មម​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ រួច​បន្ថែម​អំបិល ២ ស្លាបព្រា​កាហ្វេ​ចូល កូរ​អោយ​សព្វ​សឹម​ទទួលទាន​។ ភេសជ្ជៈ​នេះ​នឹង​ជួយ​កាត់បន្ថយ​ការ​រលាក​ធ្វើអោយ​អ្នក​បាត់​ឈឺចាប់​ឆាប់រហ័ស​។​
 
  • ​អាហារ​និង​ភេសជ្ជៈ​គួរ​ចៀសវាង​
១. សូកូឡា​
 
​នោះ​ក៏​ព្រោះតែ​សូកូឡា​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​និង​សារធាតុ beta-phenylethylamine ដែល​បង្កបញ្ហា​ឈឺក្បាល​ប្រកាំង​។ 
 
២. អាហារ​ដែលមាន​ផ្ទុក​សារធាតុ MSG ឬ​ប៊ីចេង​
 
​ប៊ីចេង គឺជា​សារធាតុ​បន្ថែម​ដែល​ត្រូវបាន​ប្រើ​ដើម្បី​បង្កើន​រសជាតិ​អាហារ​។ ទោះបីជា​ក្រុម​អ្នក​វិទ្យា​
​សាស្ត្រ​អះអាងថា MSG មាន​លក្ខណៈ​សមស្រប​ស​ម្រា​ប់​ការទទួល​ទាន​ក៏ដោយ ក៏​វា​នៅតែ​ជា​អ្វីដែល​ផ្សារភ្ជាប់​ទៅនឹង​អាកា​រៈ​ឈឺក្បាល​ប្រកាំង​ដែរ​។ យោងតាម​អ្នកជំនាញ​ជាច្រើន​បានអោយដឹងថា 
​ប្រហែល​ពី ១០ ទៅ ១៥ ភាគរយ​នៃ​អ្នក​ដែល​ឈឺក្បាល​ប្រកាំង​នឹងមាន​ស្ថានភាព ឬ​អាកា​រៈ​កាន់តែ​ធ្ងន់ធ្ងរ​ក្រោយពី​ទទួលទាន​អ្វី​ដែលមាន​ផ្ទុក​សារធាតុ MSG ឬ​ប៊ីចេង​។ នោះ​ក៏​ព្រោះតែ​សារធាតុ​នេះ​ជះឥទ្ធិពល​អវិជ្ជមាន​លើ​ដំណើរការ​មុខងារ​នៃ​ខួរក្បាល​និង​ស​សៃ​ប្រសាទ​។  
 
៣. សាច់​កែច្នៃ​
 
​សាច់​ប្រភេទ​នេះ​ភាគច្រើន​មាន​ផ្ទុក​សារធាតុ​នីត្រាត​ដែល​អាច​បង្ក​អាកា​រៈ​ឈឺក្បាល​ប្រកាំង​តាមរយៈ​ការធ្វើអោយ​ស​សៃ​ឈាម​រីក​ធំ​។​
 
៤. អាហារ​មាន​ផ្ទុក​សារធាតុ Tyramine
 
​សារធាតុ Tyramine ភាគច្រើន​មាន​ក្នុង​អាហារ​ផ្អាប់​ដូចជា ត្រសក់​ត្រាំ និង​គីម​ឈី​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ចៀសវាង​អាហារ​ប្រភេទ​នេះ​។​
 
៥. ភេសជ្ជៈ​កាហ្វេ​អ៊ី​ន​
 
​ពិតណាស់​ការទទួល​ទាន​ភេសជ្ជៈ​កាហ្វេ​អ៊ី​ន​ដូចជា កាហ្វេ និង​តែត្រឹម​មួយ​ពែង​អាច​សម្រាល​អាកា​រៈ​ឈឺក្បាល​បាន​យ៉ាង​ប្រសើរ​។ ទោះជា​យ៉ាងណា​អ្នក​អាច​នឹង​ជួបប្រទះ​បញ្ហា​ឈឺក្បាល​ប្រកាំង​ជាមិនខាន 
​ប្រសិនបើ​ទទួលទាន​លើស​កម្រិត ឬ​ច្រើនពេក​។ 
 
៦. គ្រឿង​ស្រវឹង​
 
​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បានបង្ហាញ​អោយដឹងថា ប្រមាណ ២៥ ភាគរយ​នៃ​អ្នក​ដែល​ឈឺក្បាល​ប្រកាំង​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ជាង​មុន​នៅ​រាល់ពេល​ទទួលទាន​ស្រា​បៀរ​និង​ស្រាក្រហម​។ ទោះជា​យ៉ាងណាក៏ដោយ អ្នក​ក៏​អាច​ប្រឈមមុខ​នឹង​បញ្ហា​ឈឺក្បាល​ប្រកាំង​ផងដែរ​ក្រោយ​ទទួលទាន​គ្រឿង​ស្រវឹង​។ នោះ​ក៏​ព្រោះតែ​គ្រឿង​ស្រវឹង​បង្កបញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ដែល​នឹង​នាំអោយ​អា​ការៈឈឺ​ក្បាល​លេចឡើង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com