អន្តរជាតិ
វៀតណាម សង្ឃឹមថា កិច្ចចរចា​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង នឹង​ចាប់ផ្តើម​ឡើងវិញ​ឆាប់ៗ​
02, Oct 2020 , 10:26 am        
រូបភាព
នាវាដឹកយន្តហោះចម្បាំងចិន Liaoning ដែលអមដោយនាវាចិនផ្សេងទៀត នៅក្នុងសមុទ្រចិនខាងត្បូង នៅក្នុងខែធ្នូ ឆ្នាំ២០១៦។ រូបភាព៖ Reuters
នាវាដឹកយន្តហោះចម្បាំងចិន Liaoning ដែលអមដោយនាវាចិនផ្សេងទៀត នៅក្នុងសមុទ្រចិនខាងត្បូង នៅក្នុងខែធ្នូ ឆ្នាំ២០១៦។ រូបភាព៖ Reuters
​វៀតណាម នៅ​ថ្ងៃទី​១ ខែតុលា បាន​លើកឡើងថា ខ្លួន​សង្ឃឹម​កិច្ចចរចា​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (COC) នឹង​អាច​ចាប់ផ្តើម​ឡើងវិញ ក្នុងពេល​ឆាប់ៗ​ខាងមុខ តាម​ការស្នើសុំ​របស់រ​ដ្ឋ​មន្ត្រី​ការបរទេស​ហ្វីលីពីន នៅ​ខែកញ្ញា​កន្លងទៅ​។

 
​កិច្ចចរចា​ក្រម​ប្រតិបត្តិ​លើ​សមុទ្រ​ចិន​ខាងត្បូង​នៅក្នុង​ឆ្នាំ​២០២០ នេះ ត្រូវបាន​ផ្អាក ដោយសារតែ​ការ​រាតត្បាត​នៃ​COVID-19​។ ការជជែក​តាម​ប្រព័ន្ធ​វីដេអូ​មិនអាច​ធ្វើ​បានឡើយ ព្រោះ​មន្ត្រី​ជំនាញ​ត្រូវ​ជជែក​ពី​បញ្ហា​បច្ចេកទេស​ជាច្រើន​។ បន្ទាប់ពី​កិច្ចប្រជុំ​ត្រូវ​ផ្អាក រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន លោក Teodoro Locsin Jr នៅក្នុង​វេទិកា​តំបន់​អាស៊ាន (ARF) នៅ​ខែកញ្ញា​កន្លងទៅ បានស្នើ​ឲ្យ​កិច្ចចរចា​លើ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ចាប់ផ្តើម​ឡើងវិញ​។ 
 
​ចំណែក​វៀតណាម ដែលជា​ភាគី​មួយ​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ក៏​ចង់​ឲ្យ​កិច្ចចរចា​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ចាប់ផ្តើម តាម​ការស្នើសុំ​របស់រ​ដ្ឋ​មន្ត្រី​ការបរទេស​ហ្វីលីពីន​ដែរ​។ តាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម លោកស្រី Le Thi Thu Hang ការចាប់ផ្តើម​កិច្ចចរចា​លើ​ក្រម​ប្រតិបត្តិ​ឡើងវិញ បន្ទាប់ពី​បង្អាក់​ដោយសារ​COVID-19 ជា​រឿង​អាទិភាព​សម្រាប់​បណ្តា​ប្រទេស​អាស៊ាន និង​ចិន​។​
 
​ក្នុងន័យនេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម ស​ង្សឹ​ម​ថា​កិច្ចចរចា​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង នឹង​ដំណើរការ​ឡើងវិញ ក្នុងពេល​ឆាប់ៗ​ខាងមុខ ដើម្បី​ឲ្យ​ក្លាយជា​លិខិតបទដ្ឋាន​ច្បាប់​មួយ​ដ៏​មាន​ប្រសិទ្ធភាព ដោយ​ផ្អែក​ទៅតាម​ច្បាប់​អន្តរជាតិ និង​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២​។ 
 
​កិច្ចប្រជុំ​ចុងក្រោយ​ទាក់ទិន​នឹង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ធ្វើឡើង​នៅក្នុង​ខែតុលា ឆ្នាំ​២០១៩ នៅ​ទីក្រុង Dalat ប្រទេស​វៀតណាម ដោយ​ភាគី​ទាំងអស់​ឯកភាពគ្នា​ត្រៀមខ្លួន ក្នុង​ការអាន​លើក​ទី​ពីរ ក្នុងដំណាក់កាល​នៃ​ការចរចា​។ កិច្ចចរចា​នេះ បានគ្រោង​ធ្វើឡើង​នៅក្នុង​ខែកក្កដា ឆ្នាំ​២០២០ កន្លងទៅ ប៉ុន្តែ​ដោយសារ COVID-19 ទើប​កិច្ចប្រជុំ​ត្រូវ​លើក​ពេល​។​
 
​ការជំរុញ​របស់​ទីក្រុង​ហាណូយ ធ្វើឡើង​ក្រោយ​ចិន​បង្កើន​សកម្មភាព​យោធា​របស់ខ្លួន​កាន់តែខ្លាំង​ក្នុង​តំបន់​សមុទ្រ​ដ៏​មមាញឹក​មួយ​នេះ​។ នៅ​ដើម​សប្តាហ៍​នេះ ចិន​បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​ចំនួន ៥​កន្លែង​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ក្នុងនោះ​សមយុទ្ធ​យោធា​ចំនួន​ពីរ គឺធ្វើឡើង​នៅក្បែរ​ប្រជុំ​កោះ​Paracel ។​
 
​លោកស្រី Hang ព្រមាន​ថា សកម្មភាព​របស់​ចិន អាច​ប៉ះពាល់​ដល់​ការចរចា​បង្កើត​ក្រម​ប្រតិបត្តិ ដែល​កំពុង​ពន្យារពេល​ស្រាប់​ផង​នោះ​៕ 

Tag:
 វៀតណាម​
 ​ចិន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com